ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងកសិកម្មអះអាងថា ស្ថានភាពគ្រោះរាំងស្ងួតថ្មីៗនេះ នឹងមិនជះឥទ្ធិពលអាក្រក់ដល់ការនាំចេញអង្ករកម្ពុជាទេ

១៤ កញ្ញា ២០២០ | សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ឯកឧត្តម វេង សាខុន បានអះអាងថា បញ្ហាគ្រោះរាំងស្ងួតដែលបានធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវរបស់កម្ពុជានៅខេត្តមួយចំនួននាពេលថ្មីៗនេះ នឹងមិនជះឥទ្ធិពលអាក្រក់ដល់ការនាំចេញអង្កររបស់កម្ពុជានៅឆ្នាំនេះទេ ត្បិតថា គិតមកដល់សប្ដាហ៍ទី២ នៃខែកញ្ញានេះ ដំណាំស្រូវដែលរងផលប៉ះពាល់ខូចខាតទាំងនេះ ក៏ត្រូវបានស្ដារមកវិញបានខ្លះហើយ ខណៈដែលការខូចខាតនៅមានកម្រិតតិចតួចប៉ុណ្ណោះ។


របាយការណ៍ក្រសួងកសិកម្ម ប្រចាំខែសីហា កន្លងទៅនេះ បានឲ្យដឹងថា ដោយសារតែគ្រោះរាំងស្ងួត បានធ្វើឲ្យដំណាំស្រូវក្នុងខេត្តចំនួន១០ របស់កម្ពុជា បានរងផលប៉ះពាល់ និងខូចខាត ជាពិសេសខេត្តបន្ទាយមានជ័យ, កំពង់ធំ, ព្រៃវែង, សៀមរាប និងកំពង់ចាមជាដើម។

 

គិតសរុបជារួមទៅ ដំណាំស្រូវដែលរងផលប៉ះពាល់ មានប្រមាណជាង១៣ម៉ឺនហិកតា ឬស្មើនឹងជិត១០% នៃផ្ទៃដីដាំដុះសរុប ខណៈដែលតាមការវាយតម្លៃ ដំណាំស្រូវដែលបានខូចខាតសរុបមានជាង៧ពាន់ហិកតា ស្មើនឹងជាង៥% នៃផ្ទៃដីរងផលប៉ះពាល់សរុប។


ទោះយ៉ាងណា តាមរយៈបណ្ដាញ Telegram ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងប្រាប់ PNN ឲ្យដឹងថា រហូតមកដល់សប្ដាហ៍ទី២ នៃខែកញ្ញានេះ ផ្ទៃដីដំណាំស្រូវដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតជាង១៣ម៉ឺនហិកតានោះ គឺបានល្អប្រសើរឡើងវិញហើយ ក្នុងនោះ ផ្ទៃដីដំណាំស្រូវស្ដារឡើងវិញសរុបបានជាង ២ពាន់ហិកតា ស្មើនឹងជាង៣៥% នៃផ្ទៃដីដែលបានខូចខាត។ 

 


ឯកឧត្តម វេង សាខុន បានបន្ថែមទៀតថា ក្រសួងកសិកម្ម ក៏នៅតែបន្ដណែនាំដល់មន្ទីរកសិកម្ម នៅរាជធានីខេត្ត ឲ្យសហការគ្នាជាមួយនឹងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជួយដល់កសិករ ដែលរងគ្រោះ ដើម្បីស្ដារការខូចខាតឡើងវិញ ឲ្យទាន់រដូវកាលដាំដុះ។ 


យ៉ាងណាក៏ដោយចុះ បើតាមរបាយការណ៍ក្រសួងកសិកម្មបង្ហាញថា កាលពីខែសីហា ការនាំចេញអង្កររបស់កម្ពុជា ធ្លាក់ចុះរហូតដល់ទៅ ប្រមាណ ៣៥% ធៀបនឹងខែសីហាកាលពីឆ្នាំ២០១៩ ដោយសារតែគ្រោះរាំងស្ងួត។ ប៉ុន្ដែ សម្រាប់តួលេខនាំចេញអង្ករសរុប ៨ខែ នៅឆ្នាំ២០២០នេះវិញ គឺនៅតែមានការកើនឡើងជាង ៣០%។ 

 


ទោះជាបែបនេះក្ដី សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានលើកឡើងដែរថា ដោយសារតែនៅខែចុងក្រោយកន្លងមកនេះ មានបញ្ហាកង្វះទឹក វាក៏បានធ្វើឲ្យក្ដីរំពឹងលើគោលដៅនាំចេញអង្កររបស់កម្ពុជាឲ្យបានដល់ ៨០ម៉ឺនតោន ឬកៀកទៅនឹង១លានតោននៅឆ្នាំនេះ ទំនងជាមិនអាចសម្រេចទៅបាននោះឡើយ៕

 

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024