ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

អ្នកច្នៃម៉ូដល្បីពីប៊ែលហ្សិកបញ្ចេញម៉ូដប្លែកៗពេញទំហឹងលើឆាកសប្ដាហ៍ម៉ូដក្រុងបែរឡាំង

២២ មករា ២០២១ | កម្សាន្ដ

ឈុតសំលៀកបំពាក់ប្លែកៗចំនួន ១៨ឈុត ពីអ្នកច្នៃម៉ូដល្បីសញ្ជាតិប៊ែលហ្សិកបានបើកឆាកកម្មវិធីសប្ដាហ៍ម៉ូដទីក្រុងបែរឡាំង ដែលបានប្រព្រឹត្តទៅកាលពីថ្មីៗ ក្រោមការការពារខ្ពស់បំផុតដើម្បីទប់ស្កាត់ការផ្ទុះជំងឺកូវីដ១៩។

 


អ្នកច្នៃម៉ូដសំលៀកបំពាក់សញ្ជាតិប៊ែលហ្សិកឈ្មោះ Tom Van Der Borght (ថមវ៉ានឌឺប៊ច) ដែលកំពុងមានឈ្មោះបោះសំឡេងក្នុងវិស័យច្នៃម៉ូដ បានបើកឆាកកម្មវិធីតាំងសប្ដាហ៍ម៉ូដទីក្រុងបែរឡាំងនាដើមសប្ដាហ៍នេះ ជាមួយម៉ូដសំលៀកបំពាក់ប្លែកៗបែបអនាគតចំនួន ១៨ឈុត។

 


ឈុតសំលៀកបំពាក់ដែលមានឈ្មោះថា “High-Tech Bricolage” (ហាយតិចប្រាយខូលេច) របស់អ្នកច្នៃម៉ូដរូបនេះគឺជាការលាយបញ្ចូលគ្នារវាងម៉ូដសំលៀកបំពាក់វប្បធម៌របស់ប្រទេសបារាំង ជាមួយនឹងការសាកល្បងថ្មីប្លែក។

 

 

ហើយតាមរយៈឈុតសំលៀកបំពាក់ទាំងនេះ គឺលោកចង់អបអរ និងលើកជំរុញដល់ភាពខុសប្លែក និងភាពច្នៃប្រឌិតឥតដែនកំណត់។

 


គួររំឭកថាអ្នកច្នៃម៉ូដសញ្ជាតិប៊ែលហ្សិករូបនេះធ្លាប់ទទួលបានពានរង្វាន់ធំមួយពីកម្មវិធីមហោស្រពឈុតសំលៀកបំពាក់ រូបថត និងគ្រឿងលម្អសំលៀកបំពាក់ លំដាប់អន្តរជាតិលើកទី៣៥  ដែលរៀបចំឡើងនៅប្រទេសបារាំង។

 


សម្រាប់កម្មវិធីតាំងបង្ហាញម៉ូដសំលៀកបំពាក់នៃទីក្រុងបែរឡាំងឆ្នាំនេះគឺបានរៀបចំឡើងដោយមានការការពារយ៉ាងខ្ពស់បំផុត ដោយមិនមានទស្សនិកជនចូលរួមផ្ទាល់នោះឡើយ និងបានចាក់ផ្សាយផ្ទាល់លើវិបសាយរបស់កម្មវិធីតែម្ដង។

 

 

ក្រៅពីការបង្ហាញម៉ូដរបស់លោក Tom Van ព្រឹត្តិការណ៍នេះក៏មាន Show ពិសេសៗជាច្រើនទៀតដូចជា Show របស់អ្នកច្នៃម៉ូដអាល្លឺម៉ង់ Anja Gockel (អានញ៉ា ហ្កក់ខេល) ដែលបាននាំយកអ្នករាំអាជីព ១២នាក់ដើម្បីមករាំនិងបង្ហាញម៉ូដសម្លៀកបំពាក់រដូវរងារបស់ខ្លួន ៕ 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024