ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

កម្ពុជាផ្តល់អំណោយជាថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រដល់វៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ

២០ កក្កដា ២០២១ | ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី១៩ ខែកក្ក ដាឆ្នាំ២០២១នេះ អំណោយជាសម្ភារ:បរិក្ខារពេទ្យប្រើប្រាស់ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ អំណោយទាំងនោះ រួមមាន៖ ថវិកា ៣៥ម៉ឺនដុល្លារ ម៉ាស ១លាន ១សែនម៉ាស និងម៉ាស៊ីនផលិតអុកស៊ីហ្សែន ១០០គ្រឿង។

 


ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាម ដែលកំពុងរងការវាយលុកខ្លាំង នាពេលបច្ចុប្បន្ននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនប្រទេសវៀតណាម។ 


ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា។

 


ចំណែកលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក៏បានជួយឧបត្ថម្ភថវិកា ចំនួន ៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជាផងដែរ។


ដូចនេះ អំណោយ ដែលផ្តល់ជូនប្រទេសវៀតណាម ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងកូវីដ១៩ មានថវិកាសរុប ៣៥ម៉ឺនដុល្លារ, ម៉ាសធម្មតា ១លាន និងម៉ាស N95 ១០ម៉ឺន ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង។ អំណោយទាំងនេះ ត្រូវបានលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នាំយកតាមយន្តហោះពិសេស ទៅប្រគល់ជូនវៀតណាម នៅទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី១៩ ខែកក្កដានេះ៕


អត្ថបទ និងរូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024