ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ទ័ពមួកខៀវឆ្លង Covid-19 នៅម៉ាលី៖ ២នាក់ មានសុខភាពល្អធម្មតា ម្នាក់ទៀតកំពុងបន្តតាមដាន

០៥ ឧសភា ២០២០ | ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម បានបញ្ជាក់ថា មកដល់ពេលនេះ កងកម្លាំងមួកខៀវកម្ពុជា ២រូបក្នុងចំណោមបីរូបដែលឆ្លងកូវីដ១៩ក្នុងតំបន់បេសកកម្ម នៅប្រទេសម៉ាលី មកទល់ពេលនេះ មានសុខភាពល្អជាធម្មតាឡើងវិញហើយ ខណៈមួយរូបទៀតកំពុងបន្តតាមដានសុខភាព ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ។

 


ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា ក្រុមគ្រូពេទ្យអង្គការសហប្រជាជាតិ បានស្នើសុំឱ្យក្រុមគ្រូពេទ្យកម្ពុជា បន្តការប្រើថ្នាំព្យាបាល និងដាក់អ្នកទាំងបីឱ្យនៅដាច់ដោយឡែករយៈពេល១០ថ្ងៃថែមទៀត កំលុងពេលរង់ចាំយកសំណាកដែលយកទៅធ្វើការពិនិត្យ ដើម្បីបញ្ជាក់ថាគ្មានផ្ទុកមេរោគនេះបន្តទៅទៀត។ 


ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បន្តធ្វើការតាមដាន និងណែនាំជាប់ជាប្រចាំ ព្រមទាំងក្រើនរំលឹកដល់កងកម្លាំងទាំងអស់អោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនិងកូវីដ១៩។

 


គួររំលឹកថា ក្នុងចំណោមកម្លាំងមួកខៀវកម្ពុជាជិត៨០០នាក់ ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្រៅប្រទេសនោះ គឺកម្ពុជាមានកម្លាំងមួកខៀវ៣០០នាក់ នៅប្រទេសម៉ាលី ដោយមានការបែងចែកទៅតាមចំនួន៦តំបន់បេសកកម្មផ្សេងៗ។


ដោយឡែក បើគិតចាប់តាំងពីមានការផ្ទុះវីរុសកូវីដ១៩នៅលើពិភពលោកមក គិតដល់ពេលនេះ មានកម្លាំងទ័ពកម្ពុជានៅក្រៅប្រទេស ចំនួន ៦នាក់ហើយបានឆ្លងកូវីដ១៩ រួមមានសិក្ខាកាមយោធាខ្មែរ ចំនួន៣រូប កំពុងសិក្សាក្នុង ប្រទេសរុស្ស៊ី និងកម្លាំងមួកខៀវកម្ពុជា ៣នាក់ទៀតនៅប្រទេសម៉ាលី ៕


អត្ថបទ៖ សន រដ្ឋា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024