ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស LG ប្រកាសឈប់ផលិត និងចែកចាយលក់ស្មាតហ្វូន

០៥ មេសា ២០២១ | សេដ្ឋកិច្ច


 

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស LG របស់កូរ៉េខាងត្បូង បានប្រកាសអំពី ការបញ្ឈប់ផលិតកម្ម និងការចែកចាយលក់ស្មាតហ្វូនរបស់ខ្លួន បន្ទាប់ពីខាតបង់ប្រាក់ជាង ៤ពាន់ ៥រយលានដុល្លារអាមេរិក ក្នុងរយៈពេលជិត ៦ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 


កាលពីដើមឆ្នាំ ២០២១កន្លងមកនេះ ក្រុមហ៊ុនបច្ចេកវិទ្យា LG បានបង្ហាញនូវក្តីព្រួយបារម្ភ និងធ្វើយ៉ាងណា ជួយស្រោចស្រង់អាជីវកម្មរបស់ខ្លួនឡើងវិញ បន្ទាប់ពីខាតបង់អស់ជាច្រើនពាន់លានដុល្លារ តែយ៉ាងណា ចូលមកដើមខែមេសានេះ ក្រុមហ៊ុនប្រកាសបញ្ឈប់ផលិតកម្មស្មាតហ្វូនទៅវិញ។


បើតាមប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានប្រាប់ដល់សារព័ត៌មាន Reuters អោយបានដឹងថា ការចរចាលក់ផ្នែកនៃអាជីវកម្ម ទៅអោយក្រុមហ៊ុន Vingroup របស់ប្រទេសវៀតណាម គឺបរាជ័យដោយសារតែលក្ខខណ្ឌមិនស៊ីចង្វាក់គ្នា។


កាលពីឆ្នាំ ២០១៣កន្លងទៅ ក្រុមហ៊ុនបច្ចេកវិទ្យា LG បានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេលំដាប់ទី ៣ តាមពីក្រោយក្រុមហ៊ុន Samsung និង Apple ហើយភាពល្បីល្បាញនេះ គឺដោយសារតែគំនិតច្នៃប្រឌិតខ្ពស់ជាមួយនឹងកាមេរ៉ាទំនើប។


តែក្រោយមក ម៉ូដែលពេញនិយមបំផុតរបស់ក្រុមហ៊ុន មានបញ្ហាទាំងផ្នែក Software និង Hardware ដែលធ្វើឲ្យប៉ះពាល់ដល់ យីហោរបស់ខ្លួន និងបន្តធ្លាក់ចុះឥតឈប់ឈរ ជាពិសេសគឺក្រុមហ៊ុនខ្វះខាតអ្នកជំនាញខាងផ្នែកផ្សព្វផ្សាយទីផ្សារ បើធៀបនឹងដៃគូប្រកួតប្រជែង។
សូមជម្រាបដែរថា កាលពីឆ្នាំ ២០២០កន្លងទៅ ក្រុមហ៊ុន LG បានធ្វើការនាំចេញស្មាតហ្វូនជាង ២៣លានគ្រឿង ដែលស្មើនឹង ២% នៃចំណែកទីផ្សារសកលលោក ខណៈក្រុមហ៊ុន SAMSUNG នាំចេញដល់ទៅ ២៥៦លានគ្រឿង៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024