ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

អ្នកវាយតម្លៃសង្ឃឹមថារឿង” រសជាតិអ្នកមាន វគ្គ៣” នឹងនាំមកនូវការអប់រំខ្ពស់ក្នុងសង្គមបច្ចុប្បន្ន!

៣០ ឧសភា ២០២២ | កម្សាន្ដ

 

ស្ថានីយទូរទស្សន៍PNN គ្រោងនឹងបញ្ចេញនូវខ្សែរឿងភាគថ្មីដ៏សម្រិតសម្រាំងជំនាន់ទីបី ក្រោមចំណងជើងដ៏មានប្រជាប្រិយភាពរបស់ខ្លួនគឺ រឿង«រសជាតិអ្នកមាន»វគ្គ ហេឡូអ្នកម៉ាក់។ នេះជាស្នាដៃបន្តនៃអ្នកនិពន្ធនិងដឹកនាំរឿងដ៏មានកេរ្តិ៍ឈ្មោះ គឺលោកស្រី ពាន់ភួងបុបា្ជ។ 

 

អ្នកនិពន្ធ ម៉ីសន សុធារី ដែលបានទស្សនាវគ្គខ្លះៗនៃភាពយន្តនេះ បានបញ្ចេញយោបល់ឱ្យយើងដឹងថា ការអប់រំដ៏ស៊ីជម្រៅ និងតថភាពជីវិតបច្ចុប្បន្ន ដែលមានឆ្លុះបញ្ចាំងអំពីជ្រុងខ្លះក្នុងជីវិតអាពាហ៍ពិពាហ៍របស់ស្ត្រីខ្មែរក្រោមគំនាបសេដ្ឋកិច្ចនិងទំនៀមទម្លាប់ចាស់បង្កប់ក្នុងរឿងភាគដ៏ល្អមួយខ្សែនេះ នឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានថ្មីសម្រាប់សង្គមអ្នកទស្សនា។

 

 

កញ្ញា ទូច បុប្ផា អ្នកគ្រប់គ្រងកម្មវិធីផ្សាយ និងជាអ្នកគ្រប់គ្រងការផលិតភាពយន្តខ្មែរ ព្រមទាំងជាអ្នកផ្តើមគំនិតលើខ្សែរឿងភាគ សេរ៊ី រសជាតិអ្នកមាន ដ៏ល្បីរបស់ PNN បានឱ្យយើងដឹងលំអិតបន្ថែមថា វគ្គ ហេឡូអ្នកម៉ាក់ និងផ្តល់នូវទស្សនាទានថ្មី សម្រាប់ស្រ្តីមេផ្ទះក្នុងការតស៊ូកែប្រែកម្រិតសមត្ថភាពសង្គមរបស់ខ្លួន មិនចុះចាញ់ឧបសគ្គ មិនបណ្តោយទៅតាមព្រហ្មលិខិត និងមិនស្ងៀមស្ងាត់ចំពោះអំពើហិង្សាមិនថា កាយឬចិត្តក្តី ក្នុងរង្វង់អាពាហ៏ពិពាហ៍ពោរពេញដោយភាពផិតក្បត់។

 

 

កញ្ញាបញ្ជាក់ថា៖«ប្រសិនបើយើងមិនព្យាយាមបង្កើតសាច់រឿងដែលមាន លំនាំបែបដំណោះស្រាយ បញ្ហានៅតែជាបញ្ហា ហើយយើងតែងតែរិះរកគ្រប់មធ្យោបាយ ប្រមូលផ្តុំអ្នកមានសមត្ថភាពមកជួយដល់យើងធ្វើយ៉ាងណាឱ្យរឿងភាគនៅភីអិនអិន ពោរពេញដោយដំណោះស្រាយសម្រាប់សង្គមជាក់ស្តែង!»។

 

 

រឿង«រសជាតិអ្នកមាន»វគ្គ ហេឡូអ្នកម៉ាក់ ក្រៅពីប្រមូលផ្តុំដោយក្រុមផលិតមានជំនាញខ្ពស់ សាច់រឿងចូលរួមដោយតារាល្បីៗជាច្រើនរូប  អ្នកនិពន្ធ ពាន់ ភួងបុប្ផា បានអះអាងបន្ថែមទៀតថា នេះជាសាច់រឿងដែលលោកស្រីធ្វើការសិក្សាវិធីសាស្ត្រថ្មី ក្នុងការទាក់ទាញពីមួយភាគទៅមួយភាគពេញដោយបញ្ហា ដែលរំលេចមកចោទ ក៏ដូចជា បានបង្កប់ដំណោះស្រាយ ។

 

 

ស្ត្រី ឬអ្នកទស្សនាទាំងឡាយ អាចចងចាំ និងប្រើប្រាស់ជាផ្នត់គំនិតវិជ្ជមានសម្រាប់យកទៅប្រើដឹកនាំជីវិតពិតបាន។លោកស្រីបានពន្យល់បន្ថែមដែរថា ជីវិតមនុស្សរមែងពឹងផ្អែកលើមាសប្រាក់លុយកាក់លើវិស័យគាំទ្រជាច្រើននៃការរស់នៅ ប៉ុន្តែសុភមង្គលក្នុងគ្រួសារ គឺជាអ្វីមួយលើសពីការដែលប្រាក់អាចសន្យាបាន។

 


« នៅក្នុងរសជាតិអ្នកមានទាំងប៉ុន្មានវគ្គមកនេះ យើងខ្ញុំបានបង្កប់មកនូវការអប់រំអំពីស្មារតីនៃខ្លួនទីពឹងខ្លួនជាជាងការពឹងផ្អែកលើគូជីវិត ឬគ្រួសារដែលជាអ្នកមាន!។ ជាអ្នកនិពន្ធមួយរូប ខ្ញុំយល់ថា សង្គមបច្ចុប្បន្នត្រូវការភាពយន្តឬបទនិពន្ធបែបនេះច្រើនឡើងៗដើម្បីចូលរួមកាត់បន្ថយការដើរខុសផ្លូវ និងទំនោរស៊ីវិល័យ យកប្រាក់បាំងមុខហួសហេតុ ក្នុងសង្គមដ៏ជឿនលឿន!»

 

 

ទូរទស្សន៍Pnnមានគម្រោងនឹងសម្ពោធចេញផ្សាយកម្រងភាពយន្តដ៏ល្អនេះនៅព្រឹកថ្ងៃទី០២ ខែមិថុនានេះ ហើយរឿងរសជាតិអ្នកមាន វគ្គ៣ វគ្គហេឡូអ្នកម៉ាក់ នេះនឹងចាក់ផ្សាយនៅរៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហ វេលាម៉ោង ៨ ដល់ ៩យប់ ចាប់ពីថ្ងៃទី ០៦ ខែមិថុនា នេះតទៅ ៕
 

 


អត្ថបទ និងរូបភាព៖ PNN

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024