ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ថៃ ចាប់ផ្តើមបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ

២៦ តុលា ២០២០ | សេដ្ឋកិច្ច

ប្រទេសថៃ បានចាប់ផ្តើមបើកទ្វារទទួល ភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញហើយ ដោយចាប់ផ្តើមពី ក្រុមទេសចរណ៍មកពីប្រទេសចិន ក្រោមគម្រោងទិដ្ឋាការទេសចរណ៍ពិសេស ហើយអាជ្ញាធរទេសចរណ៍ថៃ បានបញ្ជាក់ថា ថៃ ត្រូវតែចាប់ផ្តើម បើកទ្វារសន្សឹមៗឡើងវិញហើយ ដើម្បីជួយស្រោចស្រង់ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។

 


លោក យុត្តាស័ក ស៊ូផាសន អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ បានលើកឡើងថា ក្រុមភ្ញៀវទសេចរណ៍ ៤១នាក់ ដែលមកដល់ប្រទេសថៃ ជើងដំបូងបំផុត គឺមិនមែនជា ចំនួនច្រើននោះទេ តែវាសបញ្ជាក់ពី ការត្រៀមខ្លួនរួចរាល់របស់ ប្រព័ន្ធសុខាភិបាលថៃ ក្នុងការបើកទ្វារទទួលភ្ញៀវ។


ភ្ញៀវទេសចរណ៍ទាំងនោះ ក៏ត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃផងដែរ និងតម្រូវឲ្យទាញយកកម្មវិធី នៅលើស្មាតហ្វូន ដើម្បីតាមដានអំពីទីតាំងរបស់ពួកគេ។

 


យ៉ាងណាក៏ដោយ អំឡុងពេលនៃការបើកទ្វារ ដំណាក់កាលទី ១នេះ គឺកំណត់ចំនួនភ្ញៀវទេសចរត្រឹមតែ ១ពាន់ ២រយនាក់ ក្នុងមួយខែប៉ុណ្ណោះ ទាបជាងការទទួលភ្ញៀវទេសចរណ៍បរទេស មុនពេលវិបត្តិកូវីដ១៩ ដែលមានដល់ទៅ ៣លាននាក់ក្នុងមួយខែៗ ។


ទោះយ៉ាងណា ក្រុមភ្ញៀវទេសចរណ៍ពិសេសនេះអាចស្នាក់នៅក្នុងប្រទេសថៃ បានដល់ទៅ ៩០ថ្ងៃ ហើយគម្រោងនេះ អាចបន្តជាថ្មី បាន ២ដងទៀត ពោលគឺ ពួកគេអាចស្នាក់នៅសរុបបានដល់ទៅ ២៧០ថ្ងៃ។

 


លោក យុត្តាស័ក ស៊ូផាសន បន្តថា ភ្ញៀវទេសចរណ៍ចិន នឹងមកកម្សាន្តនៅប្រទេសថៃ ជាបន្តបន្ទាប់ទៀត នៅក្នុងខែតុលាខាងមុខ ដោយរំពឹងថា ភ្ញៀវម្នាក់ៗ នឹងចំណាយប្រមាណ ២ម៉ឺន ៥ពាន់ដុល្លារ អំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ។


គួរជម្រាបដែរថា អ្នកតំណាងមកពី វិស័យបដិសណ្ឋាកិច្ចជាច្រើន បានអះអាងថា វិស័យទេសចរណ៍ គឺងាយនឹងទទួលរងឥទ្ធិពលពី បញ្ហានយោបាយណាស់ គួបផ្សំនឹងវិបត្តិកូវីដ១៩ ធ្វើឲ្យស្ថានការណ៍កាន់តែលំបាក ដូច្នេះហើយពួកគេ សង្ឃឹមថា រាជរដ្ឋាភិបាលថៃ នឹងធ្វើការចរចា និងផ្តល់ដំណោះស្រាយសមស្រប សម្រាប់ក្រុមអ្នកតវ៉ា ដែលប្រមូលផ្តុំគ្នាបានកាន់តែច្រើនបន្ថែមទៀតនោះ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024