ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ប្រធានាធិបតីអាមេរិក ផ្តល់ជំនួយ ៣៧ពាន់លានដុល្លារដល់ ក្រុមហ៊ុនផលិតបន្ទះឈីប

២៦ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសអំពីកញ្ចប់ជំនួយ ៣៧ពាន់លានដុល្លារអាមេរិក សម្រាប់ជួយជម្រុញដល់ វិស័យឧស្សាហកម្មផលិតបន្ទះឈីប ក្នុងសហរដ្ឋអាមេរិក ដែលកំពុងតែមានកង្វះខាតបន្ទះឈីប ធ្វើឲ្យរាំងស្ទះដល់ ផលិតកម្មរបស់ក្រុមហ៊ុនធំៗដទៃទៀត។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃនេះ។

 


លោក ចូ បៃដិន ក៏បានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាកង្វះខាតបន្ទះឈីបទូទាំងសកលលោក ដែលបានជូនដំណឹងមកដល់ សេតវិមានអាមេរិក និងសមាជិកសភា។


ប្រធានាធិបតីអាមេរិករូបនេះ បានមានប្រសាសន៍ថា លោក បញ្ជាឲ្យ មន្រ្តីជាន់ខ្ពស់របស់លោក ធ្វើការជាមួយនឹង អ្នកដឹកនាំក្នុងវិស័យឧស្សាហកម្មផលិតបន្ទះឈីបនេះ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ ហើយសភាអាមេរិក បានអនុម័តលើកញ្ចប់ជំនួយហើយប្រមាណ ៣៧ពាន់លានដុល្លារអាមេរិក។


សូមរម្លឹកបន្តិចថា នៅក្នុងសប្តាហ៍ទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ក្រុមហ៊ុនអាមេរិកផលិតបន្ទះឈីប មួយក្រុម បានផ្ញើលិខិតទៅកាន់ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទទូចឲ្យ រដ្ឋាភិបាលអាមេរិក ផ្តល់នូវ មូលនិធិ សម្រាប់ការលើកទឹកចិត្តដល់ វិស័យផលិតបន្ទះឈីប ដែលជាផ្នែកមួយនៃគម្រោងស្រោចស្រង់សេដ្ឋកិច្ចអាមេរិកឡើងវិញ។


តាមពិតទៅ សភាអាមេរិក កាលពីឆ្នាំ ២០២០ បានសម្រេចអនុម័តរួចហើយ ចំពោះកញ្ចប់ជំនួយ សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីប និងការស្រាវជ្រាវបន្ថែម តែយ៉ាងណា សមាជិកសភា ទើបតែសម្រេចទៅលើ ទំហំនៃកញ្ចប់ថវិកានេះ។


សូមបញ្ជាក់ថា ដោយសារតែវិបត្តិមេរោគកូវីដ១៩ ក្រុមហ៊ុនផលិតបន្ទះឈីប ទូទាំងសកលលោក បានកាត់បន្ថយផលិតកម្មរបស់ខ្លួន ហើយខ្លះទៀត ត្រូវបិទទ្វារអាជីវកម្មតែម្តង ដែលជាមូលហេតុសំខាន់បណ្តាលឲ្យមានកង្វះខាតនេះ ហើយលើសពីនេះ ការអភិវឌ្ឍន៍នូវ បច្ចេកវិទ្យា 5G ក៏បានជម្រុញឲ្យមានតម្រូវការបន្ទះឈីប កើនឡើងជាបន្តបន្ទាប់ទៀត ដែលធ្វើឲ្យ សមត្ថភាពផលិតកម្មបន្ទះឈីប ពុំអាចឆ្លើយតបទៅនឹងត្រូវការទីផ្សារបានភ្លាមៗនោះឡើយ៕

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024