ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

ការវិនិយោគវិស័យសំណង់កម្ពុជាក្នុងឆមាសទី១ កើនជាង ១៣ភាគរយ

០៨ កក្កដា ២០២០ | សេដ្ឋកិច្ច

របាយការណ៍សំណង់ដែលភីអិនអិនទទួលបានពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៅថ្ងៃនេះបង្ហាញថា ក្នុងរយៈពេល៦ខែដើមឆ្នាំនេះកម្ពុជាទទួលបានការស្នើសុំវិនិយោគលើវិស័យសំណង់ប្រមាណជា ២ពាន់៥២២ គម្រោង ដែលមានតម្លៃទុនវិនិយោគប្រមាណជាង ៣ពាន់៨៤២ លានដុល្លារ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានគម្រោងវិនិយោគ ២ពាន់៤៧គម្រោង ជាមួយនឹងទុនវិនិយោគប្រមាណជាង ៣ពាន់៣០០លានដុល្លារ ពោលគឺកើនឡើងជាង១៣ភាគរយ។


ឯកឧត្តមឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានអះអាងថា ការកើនឡើងនៃតម្លៃទុនវិនិយោគនាពេលនេះគឺដោយសាតែមានការស្នើសុំលិខិតអនុញ្ញាតសាង សង់សំណង់ដែលមានផ្ទៃក្រឡាសំណង់ក្រោម៣ពាន់ម៉ែត្រការ៉េ  មានចំនួនកើនឡើង គួរឱ្យកត់សម្គាល់ និងជាងនេះទៀតគឺគម្រោងវិនិយោគអគារណិជ្ជកម្ម សណ្ឋាគារ រមនីយដ្ឋាន ផ្សារទំនើប អគារខ្ពស់ៗ ទីក្រុងរណប បុរីលំនៅដ្ឋាន សំណង់ផ្ទះល្វែង និងភូមិគ្រឹះ រោងចក្រផលិតគ្រឿងអេឡិចត្រូនិក រោងចក្រកាត់ដេរ សំលៀកបំពាក់ និងស្បែកជើង រោងចក្រម៉ាស៊ីនកិនស្រូវ និងឡត៍សង្ងួត តំបន់ឧស្សាហកម្ម និងរួមទាំងតំបន់សេដ្ឋកិច្ចពិសេសផង។

 


ឯកឧត្តម បញ្ជាក់ទៀតថា ការវិនិយោគវិស័យសំណង់នៅកម្ពុជានៅបន្តកើនឡើងខណៈតម្រូវការអគារពាណិជ្ជកម្ម និងអគារស្នាក់នៅគឺមានកំណើនខ្ពស់ដែលជាក់ស្តែងក្នុងរយៈពេលជាមួយគ្នានេះការវិនិយោគលើសំណង់លំនៅដ្ឋានសរុបមានជាង ២ពាន់គម្រោង ខណៈលំនៅដ្ឋានលក្ខណៈបុរីមាន ៣៦គម្រោង សំណង់ផ្ទះល្វែងជិត ១ម៉ឺនល្វែង សំណង់អគារស្នាក់នៅរួម ៨២គម្រោង សណ្ឋាគារ ១៩ គម្រោង អគារពាណិជ្ជកម្ម ២២០ គម្រោងសំណង់អគាររោងចក្រ ៤៥គម្រោង និងអគារពហុមុខងារ ៤៥គម្រោង  និងបើគិតពីអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅមានរហូត ២១៦ គម្រោង។


ឯកឧត្តម ឡៅ ទិព្វសីហា គូសបញ្ជាក់ទៀតថា ការរីកចម្រើនវិស័យសំណង់នេះគឺបង្ហាញពីការអភិវឌ្ឍពិតប្រាកដសម្រាប់កម្ពុជា ដោយបានផ្តល់ផលប្រយោជន៍ ជាកន្លែងរស់នៅ កន្លែងធ្វើការងារ និងការធ្វើឲ្យមានការផ្លាស់ប្តូរមុខមាត់រាជធានី ទីប្រជុំជនក្រុង ទៅជាតំបន់ទីប្រជុំជនដ៏ទំនើបផងដែរ៕


អត្ថបទ ស៊ឺន សុន 
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024