ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

វៀតណាម ត្រៀមកំណត់បទប្បញ្ញត្តិថ្មី សម្រាប់ការវិនិយោគទៅក្រៅប្រទេសរបស់ប្រជាជនវៀតណាម

១៤ តុលា ២០២០ | សេដ្ឋកិច្ច

ក្រសួងផែនការ និងវិនិយោគវៀតណាម គ្រោងនឹងកំណត់បទប្បញ្ញត្តិថ្មី នៅក្នុងសេចក្តីព្រាងក្រឹត្យច្បាប់ថ្មី ដោយបានបញ្ជាក់ថា ប្រជាជនវៀតណាម ដែលចេញទៅវិនិយោគជាលក្ខណៈបុគ្គលឯកជន ពុំត្រូវបានអនុញ្ញាតឲ្យវិនិយោគលើ វិស័យអចលនទ្រព្យ នៅក្រៅប្រទេសទៀតឡើយ។

 

នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។


ក្រសួងផែនការ និងវិនិយោគវៀតណាម បានបន្តថា បទប្បញ្ញត្តិថ្មីនេះ បង្កើតឡើងក្នុងគោលបំណងទប់ស្កាត់ បុគ្គលឯកជន ដែលចេញទៅវិនិយោគក្នុងវិស័យអចលនទ្រព្យនៅក្រៅប្រទេស ដើម្បីទទួលបាន សញ្ជាតិពីប្រទេសនោះ។


ទោះយ៉ាងណាក៏ដោយ ចំពោះសហគ្រាស ដែលបង្កើតឡើងក្រោម បទប្បញ្ញត្តិនៃច្បាប់ស្តីពីសហគ្រាស នឹងត្រូវបានលើកលែងពី បទប្បញ្ញត្តិថ្មីនេះ។


បើតាម អនុប្រធានសមាគមវៀតណាមនៃសហគ្រាសវិនិយោគបរទេស បានគូសបញ្ជាក់ថា វាមានករណីជាច្រើន ទាក់ទងនឹង បុគ្គលឯកជន ព្យាយាមធ្វើការវិនិយោគដើម្បីទទួលបានសញ្ជាតិ ដើម្បីគេចវេសពី ទំនួលខុសត្រូវស៊ីវិល ក្នុងប្រទេសវៀតណាម។


យ៉ាងណាក៏ដោយ ក៏មានករណីបុគ្គលឯកជន វិនិយោគក្នុងវិស័យអចលនទ្រព្យ ក្នុងប្រទេសដទៃ សម្រាប់គោលបំណងអាជីវកម្មស្របច្បាប់ផងដែរ តួយ៉ាងដូចជាការចាក់បញ្ចូលទុនវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសឡាវ និងប្រទេសកម្ពុជា ជាដើម ដែលសម្រេចបាននូវការវិនិយោគដ៏មានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់។


លើសពីនេះទៅទៀត ក្រៅពីការហាមឃាត់ បុគ្គលឯកជន មិនឲ្យវិនិយោគលើ វិស័យអចលនទ្រព្យនៅក្រៅប្រទេសហើយ បទប្បញ្ញត្តិថ្មីនេះ ក៏គ្រោងនឹងហាមឃាត់ដល់ មន្រ្តីរាជការ មន្រ្តីយោធា ទាហាន និងថ្នាក់ដឹកនាំនៃ សហគ្រាសគ្រប់គ្រងដោយរដ្ឋថែមទៀតផង។


សូមជម្រាបដែរថា ទាំងសមាគមវៀតណាមនៃសហគ្រាសវិនិយោគបរទេស និងសាធារណជនជាច្រើនទៀត សម្តែងការមិនពេញចិត្តចំពោះដំណឹងនេះ ដោយអះអាងថា បទប្បញ្ញត្តិថ្មីនេះ មិនសមហេតុផល ផ្ទុយទៅនឹងបទប្បញ្ញត្តិដែលមានស្រាប់ ហើយគួរតែមានការពិចារណាឡើងវិញ៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024