ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ការនាំចេញទំនិញរបស់ ថៃ ចាប់ផ្តើមប្រសើរឡើងវិញ

២៤ តុលា ២០២០ | សេដ្ឋកិច្ច

សកម្មភាពនាំចេញទំនិញរបស់ប្រទេសថៃ ចាប់ផ្តើមបង្ហាញពីសញ្ញាវិជ្ជមាន ប្រសើរឡើងវិញហើយ បន្ទាប់ពី លទ្ធផលនៃការនាំចេញសរុប ក្នុងខែកញ្ញា សម្រេចបានប្រមាណ ១៩ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៣,៩% ដែលតួលេខនៃការធ្លាក់ចុះនេះ ហាក់នៅគ្រាន់បើជាងការរំពឹងទុក។

 

 

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ។


លោកស្រី ភីមឆាណុក វុន ករ ផុន មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញថា ទោះបីជា សេដ្ឋកិច្ចជាតិ មានការធ្លាក់ចុះ ដោយសារតែវិបត្តិកូវីដ១៩ក្តី តួលេខនៅក្នុងខែកញ្ញា គឺជាសញ្ញាល្អមួយ ដែលបង្ហាញពី ការងើបឡើងវិញនៃការនាំចេញផលិតផលជាច្រើនមុខ នៅក្នុងវិស័យអចលនទ្រព្យ ដែលមិនមែនជា ការនាំចេញ មាស ដូចពីពេលមុនៗ។


លោកស្រី បន្តថា ការនាំចេញទៅកាន់ទីផ្សារសំខាន់ៗ ចាប់ផ្តើមកើនឡើងវិញ ស្របតាមទំនោរទីផ្សារសកលលោក ខណៈការនាំចេញទៅកាន់ទីផ្សារដទៃទៀត ក៏កើនឡើងវិញបន្តិចដែរ។


តួយ៉ាង ក្នុងខែកញ្ញានេះ ថៃ នាំចេញទំនិញជាង ១៩ពាន់លានដុល្លារអាមេរិក និងនាំចូលមកវិញជាង ១៧ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យថៃ សម្រេចបាននូវអតិរេកពាណិជ្ជកម្មជាង ២ពាន់លានដុល្លារអាមេរិក។


ក្នុងខែកញ្ញានេះ ការនាំចេញផលិតផលកសិកម្ម និងកសិឧស្សាហកម្ម សម្រេចបានជាង ៣ពាន់លានដុល្លារអាមេរិក កើនឡើង ៣% ធៀបនឹងខែកញ្ញា ឆ្នាំ ២០១៩ ហើយការកើនឡើងនេះ ជំរុញដោយ ការនាំចេញប្រេងដូង ម្ទេសស្រស់ និងបន្លែផ្លែឈើកក។

 

 

ការនាំចេញផលិតផលឧស្សាហកម្មមួយចំនួន ក៏មានការកើនឡើងផងដែរ ដូចជា ទូទឹកកក និងគ្រឿងបង្គុំ កើនឡើង ៣០% ទូរស័ព្ទ និងឧបករណ៍ កើនឡើង ២៦% និងផលិតផលកៅស៊ូ កើនឡើង ២១%។


ដោយឡែក សម្រាប់រយៈពេល ៩ខែ ដើមឆ្នាំ ២០២០នេះ ការនាំចេញសរុបរបស់ប្រទេសថៃ ធ្លាក់ចុះ ៧,៣% មកនៅត្រឹម ១៧៣ពាន់លានដុល្លារអាមេរិក ខណៈការនាំចូលធ្លាក់ចុះ ១៤% មកនៅត្រឹម ១៥២ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យថៃ សម្រេចបាននូវអតិរេកពាណិជ្ជកម្មជាង ២០ពាន់លានដុល្លារអាមេរិក។

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024