ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

PNN ក្រុងពាលីរឿងភាគខ្មែរខ្នាតធំជាមួយបច្ចេកទេសថតមិនធ្លាប់មានពីមុនមក ប្រចាំឆ្នាំ ២០២១

១៩ កុម្ភៈ ២០២១ | កម្សាន្ដ

កាន់តែប្លែក និងថ្មីមិនធ្លាប់មានពីមុនមកដោយស្ថានីយទូរទស្សន៍ PNN បានរៀបចំក្រុងពាលីខ្សែភាពយន្តខ្នាតធំប្រចាំ2021គឺរឿង”មរណមាតា” ជាមួយវត្តមានសិល្បករល្បីៗ អមដោយរសជាតិថ្មីសន្លាង។

 

កាលពីព្រឹកថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២១ ភីអិនអិន ស្ថានីយទូរទស្សន៍ឈានមុខគេនៅកម្ពុជា ខាងផ្នែកកម្មវិធីភាពយន្តកម្សាន្ត បានរៀបចំពិធីក្រុងពាលីរឿងភាគខ្មែរខ្នាតធំមួយ ប្រចាំឆ្នាំ ២០២១គឺរឿង”មរណមាតា”។

 

នេះគឺជាការបើកទំព័រថ្មីមួយទៀត សម្រាប់ការផលិតខ្សែភាពយន្តភាគល្បីៗក្នុងស្រុករបស់ខ្លួន។ រឿងភាគខ្មែរខ្នាតធំ «មរណមាតា »ត្រូវបានផលិតឡើងដោយបានសហការគ្នា រវាងស្ថានីយទូរទស្សន៍ភីអិនអិន និងផលិតកម្ម ភូមិពេជ្រ ប្រូដាក់សិន( Phum Pich Production ) ដែលប្រមូលផ្តុំទៅដោយតួអង្គសម្តែងជាច្រើន និងរៀបចំឈុតឆាកនៃសាច់រឿងពីមួយវគ្គទៅមួយវគ្គ យ៉ា់ងយកចិត្តទុកដាក់់ជាទីបំផុត រួមផ្សំនឹងបច្ចេកទេសថតបែបសម័យទំនើបនាពេលបច្ចុប្បន្នផងដែរ។ 

 

ជាមួយគ្នា នឹងពិធីក្រុងពាលីរឿងភាគខ្មែរដ៏កក្រើកនេះត្រូវបានរៀបចំឡើងជាពិសេស ក្នុងនោះក៏មានវត្តមានសត្វដំរីដ៏ធំចូលរួមសម្តែងនៅក្នុងវគ្គមួយនៃសាច់រ់ឿង គឺនៅពេលដែលព្រះរាជាទ្រង់បានឲ្យសេនា ទៅនាំយកនាងមរណមាតាចូលព្រះនគរ ដោយមានសត្វដំរីជាយានជំនិះ។

 

 

តារាសម្តែងល្បីៗ ដែលគ្រងឈុតជាតួអង្គនីមួយៗនៅក្នុងសាច់រ់ឿង បានបង្ហាញវត្តមានជាមួយនឹងការតុបតែងក្នុងឈុតសម្លៀកបំពាក់សម័យកាលបុរាណ អមដោយការហែហមពីតួអង្គ អាមាត្យ សេនាជាច្រើននាក់ទៀតផង។ 

 


ប្រធានគ្រប់គ្រងកម្មវិធីផ្សាយ ប្រចាំស្ថានីយទូរទស្សន៍ភីអិនអិន កញ្ញា ទូច បុប្ផា បានឱ្យដឹងទាក់ទងនឹងការរៀបចំផលិតរឿងភាគខ្មែរខ្នាតធំនេះថា «កន្លងមកភីអិនអិនតែងតែលើកតម្កើងនូវស្នាដៃតែងនិពន្ធនៅក្នុងស្រុក ក៏ដូចជាគាស់កកាយនូវសាច់រឿងបុរាណខ្មែរយកមកផលិតឡើងវិញ។

 


