ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

ការវិនិយោគវិស័យសំណង់ខេត្តព្រះសីហនុ សម្រេចបានជាង ២ពាន់លានដុល្លារក្នុងរយៈពេល១១ខែ ឆ្នាំ២០២០

០៧ មករា ២០២១ | សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ក្នុងរយៈពេល១១ ខែ ឆ្នាំ២០២០ រាជរដ្ឋាភិបាលតាមរយៈក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន៣៥៣ គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុប៤លានម៉ែត្រការេ ជាមួយនឹងទុនវិនិយោគជាង ២ពាន់២០០លានដុល្លារអាមេរិក។

 

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថា គម្រោងសំណង់ដែលបានស្នើសុំច្បាប់អនុញ្ញាតដើម្បីសាងសង់នៅខេត្តព្រះសីហនុក្នុងរយៈពេល១១ខែឆ្នាំ២០២០ ភាគច្រើនសុទ្ធសឹងជាប្រភេសសំណង់លំនៅដ្ឋាន សំណង់អគារពាណិជ្ជកម្ម ប្រភេទសំណង់ដែលបម្រើដល់វិស័យទេសចរណ៍ និងសំណង់ប្រភេទឧស្សាហកម្ម។


ឯកឧត្តមអះអាងថា  បើទោះបីជាកម្ពុជាពេលនេះកំពុងជួបបញ្ហាប្រឈមនឹងជំងឺកូវីដ ក្តី ក៏អ្នកវិនិយោគ ក៏ដូចជាប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេសនៅតែបន្តដំណើរការស្នើសុំលិខិតអនុញ្ញាតសាងសង់ជាបន្តបន្ទាប់តាមផែនការរបស់ខ្លួនដដែល។

 

ជាក់ស្តែងសកម្មភាពសាងសង់សំណង់មួយចំនួនធំគឺនៅរក្សារដំណើរការសកម្មភាពរបស់ខ្លួនជាធម្មតា ប៉ុន្តែលើកឡែងតែគម្រោងសំណង់មកពីបរទេសមួយចំនួនខ្លះប៉ុណ្ណោះដែលបានអខានដោយសារជំងឺកូវីដ តម្រូវឲ្យគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

 


បើតាមឯកឧត្តម ឡៅ ទិព្វសីហា គិតពីឆ្នាំ២០០៥មកដល់ពេលនេះសំណង់អគារខ្ពស់កម្ពស់ចាប់ពី៥ជាន់ឡើងដល់៥៣ជាន់នៅខេត្តព្រះសីហនុមាន៥៦៦ គម្រោង ក្នុងនោះសម្រាប់ឆ្នាំ២០២០ គម្រោងអគារខ្ពស់ដែលទទួលបានលិខិតអញ្ញាតសាងសង់មានចំនួន១៤១គម្រោង។

 


ជាមួយគ្នានេះលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានអះអាងថា វិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុទើបតែកំពុងចាប់ផ្តើមកម្មភាពទិញលក់បន្តិចម្តងៗ ឡើងវិញបន្ទាប់ពីព្រឹត្តិការណ៍សហគម ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់ គឺចរន្តនៃការទិញ លក់ អចលនទ្រព្យក៏បានចាប់ផ្តើមដំណើរឡើងវិញ ហើយក៏សង្ឃឹមថា ប្រសិនបើបញ្ហាជំងឺកូវីដ ១៩ ត្រូវបានដោះស្រាយ និងគ្រប់គ្រងបាន នោះចរន្តនៃការទិញ លក់និងកាន់តែប្រសើរជាងនេះ។

 


លោកបញ្ជាក់ថា វិស័យអលនទ្រព្យនៅខេត្តព្រះសីហនុនេះនឹងនៅតែមានការរីកចម្រើនឡើងវិញលឿនជាងទីផ្សារអលនទ្រព្យស្ថិតនៅខេត្តផ្សេងៗទៀត បន្ទាប់ពីរាជធានីភ្នំពេញ។ ការហ៊ានធានាអះអាងដូច្នេះ ដោយសារតែមើលឃើញថា អ្នកវិនិយោគិននៅតែបន្តការវិនិយោគច្រើនជាបន្តបន្ទាប់ ស្របទៅនឹងតម្លៃដីធ្លីក៏មិនមានការប្រែប្រួលកើនឡើង។

 


សូមជម្រាបថា គិតពីឆ្នាំ២០០០ ដល់រយៈពេល១១ ខែឆ្នាំ២០២០ នេះការបោះទុនវិនិយោគរបស់វិស័យឯកជនមកពីបរទេសមាន៦២៧ គម្រោង ដែលមានទុនវិនិយោគជាង ៩ពាន់៥០០លានដុល្លារ ក្នុងចំណោមអ្នកវិនិយោគមកពី២២ ប្រទេស ហើយក្នុងនោះអ្នកវិនិយោគដែលនៅតែបន្តនាំមុខគេគឺអ្នកវិនិយោគមកពីប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន ថៃ ម៉ាឡេស៊ី និងអាមេរិក៕
 

 

 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024