ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ក្រសួងរៀបចំដែនដីផ្តល់លិខិតអនុញ្ញាតសាងសង់ជិត ៤ពាន់គម្រោង ក្នុងតម្លៃទឹកប្រាក់ ជិត៦ពាន់លានដុល្លារ

២៤ តុលា ២០២០ | សេដ្ឋកិច្ច

ទិន្នន័យសំណង់បង្ហាញថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២០នេះ ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់លិខិតអនុញ្ញាតសាងសង់ប្រមាណជាង ៣.៧០០គម្រោង ដែលមានទុនវិនិយោគជិត ៦ពាន់លានដុល្លារ ធៀបនឹងឆ្នាំ២០១៩ មានការធ្លាក់ចុះ ៩ភាគរយ ប៉ុន្តែយ៉ាងណាបើពិនិត្យទៅលើគម្រោងសំណង់ដែលស្ថិតនៅក្រោមសមត្ថកិច្ចថ្នាក់រាជធានីខេត្ត បែរជាមានការកើនឡើងគួឲ្យកត់សម្គាល់ប្រមាណ ជាង ២៤ភាគរយ។

 


ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថា ការថមថយកំណើនវិនិយោគលើវិស័យសំណង់នៅក្នុងឆ្នាំនេះ គឺដោយសារតែបញ្ហានៃជំងឺ កូវីដ ១៩ ដែលធ្វើឲ្យមានការកែប្រែគម្រោងប្លង់សំណង់មួយចំនួន និងការពន្យារពេលនៃគម្រោងវិនិយោគសំណង់ធំៗ។ ប៉ុន្តែ ចំពោះគម្រោងដែលជាសមត្ថកិច្ចរបស់រាជធានីខេត្តមិនមានការថយចុះនោះឡើយ គឺមានកំណើនរហូតជាង ២៤ភាគរយឯណោះ។


ឯកឧត្តម ឡៅ ទិព្វសីហា បន្ថែមថា ភាគច្រើននៃគម្រោងដែលបានស្នើសុំសាងសង់នៅ៩ខែមកនេះ រួមមានអគារពាណិជ្ជកម្ម អគារផ្សារ លំនៅដ្ឋានលក្ខណៈបុរី ប្រភេទផ្ទះល្វែង សំណង់អគាររោងចក្រឧស្សាហកម្មនានា នៅតែដំណើរការស្នើសុំសាងសង់ជាបន្តបន្ទាប់ និងពិសេសគឺសំណង់អគារខ្ពស់ៗ ស្ថិតនៅខេត្តព្រះសីហនុ។


សូមជម្រាបថា ក្នុងរយៈពេល២០ឆ្នាំមកនេះ ការវិនិយោគសំណង់របស់វិស័យឯកជនមកពីបរទេសមានការកើនឡើងជាបន្តបន្ទាប់ ដែលគិតជាតម្លៃទុនវិនិយោគមានការកើនឡើងដល់ ៩ពាន់៥០០លានដុល្លារហើយ ក្នុងនោះចិន និងកូរ៉េខាងត្បូងនៅតែជាប្រទេសនាំមុខគេនៅកម្ពុជា៕

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024