ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ចិន ស្នើដល់ប្រធានាធិបតីអាមេរិក បើកកិច្ចសន្ទនារវាងគ្នាឡើងវិញ ដើម្បីផ្សះផ្សារទំនាក់ទំនង

២៣ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

រដ្ឋមន្រ្តីការបរទេសចិន បានស្នើដល់ រដ្ឋបាលលោកចូ បៃដិន ប្រធានាធិបតីអាមេរិក ឲ្យបើកកិច្ចសន្ទនារវាង ប្រទេសទាំងពីរឡើងវិញ ដើម្បីស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ ដែលត្រូវបានបំផ្លាញអំឡុងពេលកាន់អំណាចរបស់ លោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuter នៅថ្ងៃនេះ។


អ្នកការទូតជាន់ខ្ពស់ប្រទេសចិន គឺលោក វ៉ាង យី បានគូសបញ្ជាក់ថា រដ្ឋបាលលោកដូណាល់ ត្រាំ ដែលបានកាប់អំណាចកាលពីអាណត្តិមុន គឺបានប្រើប្រាស់សកម្មភាពទប់ស្កាត់ និងទប់ទល់នឹង ឥទ្ធិពលរបស់ចិនដែលមិនអាចវាស់វែងបាន តែយ៉ាងណា ភាគីចិន ស្នើឲ្យ អាមេរិក ដកចេញនូវ ពន្ធលើទំនិញរបស់ចិន និងបញ្ឈប់សកម្មភាពគាបសង្កត់ទៅដល់ វិស័យបច្ចេកវិទ្យារបស់ចិន។


លោក វ៉ាង យី ដែលជារដ្ឋមន្រ្តីការបរទេសចិនផងដែរនោះ បានបន្ថែមថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិក បានកាត់ផ្តាច់ទំនាក់ទំនងគ្រប់លំដាប់ថ្នាក់ ជាមួយនឹងប្រទេសចិន។


ទោះយ៉ាងណាក៏ដោយ នៅពេលនេះ ចិន ប្រកាសហើយថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកការសន្ទនាជាសាធារណៈជាមួយនឹងអាមេរិក ដើម្បីដោះស្រាយបញ្ហាទាំងអស់។


លើសពីនេះ ប្រទេសចិន ក៏បង្ហាញឆន្ទៈក្នុងការបំពេញការងារជាមួយអាមេរិក ទៅលើ ការគ្រប់គ្រងបញ្ហាមេរោគឆ្លងកូវីដ១៩ បញ្ហាបម្រែបម្រួលអាកាសធាតុ និងការធ្វើឲ្យប្រសើរឡើងនូវ សេដ្ឋកិច្ចសកល។


តាំងពីមានវិបត្តិមេរោគកូវីដ១៩មក ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន ហាក់បីដូចជាស្ងប់ស្ងាត់បន្តិច ដោយក្នុងនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ពុំអាចសម្រេចទៅតាមគោលដៅ ២០០ពាន់លានដុល្លារអាមេរិក ដែល ចិន ត្រូវបញ្ជាទិញពីអាមេរិកនោះទេ ហើយគោលដៅនៅក្នុងឆ្នាំ ២០២១នេះ ក៏មិនរំពឹងថាអាចសម្រេចបាននោះដែរ។

 


គួរជម្រាបដែរថា តាមការវិភាគ នៅតែមិនទាន់មានភាពច្បាស់លាស់អំពី កិច្ចចរចាជាថ្មី រវាងអាមេរិក និងចិន ក្នុងពេលឆាប់ៗខាងមុខ ហើយគេនៅតែរង់ចាំមើលថាតើ លោក ចូ បៃដិន នឹងចាប់យកគោលនយោបាយបែបណា ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មមួយនេះ៕

 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024