ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

ព្រឹត្តិការណ៍ពាក្យស្លោកទាំង៥ដើម្បីគាំទ្រភាពយន្តខ្មែរ ត្រូវប្រារព្ធឡើងយ៉ាងអធិកអធម!

៣០ ឧសភា ២០២២ | កម្សាន្ដ

 

ព្រឹត្តិការណ៍ពាក្យស្លោក ខ្មែរទាំង៥នៃរឿងដើម្បីគាំទ្រភាពយន្តក្នុងស្រុក ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម និងជោគជ័យបំផុតកាលពីចុងសប្តាហ៍កន្លងទៅ ព្រមជាមួយការចែកសំបុត្រ១០០០សន្លឹក ដែលជាការឧបត្ថម្ភរបស់អ្នកជំនួញអចលនទ្រព្យល្បីឈ្មោះនៅកម្ពុជា។


ព្រឹត្តិការណ៍ពាក្យស្លោក ខ្មែរទាំង៥នៃរឿង «គ្រោះជីវិតកូវីដ-១៩» គឺ ខ្មែរគិត ខ្មែរធ្វើ ខ្មែរជួយខ្មែរ ខ្មែរអាចធ្វើបាន ខ្មែរជួយគាំទ្រភាពយន្តខ្មែរ ត្រូវប្រារព្ធឡើងយ៉ាងអធិកអធមកាលពីចុងសប្តាហ៍ ព្រមជាមួយការចែកសំបុត្រ១០០០សន្លឹក ដែលជាការឧបត្ថម្ភរបស់អ្នកជំនួញអចលនទ្រព្យល្បីឈ្មោះនៅកម្ពុជា គឺលោកឧកញ៉ា ឃុនថាវង្ស ផងផាន់ និងលោកជំទាវឧកញ៉ា ម៉ន ដានី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KP Morn Dany ដើម្បីផ្តល់ជូនសាធារណជន បុគ្គលិក និងអតិថិជនក្រុមហ៊ុនអចលនទ្រព្យ KP Morn Dany បានចូលទស្សនារឿងខ្មែរពោរពេញដោយអត្ថន័យខ្លឹមសារមួយនេះ។

 

ពាក្យស្លោក ខ្មែរទាំង៥នេះ គឺជាការលើកឡើងដោយផ្ទាល់របស់លោកឧកញ៉ា និងលោកជំទាវឧកញ៉ា បន្ទាប់ពីបានទស្សនារឿង«គ្រោះជីវិតកូវីដ-១៩» រួចមក។
តាមការឱ្យដឹងកន្លងមក ម្ចាស់បុរី KP ទាំងពីររូបថា ការឧបត្ថម្ភសំបុត្រដ៏ច្រើនសន្ធឹកនេះគឺមិនមែនជាការជួយដើម្បីយកមុខមាត់អ្វីទេ ព្រោះលោក ហ៊ុយ យ៉ាឡេង ជាផលិតករម្នាក់មានស្នាដៃ និងមានកេរ្តិ៍ស្រាប់ហើយ។ 

 


ប៉ុន្តែការជួយឧបត្ថម្ភនៅពេលនេះ ក៏ព្រោះតែលោកឧកញ៉ា និងលោកជំទាវឧកញ៉ាមើលឃើញពីចំនុចវិជ្ជមានជាច្រើនក្នុងរឿងនេះ និងគុណតម្លៃជីវិតដែលមិនមែនផ្តោតលើជំងឺកូវីដ១៩តែមួយមុខដូចចំណងជើងរឿងនោះទេ។ រឿងនេះទៀតសោត ត្រូវអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះទាំងពីរ ចាត់ទុកជាភាពយន្តដែលជំរុញលើកទឹកចិត្ត ដោយសារសាច់រឿងមានបង្អប់ការអប់រំច្រើនលើសលប់ ដែលអ្នកគ្រប់គ្នាគួរណាស់តែបានទស្សនា។

 


ចំណែកផលិតករ និងអ្នកដឹកនាំរឿង លោក ហ៊ុយ យ៉ាឡេង វិញនោះ ក៏បានបង្ហាញអារម្មណ៍រំភើបចំពោះព្រឹត្តិការណ៍ដ៏ឱឡារិកនេះ និងបានលើកឡើងថា នេះជាលើកទី១ហើយសម្រាប់លោកដែលរៀបចំព្រឹត្តិការណ៍ធំបែបនេះ ជាពិសេសគឺទទួលការគាំទ្រយ៉ាងពេញទំហឹងពីអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះទាំងដែលរូបលោកពុំដែលស្គាល់គ្នាសោះឡើយពីមុនមក។

 


ហ៊ុយ យ៉ាឡេង ដែលចាត់ទុកខ្លួនឯងជាផលិតករសុំទាន លើកឡើងថា លោកមិនទទូចសូមឱ្យប្រជាជនខ្មែរគាំទ្រតែភាពយន្តខ្មែរមួយមុខទេ តែចង់ឱ្យប្រជាជនខ្មែរគាំទ្រអ្វីដែលខ្មែរធ្វើត្រូវ គាំទ្រអ្វីដែលខ្មែរធ្វើបានល្អ គឺយើងជួយលើកស្ទួយគ្នាដើម្បីឱ្យប្រទេសជាតិរីកចម្រើន។ យ៉ាងណាមិញ ផលិតកររូបនេះនៅតែទទូចសូមកុំឱ្យទស្សនិកជនមានការយល់ច្រឡំជាមួយចំណងជើងរឿងនេះ ព្រោះវាមិនមែននិយាយតែពីជំងឺកូវីដ១៩ប៉ុណ្ណោះទេ តែវាឆ្លុះបញ្ចាំងឱ្យឃើញតថភាពពិតក្នុងសង្គមបច្ចុប្បន្នជាច្រើនផ្នែក ទាំងការចាញ់បោកគេ ភាពជោគជ័យនៃមុខជំនួញ ពិសេសជាងនេះគឺបង្ហាញឱ្យឃើញថា ភាពស្មោះត្រង់ ជាធាតុសំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

 


គួររំលឹកផងដែរថា បន្ទាប់ពីមើលឃើញចំនុចវិជ្ជមានជាច្រើនក្នុងរឿងនេះ និងគុណតម្លៃនៃរឿងដែលមិនមែនផ្តោតលើតែជំងឺកូវីដ១៩ លោកឧកញ៉ា ឃុនថាវង្ស ផងផាន់ និងលោកជំទាវឧកញ៉ា ម៉ន ដានី បានចូលរួមឧបត្ថម្ភ ២០០០សំបុត្រដល់រឿង «គ្រោះជីវិតកូវីដ-១៩» ដើម្បីឱ្យសាធារណជនមកចូលទស្សនារឿងនេះកុំបីខាន៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024