ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

វិស័យសំណង់ នឹងមានកំណើនងើបឡើងវិញក្នុងរង្វង់ជិត៣ភាគរយ នៅក្នុងឆ្នាំ២០២១នេះ  

១២ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្យាករថា នៅឆ្នាំ២០២១ នេះវិស័យសំណង់នឹងមានកំណើនងើបឡើងវិញជាវិជ្ជមានក្នុងវង្វង់ជិត៣ភាគរយ ខណៈឆ្នាំ២០២០ វិស័យសំណង់មួយនេះបានធ្លាក់ចុះរហូតជាង ២ភាគរយ។ 

 

ឯកឧត្តម ឈាង វណ្ណរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា វិស័យសំណង់នៅឆ្នាំ២០២១ នេះនឹងងើបឡើងបន្តិចវិញ ដោយសារការកើនឡើងនៅលំនៅដ្ឋាន និងការបន្តកើនឡើងនៅលំនៅដ្ឋានតម្លៃទាបនិងមធ្យម និងការកើនឡើងខ្លាំងនៅសកម្មភាពសេដ្ឋកិច្ច ខណៈកាលពីឆ្នាំ២០២០ វិស័យនេះមានការធ្លាក់ចុះរហូតជាង ២ភាគរយ ដោយសាតែមានការធ្លាក់ចុះនៅលំហូរទុនវិនិយោគពីបរទេស និងការធ្លាក់ចុះតម្រូវការសំណង់ក្នុងវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ 


ជាមួយគ្នានេះ អ្នកជំនាញ នៅក្នុងវិស័យអលនទ្រព្យ  លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ  និងភ្នាក់ងារអចលនវត្ថុកម្ពុជា ឲ្យដឹងថា តម្រូវការទិញ ដូរ អលនទ្រព្យ និងសំណង់ ចាប់ផ្តើមបង្ហាញ ពីសញ្ញានៃការងើបឡើងវិញបន្តិចមែន ហើយក៏អាចវាយតម្លៃបានថា នៅឆ្នាំ២០២១ នេះវិស័យសំណង់និងមានកំណើនចន្លោះ ពី៣ទៅ៤ភាគរយ។

 


លោកបញ្ជាក់ថា ជាការមើលឃើញក្នុងដំណាក់កាលដំបូងនៃការងើបឡើងវិញនៃវិស័យសំណង់នេះគឺដោយសារមានកម្លាំងជំរុញទិញអលនទ្រព្យ និងសំណង់ពីសំណាក់វិនិយោគិនក្នុងស្រុកភាគច្រើន ខណៈវិនិយោគិនបរទេសចំនួនមួយមានកម្រិត។

 


លោកច្រឹកសុខ នីម បានក៏បានរំពឹងផងដែរថា  វិនិយោគិនបរទេសនឹងត្រឡប់មកកម្ពុជា នៅពាក់កណ្ដាលឆ្នាំ២០២១ និងអាចកាន់តែច្រើនជាងនេះនៅឆ្នាំ២០២២ ខណៈប្រទេសមួយចំនួនបានទទួលវ៉ាក់សាំងកូវីដ ១៩រួចរាល់ហើយ និងរួមទាំងកម្ពុជាផង។

 


លោកអះអាងថា វិនិយោគិនបរទេស ពួកគេគិតលើចំណុចសំខាន់២យ៉ាងដែលទី១គឺមុននឹងត្រៀមខ្លួនចូលមកវិនិយោគពួកគេខ្លួនឯកគិតថាទទួលបានវ៉ាក់សាំងការពារ និងតំបន់ដែលនឹងចូលមកវិនិយោគ ត្រូវមានវ៉ាក់សាំងការពារ ដើម្បីធានាបានថា មិនមានការប្រឈមនៃការឆ្លងជំងឺ ទោះបីពួកគាត់មានវ៉ាក់សាំងរួចរាល់ក៏ដោយ។

 


យ៉ាងណាបើតាម លោក ច្រឹក សុខនីម ចរន្ដនៃការទិញលក់វិស័យដីធ្លីក្នុងឆ្នាំ២០២០ មានការធ្លាក់ចុះខ្លះ ប៉ុន្ដែសម្រាប់តម្លៃនៃការលក់មិនបានថមថយឡើយ។

 

 

មិនបានថមថយដោយសារតែ ចរន្ដទិញលក់ក្នុងស្រុកមិនបានធ្លាក់ចុះ ធ្លាក់ចុះតែការទិញលក់ពី សំណាក់វិនិយោគិនបរទេស ដែលមិនអាចចូលមកវិនិយោគ នៅក្នុងប្រទេសកម្ពុជាបាន ព្រោះតែការរីករាលដាលនៃជំងឺកូវីដ១៩៕

 

 

 

 

អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024