ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

“រសជាតិអ្នកមាន វគ្គ៣” ខ្សែភាពយន្តភាគខ្មែរដ៏ល្អឯកប្រចាំឆ្នាំរបស់ PNN ទស្សនិកជនកំពុងទន្ទឹងរង់ចាំទស្សនាបានសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយ!

០២ មិថុនា ២០២២ | កម្សាន្ដ

 

 

នៅទីបំផុតខ្សែភាពយន្តដ៏ល្អឯកប្រចាំឆ្នាំរបស់ស្ថានីយទូរទស្សន៍ PNN គឺរឿង”រសជាតិអ្នកមានវគ្គ៣” បានធ្វើពិធីសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយកាលពីព្រឹកមិញនេះ ដោយខ្សែភាពយន្តនេះប្រជុំដោយតារាវ័យក្មេងល្បីៗពោរពេញដោយសមត្ថភាព។

 


ខ្សែភាពយន្តដ៏ល្អឯកប្រចាំឆ្នាំ២០២២ របស់ស្ថានីយទូរទស្សន៍ PNN គឺរឿង”រសជាតិអ្នកមានវគ្គ៣” ដែលទស្សនិកជនកំពុងរង់ចាំទស្សនានោះ ពេលនេះផ្ដើមសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយកាលពិព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ក្រោមវត្តមានភ្ញៀវកិត្តិយស និងតារាល្បីៗជាច្រើនរូប។

 


«រសជាតិអ្នកមាន វគ្គ៣» ឬ វគ្គ ហេឡូអ្នកម៉ាក់ គឺជាចំណងដៃថ្មីមួយទៀត ក្រោមការសហការផលិតពីស្ថានីយទូរទស្សន៍ភីអិនអិន និងផលិតកម្ម MCNV Picture ។  ជាសាច់រឿង ដែលត្រូវបានផលិតឡើងក្រោមស្នាដៃចងក្រងនិពន្ធដោយអ្នកស្រីពាន់ ភួងបុប្ផា ដែលជាផលិតករជើងចាស់ដ៏ល្បីឈ្មោះក្នុងប្រទេស កម្ពុជា។ 

 


ទស្សនិកជនភីអិនអិន ប្រហែលជាធ្លាប់បានទស្សនារឿង «រសជាតិអ្នកមាន» កាលពីវគ្គមុនៗ ម្តងរួចទៅហើយ។ ដោយឡែក សម្រាប់សាច់រឿងនៅក្នុងវគ្គ ទី៣នេះ គឺមានលក្ខណៈខុសគ្នា ទាំងតួសម្តែង និងអត្ថន័យនៃសាច់រឿងទាំងមូល។ នៅវគ្គ «ហេឡូអ្នកម៉ាក់» នេះដែរ ក៏មានការបង្ហាញពីទុក្ខលំបាក និងការអប់រំប្រដៅកូនៗ របស់ស្ត្រីមេម៉ាយ ទាំងក្នុងកម្រិតជីវិតខ្ពង់ខ្ពស់ និងកម្រិតទាប។

 

 

មួយវិញទៀត អ្នកទស្សនានឹងបានជ្រាបពីអត្ថន័យនៃការតស៊ូជីវិតរបស់មនុស្សស្រី និងបញ្ហាជីវិតជាច្រើនដែលបានឆ្លងកាត់។ សាច់រឿងនេះដែរ ត្រូវបានបែងចែកជារឿងរ៉ាវ ៤ គ្រួសារ ដែលបង្ហាញពីការរស់នៅក្នុងជិវិតអភិជន មធម្យម និងក្រីក្រ។ បញ្ហាជាច្រើន នឹងត្រូវលាតត្រដាង តាមរយៈតួអង្គនីមួយៗនៅក្នុង៤គ្រួសារខាងលើនេះ ហើយបានអូសបន្លាយក្លាយជាចំណងបញ្ហាជាបន្តបន្ទាប់ រហូតរកឃើញនូវដំណោះស្រាយមួយនៃចុងបញ្ចប់សាច់រឿង។ 

 


ជាមួយនឹងការមកដល់នៃវត្តមានរបស់ខ្សែភាពយន្តភាពខ្មែរ រឿង «រសជាតិអ្នកមាន វគ្គ៣»នេះដែរ ក៏មានការចូលរួមពីសំណាក់តារាៗវ័យក្មេង ពន្លកក្រោយជាច្រើនដួង លាយឡំនឹងតារារៀមច្បង ដែលបានប្រមូលផ្តុំនៃការសម្តែងក្លាយជាសាច់រឿងតែមួយយ៉ាងល្អមើលជក់ចិត្ត។  វត្តមានតារាល្បីៗក្នុងរឿងនេះមានដូចជាអ្នកនាង ឌុច លីដា, កញ្ញា អ៊ឹង និមល លោក ប៉ែន ចំរុង កញ្ញា ម៉ានីកា កញ្ញា អឿន រ៉ូហ្សា ព្រមទាំងវត្តមានតារាសម្ដែងវ័យក្មេងស្រីប្រុសជាច្រើនរូបទៀតដែលពោរពេញដោយសមត្ថភាពមានដូចជា៖ លោក ចន  , កញ្ញា មុន្នី ម៉ូនីតា  , លោក ឈួយ នរៈ វិទូ, តាន់ វិបុលភក្តី, វ៉ាន់ ថាយនីវ៉ាត់, គីម ផាន់ណាវីត, ផល ពៅវីរ័ត្ន, សួង សោភា, ឆៃ រ៉ាវុទ្ធ, ខាត់ ស្រីច័ន្ទ, ជូលី, ជី ជីងលីន, ស ពេជ្ញ , ទូច ណារ៉ាឌី, ម៉ានុ, បេឡា ដានី, សូ សុីតា, ឃុន ធូរ៉ាក់ផុង, ដួង ច័ន្ទសុភក្ត្រា , មាស ដាលីន, ជីមី, ប្រុសហួរ, ពេជ្រ ឆដា, លីលី, ស្រេង វ៉ាន់, សួយ សួយ, លឹម តិចម៉ុង, អឿ សីហា, ដានី អារីយ៉ា, , ហេង កូសុីន និងវត្តមានតារាសម្តែងជាច្រើននាក់ទៀតផ្សេងទៀត។ ។ 

 


សម្រាប់ការបកស្រាយថាតើ សាច់រឿងនៃជីវិតគ្រួសារទាំងបួន នឹងជួបបញ្ហាបែបណា? ហើយសាច់រឿងនឹង បង្ហាញពីតម្លៃនៃការតស៊ូរបស់ស្ត្រីនៅក្នុងសង្គមក្នុងរូបភាពឈុតឆាកណាខ្លះ? សូមរង់ចាំទស្សនាការផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅក្នុងរឿង «រសជាតិអ្នកមាន វគ្គ ហេឡូអ្នកម៉ាក់» ចាប់ពីថ្ងៃទី  ០៦ ខែ មិថុនា ឆ្នាំ ២០២២ ។ ម៉ោងផ្សាយពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៨ ដល់ ០៩ យប់៕ 

 

 

 

អត្ថបទ៖ PNN រូបភាព ឃាង ទូច និង ហ៊ុន សុជាតា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024