ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ការនាំចេញគ្រឿងអេឡិចត្រូនិកវៀតណាម កើនឡើងខ្លាំង នៅដើមឆ្នាំ ២០២១នេះ

១៧ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

ការនាំចេញគ្រឿងអេឡិចត្រូនិកវៀតណាម បានកើនឡើងខ្លាំងដល់ទៅ ៥០% នៅក្នុងខែមករា ដើមឆ្នាំ ២០២១នេះ ដែលរុញច្រានដោយ កំណើននៃការនាំចេញផលិតផលបច្ចេកវិទ្យាទំនើបរបស់ វិនិយោគិនបរទេសធំៗ ដូចជា Samsung, Apple និង Intel ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។


របាយការណ៍របស់ក្រុមហ៊ុន HSBC បានបង្ហាញថា ការនាំចេញគ្រឿងអេឡិចត្រូនិករបស់ វៀតណាម កើនឡើងខ្លាំង ដោយសារតែ វិនិយោគិនសក្តានុពលជាច្រើន ចូលមកបោះទុនវិនិយោគនៅក្នុងប្រទេសវៀតណាម និងធ្វើការនាំចេញផលិតផលបច្ចេកវិទ្យាទំនើបរបស់ពួកគេ ទៅកាន់ទីផ្សារសកលលោក។


តួយ៉ាង ការផ្ទុះឡើងនូវ កំណើននាំចេញដល់ទៅ ៥០% ក្នុងខែមករានេះ គឺរុញច្រានដោយ ការបញ្ចេញលក់នូវ ទូរស័ព្ទស្មាតហ្វូន Galaxy S21 របស់ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសវៀតណាម តាំងពីឆ្នាំ ២០០៨មក ហើយបច្ចុប្បន្នក៏មានរោងចក្រធំៗចំនួន ៦ ក្នុងដំណើរការក្នុងប្រទេសវៀតណាមផងដែរ។


លើសពីនេះ វៀតណាម ក៏បានក្លាយជា ប្រទេសផ្គត់ផ្គង់បន្ទះឈីបដ៏ធំមួយ ដែលកាន់កាប់ចំណែកទីផ្សារសកលលោកដល់ទៅ ១១% ក្នុងឆ្នាំ ២០១៩ ហើយបន្ទាប់មក ក៏បានបង្កើនផលិតកម្មកុំព្យូទ័រថែមទៀតផង។


ក្រុមហ៊ុនអាមេរិក Intel ក៏ជាក្រុមហ៊ុនវិនិយោគដ៏ចំណាស់មួយ នៅក្នុងប្រទេសវៀតណាម ដែលបានបោះទុន ១ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ ២០០៦ ហើយនៅក្នុងខែមករា ឆ្នាំ ២០២១នេះ គឺបន្ថែមទុនវិនិយោគ ៤៧៥លានដុល្លារអាមេរិកទៀត ដើម្បីបង្កើតផលិតផល 5G។


ម៉្យាងវិញទៀត ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នៅក្នុងខែមករានេះ ក៏ទទួលបានការអនុញ្ញាតលើ សំណើសាងសង់រោងចក្រតម្លៃ ២៧០លានដុល្លារអាមេរិក នៅក្នុងប្រទេសវៀតណាមផងដែរ។

 


រដ្ឋាភិបាលវៀតណាម បានចាត់ទុកគោលនយោបាយប្រកួតប្រជែងរបស់ខ្លួន នឹងនៅតែបន្តទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស ដែលមានគុណភាព អាចជួយជម្រុញសេដ្ឋកិច្ចឲ្យកាន់តែប្រសើរឡើង។

 


សូមរម្លឹកដែរថា ក្នុងខែមករា កន្លងទៅនេះ ប្រទេសវៀតណាម សម្រេចបាននូវ ការនាំចេញទំនិញប្រមាណ ២៧ពាន់លានដុល្លារអាមេរិក ដែលមានកំណើនដល់ទៅ ៥០% បើធៀបនឹងខែមករា ឆ្នាំ ២០២០កន្លងទៅ៕
 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024