ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

វៀតណាម បន្តនាំចេញផលិតផល 5G ទោះបីជាក្នុងប្រទេស មិនទាន់ប្រើបណ្តាញ 5G នៅឡើយ

២៦ តុលា ២០២០ | សេដ្ឋកិច្ច

សហគ្រាសក្នុងស្រុកជាច្រើនរបស់ ប្រទេសវៀតណាម បានតម្លើង និងនាំចេញផលិតផលដែលប្រើប្រាស់បច្ចេកវិទ្យា 5G ទៅកាន់ទីផ្សារសកលលោក បើទោះបីជា បណ្តាញបច្ចេកវិទ្យាមួយនេះ ពុំទាន់ដំណើរការជាផ្លូវការ នៅក្នុងប្រទេសវៀតណាម ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។


ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន VinSmart បានគូសបញ្ជាក់ថា ក្រុមហ៊ុន VinSmart ទើបតែបង្កើតឡើងក្នុងទីក្រុងហាណូយ កាលពីឆ្នាំ ២០១៩កន្លងទៅ និងបានក្លាយជាក្រុមហ៊ុនទីមួយ ក្នុងស្រុក ដែលផលិតទូរស័ព្ទស្មាតហ្វូនបំពាក់ទៅដោយ បច្ចេកវិទ្យា 5G ហើយវាជាការបើកឱកាសឲ្យ វៀតណាម អាចប្រកួតជាមួយដៃគូធំៗ នៅក្នុងទីផ្សារសកលបាន។


ជាក់ស្តែង ក្រុមហ៊ុន VinSmart បានចុះកិច្ចសន្យាផលិត និងនាំចេញ ស្មាតហ្វូន Vsmart ដែលបំពាក់ទៅដោយបច្ចេកវិទ្យា 5G ចំនួន ២លានគ្រឿងទៅកាន់ទីផ្សារអាមេរិក ហើយនឹងអាចនាំចេញទៅកាន់ ទីផ្សារអាមេរិកប៉ែកខាងជើង នៅក្នុងឆ្នាំ ២០២១ខាងមុខថែមទៀតផង។


ក្រុមហ៊ុន VinSmart ក៏បានសហការជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យាទំនើប Qualcomm មកពីអាមេរិក នៅក្នុងការបង្កើត ការអភិវឌ្ឍ និងការលក់ផលិតផលស្មាតហ្វូន 5G ទៅកាន់ទីផ្សារអាមេរិក ហើយក្រៅពីនោះក៏មានការផលិត ឧបករណ៍បច្ចេកវិទ្យា 5G ជាច្រើនទៀត ដូចជា ដុំ WiFi ចល័ត កាមេរ៉ា និងកុំព្យូទ័រ Laptop ជាដើម សម្រាប់ទីផ្សារវៀតណាម និងទីផ្សារសកលលោក។


បើទោះបីជា ប្រទេសវៀតណាម ពុំទាន់ដាក់ឲ្យដំណើរការបច្ចេកវិទ្យា 5G ក្នុងប្រទេសក្តី ក្រុមហ៊ុនវិនិយោគទាំង ២ខាងលើនេះ បានប្រើប្រាស់មន្ទីរពិសោធន៍ ដែលបំពាក់ទៅដោយ បច្ចេកវិទ្យា 5G ដើម្បីធានាឲ្យបានថា ផលិតផលដែលសម្រេចបាន សមស្របជាមួយនឹងបណ្តាញបច្ចេកវិទ្យា 5G នៅលើទីផ្សារសកលលោក។


សូម្បីតែ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ក៏សម្លឹងមើលឃើញពី សក្តានុពលនៃទីផ្សារបច្ចេកវិទ្យា 5G នៅក្នុងប្រទេសវៀតណាមដែរ ហើយក្រុមហ៊ុន Huawei កាលពីពេលថ្មីៗនេះ ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុន មានគម្រោងអភិវឌ្ឍបណ្តាញ 5G នៅក្នុងប្រទេសវៀតណាម។

 


សូមបញ្ជាក់ដែរថា បើតាមផែនការរបស់ ក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាម គឺថា បណ្តាញបច្ចេកវិទ្យា 5G នឹងត្រូវបានដាក់ឲ្យដំណើរការក្នុងខែនេះ ដោយប្រើប្រាស់ឧបករណ៍ផលិតក្នុងស្រុក ក៏ប៉ុន្តែផែនការនេះមានភាពយឺតយ៉ាវ ហើយចំពោះក្រុមហ៊ុនវិនិយោគក្នុងស្រុកជាច្រើន ក៏រំពឹងដែរថា បណ្តាញបច្ចេកវិទ្យា 5G នឹងអាចប្រើប្រាស់បាននៅក្នុងឆ្នាំ២០២១ខាងមុខ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024