ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កងទ័ពមួកខៀវជាង ៧០នាក់ ដែលត្រលប់ពីស៊ូដង់ខាងត្បូង នឹងតម្រូវអោយធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅវិទ្យាស្ថានរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងស្រុកឧដុង្គ

២៨ តុលា ២០២០ | ព័ត៌មានជាតិ

កងកម្លាំងមួកខៀវ ចំនួន ៧៣នាក់ ក្នុងនោះ មានស្រ្តី ១២នាក់ បានធ្វើដំណើរ មកដល់កម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៧ ខែតុលានេះ ក្រោយពីបញ្ចប់បេសកកម្មដោយជោគជ័យ រយៈពេលពេញ ១ឆ្នាំ នៅប្រទេសស៊ូដង់ខាងត្បូង។ កងទ័ពមួកខៀវទាំងអស់ តម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅវិទ្យាស្ថានរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

 


ស្របគ្នាជាមួយដំណើរត្រលប់មកដល់មាតុភូមិវិញ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល សហការជាមួយក្រុមគ្រូពេទ្យរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានយកសំណាករបស់កងកម្លាំងទាំងអស់ ដើម្បីវិភាគរកមេរោគកូវិដ១៩ ភ្លាមផងដែរ។ 

 


បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក អោក សៀង អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ថា ក្រៅពីយកសំណាកទៅវិភាគរកមេរោគកូវិដ១៩ កងកម្លាំងទាំងអស់ ក៏តម្រូវអោយធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មុននឹងអនុញ្ញាតអោយទៅជួបជុំក្រុមគ្រួសារ ។ 

 


ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្តថា ប្រសិនបើមានសញ្ញាវិជ្ជមាននៃមរោគកូវិដ១៩ ក្រុមគ្រូពេទ្យនឹងបញ្ជូនអ្នកជំងឺនោះ ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬមន្ទីរពេទ្យចាក់អង្រែក្រោម។


គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកម្លាំងមួកខៀវ សរុបជិត ៨០០នាក់ ក្នុងនោះមាននារីជិត ៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

អត្ថបទ និងរូបភាព៖ សន រដ្ឋា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024