ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កម្ពុជា បញ្ជូនកងទ័ពមួកខៀវ ៤២នាក់ ដែលត្រលប់មកពីប្រទេសម៉ាលី ទៅធ្វើចត្តាឡីស័ក នៅវិទ្យាស្ថានរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងស្រុកឧដុង្គ

០៤ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

កងកម្លាំងមួកខៀវកម្ពុជា ចំនួន ៤២នាក់ ដែលជាកងកម្លាំងកម្ទេចគ្រឿងផ្ទុះ លេខ២៣១ បានធ្វើដំណើរមកដល់កម្ពុជាវិញហើយ កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ក្រោយពីបញ្ចប់បេសកកម្មដោយជោគជ័យ រយៈពេលពេញ ១ឆ្នាំ នៅប្រទេសម៉ាលី។ ស្របគ្នាជាមួយដំណើរត្រលប់មកដល់មាតុភូមិវិញ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល សហការជាមួយក្រុមគ្រូពេទ្យរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានយកសំណាករបស់កងកម្លាំងទាំងអស់ ដើម្បីវិភាគរកមេរោគកូវិដ១៩។ ភ្លាមៗ កងទ័ពមួកខៀវទាំង ៤២នាក់ ដែលទើបវិលត្រលប់មកពីប្រទេសម៉ាលី ត្រូវបានបញ្ជូនតាមឡានក្រុង ទៅធ្វើចត្តាឡីស័ក នៅវិទ្យាស្ថានរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងស្រុកឧដុង្គ ខណៈដែលកងទ័ពមួកខៀវ ៧៣នាក់ មកពីស៊ូដង់ខាងត្បូង កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ កំពុងសម្រាក ធ្វើចត្តាឡីស័ក នៅទីនោះដែរ។

 


ស្របគ្នាជាមួយដំណើរត្រលប់មកដល់មាតុភូមិវិញ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ កងកម្លាំងមួកខៀវទាំង៤២នាក់ ត្រូវបានក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល សហការជាមួយក្រុមគ្រូពេទ្យរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានយកសំណាករបស់កងកម្លាំងទាំងអស់ ដើម្បីវិភាគរកមេរោគកូវិដ១៩ ភ្លាមផងដែរ។ 

 


ក្នុងការអញ្ជើញទទួលដំណើរមកដល់មាតុភូមិវិញរបស់កងកម្លាំងមួកខៀវកម្ពុជា  ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានបញ្ជាក់ថា ក្រៅពីយកសំណាកទៅវិភាគរកមេរោគកូវិដ១៩ កងកម្លាំងទាំងអស់ ក៏តម្រូវអោយធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មុននឹងអនុញ្ញាតអោយទៅជួបជុំក្រុមគ្រួសារ ។ ប្រសិនបើមានសញ្ញាវិជ្ជមាននៃមរោគកូវិដ១៩ ក្រុមគ្រូពេទ្យនឹងបញ្ជូនអ្នកជំងឺនោះ ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬមន្ទីរពេទ្យចាក់អង្រែក្រោម។

 


ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា កម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលមេរោគកូវិដ១៩ នៅពេលផ្លាស់ប្តូរកងកម្លាំង ហើយជំហររបស់កម្ពុជា បើទោះបីជាប្រទេសក្រីក្រនិងកំពុងប្រឈមជាមួយកូវីដ១៩ បន្ថែមដោយប្រទេសដែលកងទ័ពមួកខៀវកម្ពុជាត្រូវទៅកំពុងមានការវាយលុកដោយកូវីដ១៩ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានិងកងទ័ពរបស់ខ្លួនមិនបោះបង់ចោលភារកិច្ចក្នុងការចូលរួមថែរក្សាសន្តិភាពនៅតាមប្រទេសនានាក្រោមឆត្ររបស់អង្គការសហប្រជាជាតិនោះឡើយ ពោលគឺកម្ពុជាចូលរួមដោយស្ម័គ្រចិត្តនិងការទទួលខុសត្រូវក្នុងឋាន:ជាសមាជិកអង្គការសហប្រជាជាតិ។

 


គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកម្លាំងមួកខៀវ សរុបជិត ៨០០នាក់ ក្នុងនោះមាននារីជិត ៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

អត្ថបទ និងរូបភាព៖ សន រដ្ឋា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024