ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

កងទ័ពមួកខៀវកម្ពុជាជាង ១៨០នាក់ ត្រលប់មកដល់កម្ពុជាវិញ ក្រោយពីបញ្ចប់បេសកកម្ម នៅប្រទេសលីបង់

០៣ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

​​កងកម្លាំងមួកខៀវកម្ពុជាចំនួន ១៨៤នាក់ បានធ្វើដំណើរមកដល់កម្ពុជាវិញហើយ កាលពីយប់​ថ្ងៃទី០១ ខែកុម្ភៈ ក្រោយពីបញ្ចប់បេសកកម្មដោយជោគជ័យរយៈពេលពេញ ១ឆ្នាំ នៅប្រទេសលីបង់។ ជាមួយដំណើរត្រលប់មកដល់មាតុភូមិវិញ នៅអាកាសយាន្តដ្ឋានអន្តរជាតិ​ភ្នំពេញ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល សហការជាមួយក្រុមគ្រូពេទ្យ​របស់មជ្ឈមណ្ឌលជាតិ​រក្សាសន្តិភាព បានយកសំណាករបស់កងកម្លាំងទាំងអស់ ដើម្បីវិភាគរកមេរោគកូវិដ១៩ ភ្លាមផងដែរ​។

 

 

កងកម្លាំងមួកខៀវកម្ពុជា ចំនួន ១៨៤នាក់ ដែលជាកងវិស្វរកម្មពហុជំនាញ បានធ្វើដំណើរមកដល់កម្ពុជាវិញហើយ កាលពីយប់ថ្ងៃទី០១ ខែកុម្ភៈ ក្រោយពីបញ្ចប់បេសកកម្ម ប្រកបដោយជោគជ័យរយៈពេលពេញ១ឆ្នាំនៅប្រទេសលីបង់។ ស្របគ្នាជាមួយដំណើរត្រលប់មកដល់មាតុភូមិវិញ នៅអា​កាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ កងកម្លាំងមួកខៀវទាំ​ង ១៨៤នាក់ ត្រូវបានក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល សហការជាមួយក្រុម​គ្រូពេទ្យរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានយក​សំណាករបស់កងកម្លាំងទាំងអស់ ដើម្បីវិភាគរកមេរោគកូវិដ១៩ភ្លាមផងដែរ​។

 


អញ្ជើញទទួលដំណើរមកដល់មាតុភូមិវិញរបស់កងកម្លាំងមួកខៀវកម្ពុជា ដែលត្រលប់ពីប្រទេស​លីបង់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សា​សន្តិភាព បោសសម្អាត​មីន និងកាកសំណល់សង្គ្រាម បានបញ្ជាក់ថា ក្រៅពីយកសំណាកទៅវិភាគរកមេរោគកូវិដ១៩ កង​កម្លាំងទាំងអស់ ក៏តម្រូវអោយធ្វើចត្តាឡីស័ក​ចំនួន ១៤ថ្ងៃ នៅវិទ្យាស្ថានហ្វឹកហ្វឺន​បណ្តុះបណ្តាល​កង​កម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មុននឹង​អនុញ្ញាតអោយទៅជួបជុំក្រុមគ្រួសារ​។ 

 


ប្រសិនបើមានសញ្ញាវិជ្ជមាននៃមរោគកូវិដ១៩ ក្រុមគ្រូពេទ្យនឹងបញ្ជូនអ្នកជំងឺនោះ ទៅព្យាបាល​នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬមន្ទីរពេទ្យចាក់អង្រែក្រោម។

 


ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា កម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការ​ទប់ស្កាត់​ចំពោះ​ការឆ្លងរីករាលដាលមេរោគកូវិដ១៩ នៅពេលផ្លាស់ប្តូរកងកម្លាំង ហើយជំហររបស់កម្ពុជា បើទោះបីជាប្រទេសក្រីក្រ និងកំពុងប្រឈមជាមួយកូវីដ១៩បន្ថែម ដោយប្រទេស ដែលកងទ័ពមួក​​ខៀវកម្ពុជា ត្រូវទៅបំពេញបេសកកម្ម ក៏កំពុងមានការវាយលុកដោយកូវីដ១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពរបស់ខ្លួន មិនបោះបង់ចោលភារកិច្ចក្នុងការចូលរួមថែរក្សាសន្តិភាពនៅតាមប្រទេសនានា ក្រោមឆត្ររបស់អង្គការសហប្រជាជាតិនោះឡើយ ពោលគឺកម្ពុជាចូលរួមដោយស្ម័គ្រចិត្ត និងការទទួលខុសត្រូវក្នុង ឋាន:ជាសមាជិកអង្គការសហប្រជាជាតិ។

 


គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកម្លាំងមួកខៀវ សរុបជិត ៨០០នាក់ ក្នុងនោះ មាននារីជិត ៨០នាក់ បាន និងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

 

អត្ថបទ៖សន រដ្ឋា ​រូបភាព៖ញិល សុជា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024