ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

កម្លាំងមួកខៀវ ១៣៩នាក់ ដែលត្រលប់ពីប្រទេសម៉ាលី ត្រូវបានអនុញ្ញាតអោយទៅផ្ទះ ក្រោយធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងតេស្តអវិជ្ជមានកូវីដ-១៩ ចំនួន ២លើក

៣០ កញ្ញា ២០២០ | ព័ត៌មានជាតិ

កងកម្លាំងមួកខៀវ ចំនួន ១៣៩នាក់ ដែលបញ្ចប់បេសកកម្ម នៅសាធារណៈរដ្ឋម៉ាលី និងបានត្រលប់មកដល់កម្ពុជា កាលពីថ្ងៃទី១៣ កញ្ញា ត្រូវបានអនុញ្ញាតអោយត្រលប់នៅតាមផ្ទះ បន្ទាប់ពីធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ និងតេស្តរកមេរោគកូវីដ១៩ ចំនួន ២លើក ទទួលបានលទ្ធផលអវិជ្ជមាន។ តែទោះបីជាយ៉ាងណា អគ្គនាយកមជ្ឈមណ្ឌជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព បានស្នើអោយកងកម្លាំងទាំងអស់ ត្រូវខិតខំបន្តធ្វើចត្តាឡីស័កស្នាក់នៅដាច់ដោយឡែកពីក្រុមគ្រួសារចំនួន ១៤ថ្ងៃបន្ថែមទៀត ដើម្បីបញ្ជាក់អោយកាន់តែច្បាស់ថា ខ្លួនពិតជាគ្មានករណីមេរោគកូវីដ១៩ ប្រាកដមែន។

 


កងកម្លាំងមួកខៀវចំនួន១៣៩នាក់ដែលបញ្ចប់បេសកកម្មនៅសាធារណៈរដ្ឋម៉ាលី និងបានត្រលប់មកដល់កម្ពុជា កាលពីថ្ងៃទី១៣ កញ្ញា ត្រូវបានអនុញ្ញាតអោយត្រលប់ទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនបន្តទៀត បន្ទាប់ពីបានធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅក្នុងមណ្ឌលរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ និងតេស្តរកមេរោគកូវីដ១៩ ចំនួន ២លើក ទទួលបានលទ្ធផលអវិជ្ជមាន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌជាតិ គ្រប់គ្រងកម្លាំងរក្សាសន្តិភាព។

 


ឯកឧត្តម នាយឧត្តមសេនីយ បានបន្ថែមថា កងកម្លាំងមួកខៀវទាំង១៣៩នាក់ បានធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី១ នៅពេលមកដល់កម្ពុជាភ្លាមៗនៅព្រលានយន្តហោះ នៅយប់ថ្ងៃទី១៣ កញ្ញា និងលើកទី២ នៅថ្ងៃទី២៥ កញ្ញា ។ ហើយលទ្ធផលតេស្តទាំង២លើក ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា កងកម្លាំងទាំង១៣៩នាក់ អវិជ្ជមានមេរោគកូវីដ១៩។ ដ្បិតតែកងកម្លាំងមួកខៀវទាំង ១៣៩នាក់ ត្រូវបានអនុញ្ញាតអោយចេញពីមណ្ឌលចត្តាឡីស័កនាពេលនេះក៏ពិតមែន ប៉ុន្តែឯកឧត្តម នាយឧត្តមសេនីយ ក៏បានស្នើអោយកងកម្លាំងទាំងអស់ត្រូវខិតខំបន្តធ្វើចត្តាឡីស័កស្នាក់នៅដាច់ដោយឡែកពីក្រុមគ្រួសារចំនួន១៤ថ្ងៃបន្ថែមទៀត ដើម្បីបញ្ជាក់អោយកាន់តែច្បាស់ថា ខ្លួនពិតជាគ្មានករណីមេរោគកូវីដ១៩ ប្រាកដមែន។

 


សូមជម្រាបជូនថា កងកម្លាំងមួកខៀវចំនួន១៣៩នាក់ បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា កាលយប់ថ្ងៃទី១៣ ខែកញ្ញា ក្រោយពីបញ្ចប់បេសកកម្មដោយជោគជ័យ រយៈពេលពេញ១ឆ្នាំនៅសាធារណៈរដ្ឋម៉ាលី។ កងកម្លាំងទាំងអស់ត្រូវបានដាក់អោយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពបណ្តុះបណ្តាល បោសសំអាត មីន និងកាកសំណល់សង្គ្រាម នៅស្រុកឧដុង្គ និងនៅសាលាហ្វឹកហ្វឺនកងកម្លាំងពហុសាសន៍ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕

អត្ថបទ និងរូបភាព៖ សន រដ្ឋា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024