ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

តំណាងកម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ ប្រតិកម្មនឹងគណៈប្រតិភូសភាពអឺរ៉ុប និងបារាំង

០៤ មីនា ២០២១ | ព័ត៌មានជាតិ

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ បានចេញប្រតិកម្ម ឆ្លើយតបគណៈប្រតិភូសហភាពអឺរ៉ុប និងបារាំង អំពីប្រធានបទពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនស្ស និងលំហរនយោបាយនៅកម្ពុជា។ តំណាងកម្ពុជា បានទាញយកទឡ្ហីករណ៍ជាក់ស្ដែងមួយចំនួនបញ្ជាក់ទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាតិ។ 

 


ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជាប្រចាំនៅអង្គការសហប្រជាតិ និងអង្គការអន្តរជាតិនានានៅហ្សឺណែវ ឯកឧត្តមឯកអគ្គរាជទូត អាន សុខឿន បានប្រើប្រើប្រាស់ពេលវេលា៣នាទី ដើម្បីការពារភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបនឹងគណៈប្រតិភូសហភាពអឺរ៉ុប និងបារាំង។ បទអន្តរាគមន៍ចេញផ្សាយដោយក្រសួងការបរទេស មិនបានបញ្ជាក់ពីកម្មវត្ថុធ្វើឱ្យកម្ពុជាមានការខកចិត្តចំពោះគណៈប្រតិភូសហភាពអឺរ៉ុប និងបារាំងនោះឡើយ ប៉ុន្តែបានគូសបញ្ជាក់ថាភាគីទាំងពីរ មិនបានពិគ្រោះពេញលេញជាមួយឯកសារស្ថានភាពសិទ្ធិមនុស្សដែលកម្ពុជាបានផ្ដល់ជូន។

 


មែនទែនទៅ នេះមិនមែនជារឿងថ្មីថ្មោងទេ ដែលកម្ពុជាប្រើសិទ្ធិប្រតិកម្មតបទៅនឹងការចោទប្រកាន់ពីមជ្ឈដ្ឋានអន្តរជាតិខ្លះនៅក្នុងវេទការអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធមនុស្ស និងលំហរនយោបានៅកម្ពុជា។ ពាក់ពប័ន្ធនឹងលំហរនយោបាយ តំណាងកម្ពុជាបានបដិសេធចំពោះការលើកឡើងថាកម្ពុជាមានការរិតត្បិតលំហរនយោបាយ ដោយបានគូសបញ្ជាក់ថា អតីតអ្នកនយោបាយបក្សប្រឆាំង១៤រូបហើយបានទទួលការផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញ ដោយខ្លះបានចូលរួមជីវភាពក្នុងគណបក្សមានវត្តមានស្រាប់ ខ្លះបានទៅបង្កើតគណបក្សថ្មីដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត។

 


ភ្ជាបនឹងការបកស្រាយអំពី ប្រសិទ្ធិភាពនៃការគ្រប់គ្រងជំងឺកូវីដ១៩, ដំណើរការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់, ដំណើរការវនាការលោក កឹម សុខា, ការជំនុំជម្រះដែលមានជនជាប់ចោទច្រើនជាប់ពាក់ព័ន្ធនឹងផែនការផ្ដួលរំលំរាជរដ្ឋាភិបាលរៀបចំដោយលោក សម រង្ស៊ី និងភាពខុសគ្នាររវាងការអនុវត្តច្បាប់ និងការប្រើប្រាស់សិទ្ធិសេរីភាពជាដើមនោះ តំណាងអចិន្ត្រៃយ៍កម្ពុជាបានបញ្ចប់បទអន្តរាគមន៍ដោយសង្កត់ធ្ងន់ថា គេមិនត្រូវប្រើប្រាស់បញ្ហាសិទ្ធិនុស្សជាអាវុធនយោបាយវាយប្រហារប្រទេសផ្សេងជាមួយនឹងស្តង់ដាពីរឡើយ។

 


ពាក់ព័ន្ធនឹងស្ថានភាពនយោបាយនៅកម្ពុជា ចុងក្រោយនេះមានអតីតមន្រ្តីជាន់ខ្ពស់អតីតគណបក្សប្រឆាំងជាបន្តបន្ទាប់ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ បានចូលរួមជាមួយគណបក្សផ្សេងៗ និងខ្លះបានទៅបង្កើតគណបក្សថ្មីៗដើម្បីបន្តអាជីពនយោបាយ  ដូចជាលោក រៀល ខេមរិន្ទ បានទៅបង្កើតគណបក្សខ្មែរអភិរក្សនិយម, លោកកង កឹម ហាក់ បានទៅបង្កើតគណបក្សខ្មែរស្រលាញ់ជាតិ និងចុងក្រោយនេះ លោក អ៊ូ ច័ន្ទរ័ត្ន បានស្នើសុំក្រសួងមហាផ្ទៃបង្កើតគណបក្សកែទម្រង់កម្ពុជា៕

 

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024