ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

សម្ដេចតេជោ សន្ទនាជាមួយនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសឡាវ ហើយសន្យាធ្វើទស្សនកិច្ចទៅវិញទៅមក

១៣ មេសា ២០២១ | ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី១២មេសានឹះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី ថ្មីនៃប្រទេសឡាវ។ បើតាមក្រសួងការបរទេស ជំនួបនោះបានផ្ដោតលើកិច្ចសហប្រតិបត្តិការទ្វេរភាគី ក្នុងនោះនាយករដ្ឋមន្ត្រីទាំងពីរក៏បានសន្យាធ្វើទស្សនកិច្ចទៅវិញទៅមកផងដែរ។ 

 


បើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ក្នុងកិច្ចសន្ទនានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី  បានអបអរសាទរ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ សម្រាប់ការចូលកាន់តំណែងនាយករដ្ឋមន្រ្តី ជាមួយភាពជឿជាក់ថាឡាវនឹងសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកាន់តែល្អប្រសើរ និងវិបុលភាពក្រោមការដឹកនាំរបស់ឯកឧត្តម។ 

 


នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពជំរុញការបន្តពង្រឹងទំនាក់ទំនងជិតស្និទ្ធនៃវិស័យនយោបាយ-សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌ និងបានបង្ហាញការរីករាយចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីពី១០លានដុល្លារនៅឆ្នាំ២០១៩ ដល់១០៤លានដុល្លា នៅក្នុងឆ្នាំ២០២០ និងបានឯកភាពពន្លឿនការចរចារលើ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា។ 

 


នាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណកម្ពុជាដែលបានផ្ដល់ជំនួយម៉ាស២លាន និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រមួយចំនួនដល់ប្រទេសឡាវ។ សម្ដេចសម្តេចតេជោក៏បានថ្លែងអំណរគុណរដ្ឋាភិបាលឡាវសម្រាប់ការគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣ នៅចុងឆ្នាំ២០២១ និងជាប្រធានអាស៊ាន នៅឆ្នាំ២០២២។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្រ្តី ផនខំា វីផាវ៉ាន់ បានជូនពរគ្នាក្នុងឱកាសឆ្នាំថ្មី និងបានអញ្ជើញគ្នាបំពេញទស្សនកិច្ចទៅវិញទៅមកតាមពេលវេលាសមស្របផងដែរ៕


អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024