ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ថៃ ប្រឈមនឹងការបាត់បង់ការងារ ១០ម៉ឺននាក់

២៣ តុលា ២០២០ | សេដ្ឋកិច្ច

ក្រមហ៊ុនរៀបចំកម្មវិធី និង សេវាកម្មទីផ្សារ ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្ររបស់ថៃ គឺ ក្រុមហ៊ុន Index Creative village Plc រំពឹងថា នឹងមានបុគ្គលិកប្រមាណ ១០ម៉ឺននាក់នៅក្នុងវិស័យនេះ នឹងត្រូវបាត់បង់ការងារធ្វើដោយសារតែបញ្ហាមេរោគរាតត្បាត និងបញ្ហាបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល ដែលកំពុងបន្ដកាន់តែក្ដៅឡើងៗមកទល់ពេលនេះ។ នេះបើតាមការរាយការណ៍ដោយកាសែតបាងកកប៉ុស្ដិ៍។


លោក ក្រៀងក្រៃ កានចាន់ណា ភូគីន ស្ថាបនិកជានាយកក្រុមហ៊ុន Index Creative Village PLC បានបញ្ជាក់ថា អាជីវកម្មរៀបចំ កម្មវិធី បានរងផលប៉ះពាល់ខ្លាំងដោយសារតែបញ្ហាមេរោគរាតត្បាតកូវីដ-១៩ តាំងពីមានវិធានការចាក់សោរបិទប្រទេស កាលពីថ្ងៃទី ២២ ខែ មីនាមកម្ល៉េះ។


លោក ក្រៀងក្រៃ បានព្យាករថា វិស័យអាជីវកម្មរៀបចំកម្មវិធី នឹងមានចំណូលធ្លាក់ចុះ ៦០ ទៅ៧០ ភាគរយ នៅក្នុងឆ្នាំនេះ ព្រោះតែក្រុមហ៊ុនភាគច្រើនបានលុបចោលការរៀបចំ កម្មវិធីផ្សេងៗនៅក្នុងប្រទេសថៃ ដោយត្រូវគោរពតាមវិធានការរក្សាកម្លាតសង្គម ដែលបារម្ភខ្លាចថានឹងអាចកើតមាននូវរលកឆ្លងជាលើកទី២នោះ។


លោកបន្ថែមទៀតថា បញ្ហាមួយទៀតដែលកំពុងធ្វើឲ្យវិស័យអាជីវកម្មរៀបចំកម្មវិធី និងសេវាកម្មទីផ្សារត្រូវរងគ្រោះនោះ គឺដោយសារតែ មានការផ្ទុះបាតុកម្មតវ៉ារាជរដ្ឋាភិបាល កាន់តែខ្លាំងឡើង ដែលវាបានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ និងចិត្តសាស្ត្របស់អតិថិជន។ 


អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ទៀតថា កត្តាប្រឈមទាំងនេះ ត្រូវបានរំពឹងថា នឹងធ្វើឲ្យអត្រាអ្នកអត់ការងារធ្វើ នៅក្នុងវិស័យអាជីវកម្មរៀបចំកម្មវិធី និងសេវាកម្មទីផ្សារ ទំនងជានឹងអាចកើនឡើង ដោយអាចនឹងមានប្រហែល ៥០% នៃចំនួនអ្នកបុគ្គលិកសរុប ដោយអ្នកទាំងនោះ អាចត្រូវបាត់បង់ការងារបណ្ដោះអាសន្ន និងអាចជាអចិន្ត្រៃយ៍តែម្ដង។


សូមបញ្ជាក់ថា នៅក្នុងប្រទេសថៃ វិស័យអាជីវកម្មរៀបចំកម្មវិធី និងសេវាកម្មទីផ្សារនេះ សរុបគឺមានកម្លាំងពលកម្ម ប្រមាណ ២០ម៉ឺននាក់៕

 

 

 

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024