ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ទំនាក់ទំនងពាណិជ្ជកម្ម វៀតណាម និងជប៉ុន រំពឹងនឹងកាន់តែរីកធំឡើង ក្រោយដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនថ្មី

២០ តុលា ២០២០ | សេដ្ឋកិច្ច

យើងក្រឡេកមកតាមដាននូវ ព្រឹត្តិការណ៍តំបន់សំខាន់មួយ នៅក្នុងថ្ងៃនេះ! ឃើញថា នាយករដ្ឋមន្ត្រីជប៉ុន គឺលោក យ៉ូហ្ស៊ី ហ៊ីដេ ស៊ូហ្គា ដែលទើបតែបានឡើងកាន់តំណែងថ្មី ជំនួសលោក ស៊ិន ស៊ូអាបេ នោះ បាននិងកំពុងធ្វើដំណើរទស្សនកិច្ចជាផ្លូវការរយៈពេល ៣ថ្ងៃ នៅក្នុងប្រទេសវៀតណាម។

 

នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រៅតែពីមានការរឹតចំណងទំនាក់ទំនងផ្នែកនយោបាយការទូតឲ្យកាន់តែស្អិតល្មួតហើយនោះ គេឃើញថាទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាម និងជប៉ុន ក៏ត្រូវបានគេមើលឃើញថា នឹងកាន់តែមានភាពរីកលូតលាស់កាន់តែខ្លាំងក្លាឡើងថែមទៀតផងដែរនៅពេលខាងមុខ។


ប្រទេសជប៉ុន ត្រូវបានគេដឹងថា គឺជាដៃគូសេដ្ឋកិច្ចដ៏ធំជាងគេបំផុតទី ៤ របស់វៀតណាម ដោយទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បាននិងកំពុងមានការកើនឡើងជាលំដាប់។ តួយ៉ាងនៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវវាងវៀតណាម និងជប៉ុន សម្រេចបានដល់ទៅជិត ៤០ ពាន់លានដុល្លារអាមេរិក។

 

ក្នុងនោះ ការនាំចេញ នាំចូលរវាងគ្នានឹងគ្នា នៃប្រទេសពីរនេះ គឺមានទំហំប្រាក់ប្រហែលគ្នា ដោយ នៅឆ្នាំ២០១៩ វៀតណាមនាំចេញ ទៅជប៉ុនមានប្រមាណ ២០ពាន់លានដុល្លារអាមេរិក ខណៈជប៉ុននាំចេញទៅវៀតណាមវិញ មានជិត២០ពាន់លានដុល្លារអាមេរិកដូចគ្នាដែរ។


ដោយឡែក សម្រាប់រយៈពេល ៩ ខែ ឆ្នាំ២០២០នេះ ឃើញថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ២៨ពាន់លានដុល្លារអាមេរិក ហើយការនាំចេញនាំចូលរវាងគ្នាគឺមានប្រហាក់ប្រហែលគ្នា។


បើនិយាយពី ការវិនិយោគ របស់ជប៉ុននៅក្នុងប្រទេសវៀតណាមវិញ ឃើញថា ជប៉ុនឈរលំដាប់ទី២ ជាប្រទេសវិនិយោគច្រើនជាងគេនៅវៀតណាម ដោយគិតត្រឹមថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២០ មានដើមទុនចុះបញ្ជីសរុបរបស់ក្រុមហ៊ុនជប៉ុនវិនិយោគនៅវៀតណាមមានប្រមាណ ៦០ពាន់លានដុល្លារអាមេរិក។

 

ដោយឡែក សម្រាប់ឆ្នាំ២០១៩ កន្លងទៅ ជប៉ុនវិនិយោគនៅវៀតណាម ជាង ១ពាន់៨រយ លានដុល្លារ ជាមួយចំនួនគម្រោងវិនិយោគសរុប ៤៣៥ គម្រោង។

 

រីឯ នៅរយៈពេល ៩ខែ ឆ្នាំ២០២០វិញ ជប៉ុនវិនិយោគនៅវៀតណាម ជាង៨០០លានដុល្លារ ជាមួយគម្រោងវិនិយោគ ជាង២០០គម្រោង។


អ្វីដែលពិសេសជាងនេះទៀត គឺវៀតណាមកំពុងក្លាយជាទិសដៅសំខាន់មួយសម្រាប់ការផ្លាស់ប្ដូរខ្សែចង្វាក់ផ្គត់ផ្គង់របស់ជប៉ុន ដែលបច្ចុប្បន្ន រាជរដ្ឋាភិបាលជប៉ុនកំពុងជួយឲ្យក្រុមហ៊ុនធំៗរបស់ខ្លួន ឲ្យរើផលិតកម្មចេញពីប្រទេសចិន មកកាន់ប្រទេសតំបន់អាស៊ីអាគ្នេយ៍វិញ។

 

ក្នុងនោះ មានក្រុមហ៊ុនចំនួន ៣០ ហើយ ដែលបានសម្រេចថានឹងរើផលិតកម្មចេញពីចិន ហើយមានក្រុមហ៊ុន ១៥ ក្នុងចំណោមនោះ បានសម្រេចចិត្តនឹងរើចូលទៅកាន់វៀតណាម។


អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសជប៉ុន លោក ង្វៀន ភូបិញ បានអះអាងថា វៀតណាម និងជប៉ុនកំពុងប្រឈមនឹងបញ្ហាកូវីដ-១៩ និងការរំខានដល់ទំនាក់ទំនងអន្តរជាតិ ដូចគ្នា។

 

ក្នុងនាមជាប្រទេសពឹងផ្អែកខ្លាំងលើទីផ្សារបរទេស ទាំងវត្ថុធាតុដើម និងផលិតកម្ម បានធ្វើឲ្យជប៉ុន ត្រូវប្រឈមនឹងបញ្ហាខែចង្វាក់ផ្គត់ផ្គង់សកល ពិសេសសគឺពីប្រទេសចិន ដែលកំពុងត្រូវបានរាំងខ្ទប់ដោយសារតែបញ្ហាកូវីដ-១៩។

 

លើសពីនេះ ទីក្រុងតូក្យូ ក៏ត្រូវពិចារណា លើជម្រើសរបស់ខ្លួនផងដែរ ខណៈការប្រកួតប្រជែងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចផុតលេខរបស់ពិភពលោក  គឺអាមេរិក និងចិនបាននិងកំពុងបន្តកើនឡើងកម្ដៅឥតឈប់ឈរ៕

 

 

 

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024