ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

កម្ពុជា នឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកាខាងមុខ

២៩ ឧសភា ២០២១ | ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជាផ្លូវការហើយ ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅទីក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខនេះ។ តាមរយៈលិខិតរបស់ក្រសួងការបរទេស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកំណត់យកថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣។ 

 


គិតមកត្រឹមថ្ងៃទី២៧ ខែឧសភានេះ គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ក៏ដូចជា លេខាធិការដ្ឋាន នៃគណៈកម្មការជាតិនេះ បានឯកភាពគ្នា ជាមួយថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុប ទាំង ៥៣ប្រទេសរួចរាល់ហើយ។ ក្នុងនោះ លិខិតអញ្ជើញ ដែលបានចុះហត្ថលេខាដោយសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស គឺបានបញ្ជូនទៅគ្រប់ភាគី ដែលនឹងចូលរួមរួចរាល់អស់ហើយ។ មានថ្នាក់ដឹកនាំមួយចំនួន បានឆ្លើយតប និងបញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូលនេះ រួចហើយដែរ។

 


សូមបញ្ជាក់ថា កម្ពុជាបានក្លាយជាសមាជិក នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប កាលពីអំឡុង            ឆ្នាំ២០០៤ និងត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ ដែលគ្រោងនឹងប្រព្រឹត្តិទៅ នៅថ្ងៃ២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមប្រធានបទ ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី ចំនួន ៥១ប្រទេស និងលេខាធិការដ្ឋាន            អាស៊ាន និងសហភាពអឺរ៉ុប ផងដែរ៕


អត្ថបទ៖ ហ៊ុន ឌីណូ         រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024