ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

អាជ្ញាធរគយ និងភស្តុភារចិន កំពុងស្វះស្វែងជួយដោះស្រាយកង្វះខាតកុងតឺន័រ

០៥ មីនា ២០២១ | សេដ្ឋកិច្ច

 

អាជ្ញាធរគយ និងភស្តុភារ នៅទូទាំងប្រទេសចិន កំពុងតែស្វះស្វែងជួយដល់ក្រុមហ៊ុនឯកជន ក្នុងការដោះស្រាយបញ្ហាកង្វះខាតកុងតឺន័រ ដែលធ្វើឲ្យជាប់គាំងដល់ វិស័យដឹកជញ្ជូនរបស់ចិន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CCTV នៅថ្ងៃនេះ។

 


ក្រុមហ៊ុនជាច្រើននៅក្នុងខេត្តក្វាងទុង ប្រទេសចិន បាននឹងកំពុងជួបប្រទះបញ្ហាកង្វះខាតកុងតឺន័រសម្រាប់ការដឹកជញ្ជូនទំនិញ និងពិបាកក្នុងការកក់ឃ្លាំង សម្រាប់ទុកដាក់ទំនិញ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ខ្សែចង្វាក់អាជីវកម្មរបស់ពួកគេ។


លោក ឡុង ហួយ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Hisense បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ធនធានកុងតឺន័រក្នុងស្រុក គឺខ្សត់ណាស់ ហើយវាពិតជាពិបាកណាស់ សម្រាប់ពួកគេ ក្នុងការកក់ឃ្លាំងទុកដាក់ទំនិញ ដែលប៉ះពាល់ដល់ប្រសិទ្ធភាពការងាររបស់ពួកគេ។


ទោះយ៉ាងណាក៏ដោយ អាជ្ញាធរគយក្នុងស្រុកចិន បានលើកឡើងថា ពួកគេបាននិងកំពុងជួយសម្រួលដល់នីតិវិធី និងពន្លឿនដំណើរការត្រួតពិនិត្យឯកសារសម្រាប់ទូកុងតឺន័រទទេ ដើម្បីជួយសន្សំសំចៃថវិកា និងពេលវេលាដល់ ក្រុមហ៊ុននាំចេញ-នាំចូល។


ការសម្របសម្រួលនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងអាចចំណេញពេលវេលា ២ថ្ងៃ សម្រាប់ការបញ្ចប់ឯកសារកុងតឺន័រនីមួយៗ និងកាត់បន្ថយប្រាក់ចំណាយប្រមាណ ៣១ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ។


សូមរម្លឹកបន្តិចថា វិស័យដឹកជញ្ជូនរបស់ប្រទេសចិន សម្រេចបាននូវ ទឹកប្រាក់សរុបប្រមាណ ៤៦ទ្រីលានដុល្លារអាមេរិក កាលពីឆ្នាំ ២០២០កន្លងទៅ ដែលមានកំណើន ៣,៥% ធៀបនឹងឆ្នាំ ២០១៩៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024