ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

បិសាច Zombie វាយលុកទីក្រុងម៉ិកស៊ីកូក្នុងព្រឹត្តិការណ៍ដង្ហែ Zombie

២៤ តុលា ២០២២ | កម្សាន្ដ

 

 


 

ព្រឹត្តិការណ៍ Zombie Walk (ហ្សុមប៊ី វ៉ក) ប្រចាំឆ្នាំ របស់ទីក្រុងម៉ិកស៊ីកូ បានវិលត្រឡប់មកជាថ្មីក្រោយពីបានអាក់ខានអស់ពេលយ៉ាងយូរដោយសារជំងឺរាតត្បាតកូវីដ១៩។

 


ក្រុមមនុស្សតុបតែងខ្លួនដូចជាបិសាច Zombie (ហ្សុមប៊ី) បានវាយលុកផ្លូវសំខាន់ៗនៃទីប្រជុំជនក្រុងម៉ិកស៊ីកូ នៃប្រទេសម៉ិកស៊ិកកាលពីចុងសប្ដាហ៍កន្លងទៅនេះ សម្រាប់ការវិលត្រឡប់មកវិញនៃព្រឹត្តិការណ៍ Zombie Walk (ហ្សុមប៊ី វ៉ក) ប្រចាំឆ្នាំ។

 

 

នេះជាឆ្នាំទី១៥ នៃព្រឹត្តិការណ៍នេះ បន្ទាប់ពីបានរៀបចំជាលក្ខណៈឌីជីថលនៅឆ្នាំ២០២០ និងត្រូវបានលុបចោលនៅឆ្នាំ២០២១ ដោយសារជំងឺរាតត្បាតកូវីដ១៩។ បិសាច Zombie ស្រេកឈាមស្លៀកពាក់ជាគិលានុបដ្ឋាយិកា អ្នកចម្បាំង Aztec (អាស់តេក) និងអ្នកស្លៀកឈុតសំលៀកបំពាក់ Quinceanera (ខ្វីនសៀណេរ៉ា) បានចូលរួមនៅក្នុងក្បួនដង្ហែ។

 

 

ខណៈពេលដែលកំពុងដឹកនាំក្បួនដង្ហែ អ្នករៀបចំកម្មវិធី Zombie Walk និងជាស្ថាបនិកនៃព្រឹត្តិការណ៍លោក Jesus Rodriguez (ជីសឺស រូឌ្រីហ្គើស) បាននិយាយថា Zombie ត្រូវតែចម្លងមេរោគដល់ជនរងគ្រោះ ជាមួយនឹងតម្លៃនៃការអត់ឱន ការរួមបញ្ចូល និងការមិនរើសអើងផងដែរ។

 

 

ព្រឹត្តិការណ៍ Zombie បានចាប់ផ្តើមដំបូងនៅទីក្រុង Sacramento (សាស្ក្រាម៉េនតូ) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០១។ ចាប់តាំងពីពេលនោះមក ព្រឹត្តិការណ៍នេះបានរីករាលដាលដល់ទីក្រុងធំៗជុំវិញពិភពលោក រួមមានទីក្រុង New York , ទីក្រុង Buenos Aires (ប៊ុយណូស៊ែ), ទីក្រុង Bogota (បូកូតា), ប្រទេសសិង្ហបុរី, ទីក្រុង Sao Paulo (សៅប៉ូឡូ) និងទីក្រុង Frankfurt (ហ្វ្រេងហ្វឺត) ជាដើម៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024