ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

អ្នកជំនាញសាទរ ចំពោះការបន្ដលើកលែងពន្ធប្រថាប់ត្រាសម្រាប់ការផ្ទេរអចលនទ្រព្យតម្លៃ ចាប់ពី៧ម៉ឺនដុល្លារចុះ 

២៤ ធ្នូ ២០២០ | សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ បានសម្រេចដាក់ចេញវិធានការជុំទី៧ ដើម្បីជួយវិស័យឯកជន សំដៅស្ដារសេដ្ឋកិច្ចឡើងវិញ។

 

ក្នុងវិធានការថ្មីនេះដែរ ក៏បានបញ្ជាក់ដែរថា ឆ្នាំក្រោយនេះ ពោលគឺចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលនឹងនៅតែបន្ដលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះ ដែលមានតម្លៃទាបជាង ឬស្មើនឹង ៧ម៉ឺនដុល្លារ ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលបានចុះបញ្ចីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬនៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

អ្នកជំនាញ អចលនទ្រព្យមើលឃើញថា ការបន្ដលើកលែងពន្ធប្រថាប់ត្រានេះ នឹងជួយឲ្យសន្ទុះនៃចរន្ដទិញលក់កាន់តែកើនឡើង ដែលជាផ្នែកមួយទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញ។


ទន្ទឹមនឹងការលើកលែងពន្ធប្រថាប់ត្រាសម្រាប់រយៈពេល១ឆ្នាំទៀតនេះដែរ រាជរដ្ឋាភិបាលក៏បានអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ឲ្យចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃផ្ទះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។


លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា ការសម្រេចបន្ដការលើកលែងពន្ធប្រថាប់ត្រាសម្រាប់ការទិញផ្ទះតម្លៃ ៧ម៉ឺនដុល្លារចុះក្រោមនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះវិស័យអចលនទ្រព្យកម្ពុជា ដែលជាវិស័យសំខាន់មួយដែរ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ។

 

 

លោក ច្រឹក សុខនីម បន្ថែមថា ការបន្ដលើកលែងពន្ធប្រថាប់ត្រានេះ ក៏នឹងការលើកទឹកចិត្តដល់អ្នកវិនិយោគក្នុងវិស័យនេះ ឲ្យបន្ដវិនិយោគ និងដោះដូរអចលនទ្រព្យ ដែលវានឹងធ្វើឲ្យចរន្ដនៃការទិញ-លក់ នឹងមានសន្ទុះទៅតាមនោះដែរ ពោលគឺបើទោះបីជា ការលក់ទទួលបានផលចំណេញតិច ក៏ម្ចាស់អចលនទ្រព្យនៅតែអាចលក់បានដែរ ដោយសារតែមិនចាំបាច់ត្រូវបង់ពន្ធប្រថាប់ត្រា។

 


គួរបញ្ជាក់ដែរថា តាំងពីខែកុម្ភៈ ឆ្នាំ២០២០មក រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសលើកលែងពន្ធប្រថាប់ត្រា សម្រាប់ការទិញផ្ទះនេះផងដែរ ខណៈដែលអត្រាពន្ធនេះ ត្រូវបានកំណត់យក ៤% នៃតម្លៃអចលនទ្រព្យដូចជាដីធ្លី ផ្ទ អគារ និងសំណង់ផ្សេងៗ សម្រាប់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិអចលនទ្រព្យនោះ ក្នុងទម្រង់ជាការលក់ អំណោយ វិភាគទានជាភាគហ៊ុន ជាអចលនទ្រព្យទៅក្នុងក្រុមហ៊ុន ឬក៏តាមវិធីផ្សេងៗ ដែលមានការផ្ទេរសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិ។  

 


បើតាមលោកច្រឹក សុខនីម គិតមកទល់ពេលនេះ បើទោះបីជាមានវិបត្តិកូវីដ-១៩តាមមករំខានយ៉ាងណាក្ដី ប៉ុន្ដែ បើមើលទៅលើ តម្លៃទីផ្សារអចលនទ្រព្យនៅកម្ពុជា ហាក់មិនសូវជាមានការប្រែប្រួលខ្លាំងនោះទេ។

 

ទោះយ៉ាងណា លោកថា នៅឆ្នាំ២០២០នេះ ចំពោះទីផ្សារខុនដូរ ហាក់មិនសូវមានតម្រូវការពីភ្ញៀវបរទេសច្រើនឡើយ ដោយសារតែបញ្ហាកូវីដ-១៩ តែចរន្ដនៃការទិញលក់សម្រាប់ភ្ញៀវក្នុងស្រុក គឺនៅមានជាហូរហែរខ្លះដែរ។ រីឯ ការអភិវឌ្ឍសំណង់លំនៅដ្ឋានវិញ ក្រុមហ៊ុនភាគច្រើន តែនៅតែបន្ដការសាងសង់លក់ គ្រាន់តែមិនសូវមានគំរោងធំៗដូចមុននោះទេ ប៉ុន្ដែ បើមើលទៅលើចរន្ដនៃការទិញលក់ គឺមានការធ្លាក់ចុះគួរសមដែរ។ 


ដោយឡែក នៅឆ្នាំ២០២១ខាងមុខ អ្នកជំនាញរំពឹងថា ចាប់ពីពាក់កណ្ដាលឆ្នាំតទៅ វិស័យសេដ្ឋកិច្ចនឹងអាចមានសន្ទុះងើបឡើងវិញ ហើយវិស័យអចលនទ្រព្យក៏រំពឹងថា នឹងមានសន្ទុះងើបឡើងវិញដែរ។

 

ពិសេសនៅពេលដែល បញ្ហាកូវីដ-១៩ ត្រូវបានដោះស្រាយ ក៏ដូចជាការទទួលបាននូវថ្នាំវ៉ាក់សាំងបង្ការមេរោគ នោះចរន្ដនៃសេដ្ឋកិច្ចក៏អាចនឹងចាប់ផ្ដើមវិលមករកភាពប្រសើរឡើងជាក់ជាមិនខានឡើយ៕
 

 

 

 

 

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024