ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

អគ្គលេខាធិការអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង ចង់បំពេញទស្សនកិច្ច នៅកម្ពុជា នៅខែក្រោយ

១៩ មីនា ២០២១ | ព័ត៌មានជាតិ

អគ្គលេខាធិការអន្តរជាតិហ្វ្រង់កូហ្វូនី ឬអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយជាភាសាបារាំង គ្រោងដឹកនាំគណៈប្រតិភូមួយក្រុមបំពេញទស្សនកិច្ចប្រទេសកម្ពុជា នៅមុនដំណាច់ខែមេសា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។ ឥស្សរជននិយាយភាសាបារាំង មកពីសហភាពអឺរ៉ុប ក៏នឹងត្រូវអមដំណើរទស្សនកិច្ចនោះដែរ។

 


ដំណឹងនៃគម្រោងបំពេញទស្សនកិច្ចប្រទេសកម្ពុជារបស់លោកជំទាវ ល្វីស មូហ្សីគីវ៉ាបូ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វីនី ហៅកាត់ថា OIF រួមទាំងប្រតិភូជាឥស្សរជននិយាយភាសាបារាំងមកពីសហភាពអឺរ៉ុបនៅក្នុងអំឡុងខែមេសាខាងមុខនេះ ត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រកាសឱ្យដឹងនៅថ្ងៃទី១៨ ខែមីនានេះ ពោលគឺ២ថ្ងៃបន្ទាប់ពីលោកជំទាវបានជួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី១៦មីនា។

 


ទាំងប្រធានបទនៃជំនួបពិភាក្សាគ្នានោះ រួមទាំងវត្ថុបំណងនៃគម្រោងបំពេញទស្សនកិច្ចនៅកម្ពុជារបស់លោកជំទាវអគ្គលេខាធិការ ត្រូវបានក្រសួងការបរទេសកម្ពុជាគូសបញ្ជាក់ថាពាក់ព័ន្ធនឹងការទទួលបានវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ប្រកបដោយសមធម៌ និងជាសាកល។ ពាក់ព័ន្ធនឹងដំណើរការចាក់វ៉ាក់សាំងនេះ សម្រាប់ដំណើរទស្សនកិច្ចខាងមុខ លោកជំទាវ ល្វីស នឹងមានគោលបំណងតស៊ូមតិ ដើម្បីទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌ និងជាសាកល សម្រាប់យន្តការកូវ៉ាក់ដែលដឹកនាំដោយអង្គការសហប្រជាតិ។

 


ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានផ្ដល់ការគាំទ្រពេញទំហឹងចំពោះសំណើរបំពេញទស្សនកិច្ចនេះ និងបានសង្កត់ធ្ងន់ថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីត្រូវតែបង្ហាញវត្តមានរបស់ខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលកម្ពុជាលើកតម្កើងយ៉ាងសកម្មនូវការប្រើប្រាស់ភាសាបារាំង និងគុនតម្លៃហ្វ្រង់កូហ្វូនី ហើយថាយុទ្ធនាការចាក់វ៉ាក់សាំងពហុភាគីនេះ នឹងទទួលបានការចាប់អារម្មណ៍នៅក្នុងកិច្ចប្រជុំកំពូល អាស៊ី អឺរ៉ុបលើកទី១៣ ដែលរៀបចំឡើងដោយកម្ពុជានៅចុងឆ្នាំ២០២១ ក្រោមមូលបទការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា។

 


បើតាមក្រសួងការបរទេស នៅក្នុងកិច្ចពិភាក្សានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ដែរថាមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ស្លាប់តែម្នាក់គត់ និងថាវ៉ាក់សាំងដំបូងបង្អោះដែលទទួលបានក្នុងក្របខណ្ឌនៃយន្តការកូវ៉ាក់ និងអំណោយពីរដ្ឋាភិបាលចិន បានអនុញ្ញាតឱ្យកម្ពុជាចាប់ផ្ដើមចាក់វ៉ាក់សាំងដំបូលដល់ប្រជាជន ខណៈវ៉ាក់សាំងជាច្រើនទៀតនឹងទទួលបានក្នុងពេល២ទៅ៣សប្ដាហ៍ទៀត។ លោកស្រីអគ្គលេខាធិការវិញក៏បានសម្ដែងការកោតសរសើរប្រទេសកម្ពុជាចំពោះការគ្រប់គ្រងជំងឺរាត្បាតនេះប្រកបដោយប្រសិទ្ធភាព។

 


សូមបញ្ជាក់ថាប្រទេសកម្ពុជាបានទទួលឥទ្ធិពលប្រើប្រាស់ភាសាបារាំចាប់តាំងសម័យអាណានិគមបារាំងរហតមក។ ការប្រែប្រួលនៃសាកលភាវូបនីយកម្ម បានបង្វែប្រទេសកម្ពុជាងាកមកប្រើប្រាស់ភាសារអង់គ្លេសជាទូទៅ ហើយភាសាបារាំងនៅប្រើប្រាស់ជាភាសាបច្ចេកទេសសុខាភិបាល និងជាភាសារបែបរដ្ឋបាលប្រពៃណីដែលបន្សល់ទុកពីជំនាន់មុន។ យ៉ាងណាក៏ដោយ កម្ពុជានៅតែប្រទេសសមាជិកក្រុមប្រទេសនិយាយភាសាបារាំង និងស្ថិតក្នុងចំណោមប្រទេសលិចធ្លោដែលបានជួយអភិរក្សភាសាបារាំងនោក្រៅប្រទេសបារាំង ពិសេសសម្ដេចព្រះរាជស្នាដៃលើកតម្កើងភាសាបារាំងរបស់សម្ដេចព្រះបរមរតនកោដ្ឋ៕


អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ក្រសួងការបរទេស
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024