ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

«លួចស្នេហ៍គូដណ្តឹង» រឿងភាគឆ្លុះបញ្ចាំងពីធាតុពិតរបស់ វ៉ៃហាំង និង យូប៊ីន ចាក់បញ្ចាំងនៅ PNN យប់នេះ!

១៦ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

ក្រោយចំណាយពេលរង់ចាំអស់រយៈពេលជាយូរ ទីបំផុត រឿង «លួចស្នេហ៍គូដណ្តឹង» ឬ «Oh My Crush» ជាជំនួបឡើងវិញជាថ្មីរបស់ ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន ចាប់ចាក់បញ្ចាំងយប់នេះតទៅហើយ។  រឿងភាគខ្នាតធំថ្មីមួយទៀតរបស់ស្ថានីយ៍ទូរទស្សន៍ទំនើប PNN ចំណងជើង «លួចស្នេហ៍គូដណ្តឹង» ឬ «Oh My Crush» ជាជំនួបឡើងវិញជាថ្មីរបស់តារាសម្តែងឆ្នើមទាំងពីរូបគឺ លោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ីន យូប៊ីន ចាប់ចាក់បញ្ចាំងពីយប់នេះតទៅហើយនៅលើកញ្ចក់តូរទស្សន៍ PNN។

 

 

តាមការឱ្យដឹងពីតួឯកប្រុសស្រីទាំងពីររូប ក្នុងព្រឹត្តិការណ៍ PNN Showcase 2023 រឿង «លួចស្នេហ៍គូដណ្តឹង» ត្រូវផលិតឡើងដោយផ្អែកតាមធាតុពិតរបស់អ្នកទាំងពីរស្ទើរតែ១០០% ដូច្នេះ ពេលទស្សនិកជនបានទស្សនារឿងនេះ ដូចមើលឃើញធាតុពិតរបស់ វ៉ៃហាំង និង យូប៊ីន។ ទៀតសោត រឿងនេះត្រូវផលិតឡើងយ៉ាងសម្រិតសម្រាំងទាំងគុណភាព និងបច្ចេកទេស ដែលនឹងផ្តល់នូវផ្ទាំងទស្សនីយភាពដ៏ត្រជាក់ភ្នែកជូនដល់ទស្សនិកជនអ្នកគាំទ្ររឿងភាគខ្មែររបស់ PNN។

 

 

តួឯកស្រី អេឡា សម្តែងដោយ ស៊ីន យូប៊ីន ថា រឿងនេះមានបង្កប់អត្ថន័យអប់រំជាច្រើនដល់អ្នកមើល លាយឡំដោយឈុតឆាកស្នេហាផ្អែមល្អែម ជូរចត់ ការភាន់ច្រឡំ និងភាគកំប្លុកកំប្លែងដែលនឹងឱ្យអ្នកទស្សនាជក់ចិត្តមិនទស្សនារឿងនេះមិនបាន។ ជាក់ស្តែង គ្រាន់តែបើកឆាកភាគ១ភ្លាម ទស្សនិកជននឹងបានឃើញពីរឿងរ៉ាវចាក់ស្ត្រេសនៃសាច់រឿងទាំងមូលដែលនឹងប្រទាក់គ្នាពីដើមដល់ចុងបញ្ចប់នៃសាច់រឿង។ វ៉ៃហាំង តួឯកប្រុសឈ្មោះ ខេមរិទ្ធ បន្ថែម។

 

 

ដោយសារជាដៃគូរចាស់ ហើយម្នាក់ៗសុទ្ធសឹងជាតារាសម្តែងអាជីព ធ្វើឱ្យថតរឿងនេះដំណើរការទៅយ៉ាងរលូន និងមិនសូវជួបផលលំបាកច្រើនទេ។ ម៉្យាង រឿងនេះឆ្លុះបញ្ចាំងពីភាពពិតៗផងនោះ ធ្វើឱ្យការសម្តែងកាន់តែល្អប្រសើរជាងរឿងសព្វមួយដង ព្រោះ វ៉ៃហាំង ហ៊ានអះអាងថា តួអង្គ អេឡា ដែល យូប៊ីន សម្តែងនោះគឺ យូប៊ីន ជីវិតពិត ១០០% តែម្តង។

 

 

យ៉ាងណាមិញ អ្នកទាំងពីរបានលះបង់កម្លាំងកាយចិត្តច្រើនណាស់ ដើម្បីថតរឿងនេះ តួយ៉ាងប្លង់ណាដែលលំបាកៗដែលអ្នកដឹកនាំរឿងតម្រូវឱ្យមានតួជំនួស ក៏អ្នកទាំងពីរសុទ្ធចិត្តស៊ូទ្រាំថតដោយខ្លួនឯង ដើម្បីឱ្យសាច់រឿងចេញមកដូចពិតៗ។ចង់ដឹងថា រឿង «លួចស្នេហ៍គូដណ្តឹង» ល្អមើលកម្រិតណានោះ កុំភ្លេចរង់ចាំតាមដានទស្សនារឿងនេះលើកញ្ចក់ទូរទស្សន៍ទំនើប PNN ចាប់ពីយប់នេះតទៅ វេលាម៉ោង ៨ យប់៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024