ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

វៀតណាម រំពឹងកំណើនសេដ្ឋកិច្ចដល់ទៅ ៦% នៅក្នុងឆ្នាំ ២០២១ខាងមុខ

២២ កញ្ញា ២០២០ | សេដ្ឋកិច្ច

ក្រោយពីទទួលរងនូវផលប៉ះពាល់សេដ្ឋកិច្ច ដោយសារកូវីដ១៩ ក្នុងឆ្នាំនេះ រដ្ឋាភិបាលវៀតណាម រំពឹងថា សេដ្ឋកិច្ចរបស់ខ្លួន នឹងងើបឡើងវិញនៅក្នុងឆ្នាំ ២០២១ខាងមុខ ដោយមានកំណើនជាវិជ្ជមានដល់ទៅ ៦% ដោយក្នុងនោះ ការជម្រុញសេដ្ឋកិច្ចឡើងវិញ និងការការពារជម្ងឺឆ្លងដ៏កាចសាហាវនេះ គឺជា គោលដៅសំខាន់ជាងគេបំផុត។ នេះបើយោងតាម ការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិ ធំៗជាច្រើន នៅក្នុងថ្ងៃនេះ។


រដ្ឋាភិបាលវៀតណាម បានស្នើដល់ ធនាគារកណ្តាល ឲ្យបន្តថា គោលនយោបាយហិរញ្ញវត្ថុ ដែលមានលក្ខណៈ សកម្ម និងបត់បែនទៅតាមសភាពការណ៍ និងធានាឲ្យបាននូវ ការគ្រប់គ្រងអតិផរណា និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ហើយចំពោះ ក្រសួងផែនការ និងវិនិយោគ ត្រូវជម្រុញគោលនយោបាយទាក់ទាញការវិនិយោគពីក្រៅប្រទេស ឲ្យសកម្មបំផុត។


លើសពីនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ត្រូវបន្តប្រឹងប្រែងជម្រុញការនាំចេញទៅកាន់ ទីផ្សារសំខាន់ ពង្រឹងការប្រើប្រាស់ក្នុងស្រុក និងដោះស្រាយបញ្ហាទំនិញគេចពន្ធ និងក្លែងបន្លំ។


នាយករដ្ឋមន្រ្តីវៀតណាមធ្លាប់បានបញ្ជាក់កាលពីខែសីហាកន្លងទៅដែរថា ប្រទេសវៀតណាម ត្រូវតែសម្រេចឲ្យបាននូវ កំណើន GDP វិជ្ជមានក្នុងឆ្នាំ ២០២០នេះ តាមរយៈការផ្តល់កញ្ចប់ជួយសង្គ្រោះអាជីវកម្ម និងបុគ្គល ហើយជាក់ស្តែង នៅឆមាសទី ១ ឆ្នាំ ២០២០នេះ វៀតណាម សម្រេចបាននូវ កំណើន ១.៨% និងរង់ចំាមើលលទ្ធផលក្នុងឆមាសទី ២ ទៀត។


បើតាមការព្យាករណ៍របស់ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានព្យាករណ៍ថា GDP របស់វៀតណាមអាចនឹងលូតលាស់បាន ១.៨% ក្នុងឆ្នាំ ២០២០នេះ ដោយសារតែ រដ្ឋាភិបាលវៀតណាម ទទួលបាន ជោគជ័យ ក្នុងការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ១៩ និង ទទួលបានផលល្អពីការផ្លាស់ប្តូរខ្សែចង្វាក់ផលិតកម្មពីប្រទេសចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹង សហភាពអឺរ៉ុប។ហើយនៅក្នុងឆ្នាំ ២០២១ខាងមុខ កំណើនសេដ្ឋកិច្ចវៀតណាមអាចនឹងសម្រេចបាន ៦.៣%។


នាយកប្រចាំប្រទេសរបស់ ADB នៅវៀតណាម ក៏បានបញ្ជាក់ដែរថា កំណើននេះ អាចកើតឡើងទៅបាន ដោយមានការគាំទ្រពី ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ការចំណាយសាធារណៈបន្តកើនឡើងវិញ និងការបន្តផ្លាស់ប្តូរបរិយាកាសអាជីវកម្មនៅក្នុងប្រទេស៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024