ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ជប៉ុន ផ្ដល់ជំនួយជាង ៣លាន ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា

២៦ កក្កដា ២០២១ | ព័ត៌មានជាតិ

រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាជាង ៣លានដុល្លារអាមេរិកបន្ថែមទៀត ដល់កម្ពុជា សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ 

 


ប៉ុន្មានម៉ោងមុនបញ្ជូនវ៉ាក់សាំងជំនួយ១លានដូសមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រទេសជប៉ុនត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកាសថា ផ្ដល់ជំនួយទឹកប្រាក់ជាង៣លាន៣សែនដុល្លារដើម្បីជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។ 


បើតាមក្រសួងកាបរទេស និងសហប្រតិបត្តការអន្តរជាតិពិធីចុះហត្ថលេខា លើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងជាង៣លានដុល្លារអាមេរិកនេះនឹងប្រព្រឹត្តទៅថ្ងៃទី២៦ ខែកក្កដា ដើមសប្តាហ៍ក្រោយ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

 


ក្រសួងការបរទេសកម្ពុជា គូសបញ្ជាក់ថា ជំនួយឥតសំណងនេះ នឹងរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងប្រទេសកម្ពុជា និងជួយពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងចំណងមិត្តភាព រវាងកម្ពុជា និងជប៉ុន។ 


សូមបញ្ជាក់ថាការប្រកាសអំពីការផ្ដល់ជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុននាពេលនេះ បានធ្វើឡើងជួនចំថ្ងៃតែមួយដែលរដ្ឋាភិបាលជប៉ុនដឹកជំនួយវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ប្រភេទអស្ត្រាសេនីកាចំនួន១លានដូសមកដល់ប្រទេសកម្ពុជា។  


អត្ថបទ៖ រ៉េន រតនៈ  រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024