រឿង មរណមាតា គឺរឿងមួយក្នុងចំណោមរឿងបុរាណផ្សេងទៀត ដែលភីអិនអិនបានទទួលសិទ្ធិផលិតជាភាពយន្តភាគពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីឆ្នាំ២០២០ ។

 

 

រឿង នេះគឺធ្លាប់បានផលិតជារឿងដុំដោយផលិតករក្នុងស្រុកដ៏ល្បីឈ្មោះ និងទទួលប្រជាប្រិយភាពយ៉ាងខ្លាំងកាលពីជំនាន់មុន ហើយនេះជាលើកទីមួយ ដែលរឿងត្រូវបានកម្លាយផលិតជារឿងភាគទូរទស្សន៍ ។

 


យើងជឿជាក់ថា ការដែលយើង សម្រេចចិត្តយករឿងដែលជាប្រភេទរឿងនិទានក្នុងកម្មវិធីសិក្សាមួយនេះ មកផលិតជាវីដេអូខ្សែភាពយន្តភាគឡើង គឺក្នុងគោលបំណងដើម្បីចូលរួមថែរក្សារអក្សរសិល្បិ៍ខ្មែរឲ្យបានគង់វង្ស និងចង់បង្ហាញនូវបច្ចេកទេសផលិតប្រកបដោយគុណភាពបច្ចេកទេសខ្ពស់ក្នុងការផលិតរឿងភាគទូរទស្សន៍ដ៏ល្អៗ ជូនទស្សនិកជនទស្សនាជាសាកល។  

 

 

« នាងខ្ញុំ រួមជាមួយក្រុមការងារ ទាំងទូរទស្សន៍ និងផលិតកម្ម នឹងខំធ្វើយ៉ាងណាឲ្យខ្សែភាពយន្តខ្មែរ កាន់តែមានសន្ទុះខ្លាំងៗឈរនៅលើទីផ្សារភាពយន្ត ទាំងការរៀបចំផលិត តួអង្គ និងគុណភាព» ។ 

 


នៅក្នុងពិធីក្រុងពាលីនេះដែរ ក៏មានការចូលរួមពីភ្ញៀវកត្តិយសជាច្រើន រួមទាំងបុគ្គលិក ស្ថានីយទូរទស្សន៍ភីអិនអិន ក្រុមការងារផលិតកម្មភូមិពេជ្រ និងតារាសម្តែងល្បីប្រចាំប្រទេសកម្ពុជា ដែលមានដូចជា កញ្ញា ចែ ឡេង( តួឯកស្រី) , លោក ប្រុស ខួច ( តួឯក ប្រុស ) , កញ្ញា អ៊ឹង និមល , កញ្ញា ហ្វា ហ្វា , កញ្ញា ពី យ៉ាពីន អ្នកនាង ស្វែង សុជាតា, លោក ទេព រិនដារ៉ូ កញ្ញា យូ ណា លោក ឡេង ឧត្តម លោក យុទ្ធ អ្នកស្រី សក្កណា និងវត្តមានតារាៗជាច្រើនដួងទៀត។ 

 


សូមកុំភ្លេចរង់ចាំទស្សនារឿងភាគខ្មែរដ៏ធំមួយនេះ នឹងមកដល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងពេលឆាប់ៗ បន្ទាប់ពីមានការរៀបចំផលិតយ៉ាងស្វិតស្វាញពីក្រុមការងារទូរទស្សន៍  ក្រុមការងារផលិត និងការបញ្ចេញឲ្យអស់ពីសមត្ថភាពពីសំណាក់តួអង្គគ្រប់គ្នា។

 

 

សូមចូលរួមបន្តការគាំទ្រ និងទស្សនារឿងភាគខ្មែរឲ្យកានតែខ្លាំង ក៏ដូចជាចូលរួមលើកស្ទួយ វិស័យភាពយន្តនៅកម្ពុជាទទួលបានភាពរីកចំរើនខ្លាំងឡើងៗជានិរន្តន៍៕ 

 

 

 

 

អត្ថបទ៖ PNN រូបភាព៖ ឃាង ទូច និង ហ៊ុន សុជាតា

 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024