ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ផលិតកម្មរបស់ BTS ប្រកាសកម្មវិធីប្រឡងជ្រើសរើសតារាខេប៉ុបនៅអាមេរិក

១៨ កុម្ភៈ ២០២១ | កម្សាន្ដ

ផលិតកម្មដែលជាទ្រនំរបស់ក្រុមចម្រៀងបុរសខេប៉ុប BTS បានប្រកាស អំពីគម្រោងស្វែងរកតារា K-Pop ថ្មី តាមរយៈកម្មវិធីប្រឡងលំដាប់ពិភពលោក ដែលនឹងចាក់ផ្សាយនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២២ ។

 

 



ផលិតកម្ម Big Hit Entertainment ដែលជាទ្រនំរបស់ក្រុម BTS បានប្រកាសកាលពីថ្ងៃពុធ ទី១៧ កុម្ភៈនេះ ថា ខ្លួនកំពុងសហការជាមួយក្រុមហ៊ុន Universal Music Group ដែលជាផលិតកម្មចម្រៀងធំបំផុតនៅអាមេរិក ដើម្បីស្វែងរក និងបណ្តុះបណ្តាលក្រុមចម្រៀងបុរស K-Pop ថ្មីមួយក្រុម តាមរយៈកម្មវិធីប្រឡងសមត្ថភាព ដែលត្រៀមចាក់ផ្សាយលើប្រព័ន្ធផ្សព្វផ្សាយអាមេរិកនៅឆ្នាំ២០២២ខាងមុខ។

 

 


នាយកប្រតិបត្តិក្រុមហ៊ុន Big Hit លោក Lenzo Yoon (លេនហ្សូ យូន) បានមានប្រសាសន៍ថាសម្រាប់គម្រោងថ្មីនេះ លោកនាំយករូបមន្តជោគជ័យរបស់ Big Hit ដែលបានបង្កើតឡើងក្នុងរយៈពេល ១៦ ឆ្នាំកន្លងមក មកអនុវត្តនៅសហរដ្ឋអាមេរិកដែលជាមជ្ឈមណ្ឌលនៃទីផ្សារតន្រ្តីពិភពលោក។

 


ក្រុម K-Pop ថ្មីនេះនឹងក្លាយជាតារាកុងត្រាស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនថ្មីមួយដែលបង្កើតឡើងដោយ Universal Music Group និងមានមូលដ្ឋាននៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។ ទោះយ៉ាងណា ក្រុមហ៊ុនទាំងពីរ មិនបានបញ្ជាក់នោះទេថាតើប្រព័ន្ធផ្សព្វផ្សាយរបស់ អាមេរិកមួយណានឹងចាក់ផ្សាយកម្មវិធីប្រឡងចម្រៀងថ្មីនេះ។

 


គួររំឭកថា ក្រុមចម្រៀង BTS ដែលមានសមាជិក ៧ នាក់បានបង្ហាញខ្លួនដំបូងនៅកូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៣ និងអាចបន្តវាយលុកដល់ទីផ្សារតន្ត្រីអាមេរិក ដែលមានការប្រកួតប្រជែងខ្ពស់ តាមរយៈបទចម្រៀង និងក្បាច់រាំ ពោរពេញដោយថាមពលវិជ្ជមានសម្រាប់យុវវ័យ។

 

 

នាយកប្រតិបត្តិក្រុមហ៊ុន Universal Music បានមានប្រសាសន៍ថា ការសហការរវាងក្រុមហ៊ុនទាំងពីរនឹងជំរុញវិស័យចម្រៀងខេប៉ុបឲ្យកាន់តែមានសន្ទុះថែមទៀតលើទីផ្សារចម្រៀងពិភពលោក បន្ទាប់ពីភាពជោគជ័យដ៏លើសលប់របស់ BTS ៕
 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024