ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រសួងពាណិជ្ជកម្មស្វាគមន៍ គម្រោងបង្កើតឲ្យមានតំបន់ពាណិជ្ជកម្មសេរីឌីជីថល ដោយវិស័យឯកជន

១១ កញ្ញា ២០២០ | សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍ចំពោះវិស័យឯកជន ដែលមានគម្រោងបង្កើតឲ្យមានតំបន់ពាណិជ្ជកម្មសេរីឌីជីថល នៅកម្ពុជា ដែលគម្រោងនេះ អាចនឹងជួយសម្រួលកិច្ចការពាណិជ្ជកម្មបានច្រើនយ៉ាង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប។

 

ទន្ទឹមនឹងនេះ គម្រោងនេះ ក៏ជាការដើរស្របទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថលនៅពេលអនាគតផងដែរ។

 


នៅក្នុងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកពិភពលោក កាលពីពេលថ្មីៗនេះ តំណាងក្រុមហ៊ុន Royal Group បានធ្វើបទបង្ហាញទៅកាន់មន្ត្រីតំណាងក្រសួងពាណិជ្ជកម្ម អំពីគម្រោងបង្កើតតំបន់ពាណិជ្ជកម្មសេរី ឌីជីថល ដែលគម្រោងនេះ ត្រូវបានតំណាងក្រុមហ៊ុនក្នុងស្រុកមួយនេះ អះអាងថា នឹងជួយសម្រួលការធ្វើពាណិជ្ជកម្ម ដូចជាអាចជួយគ្រប់គ្រង ផ្ទុកទុក និងវិភាគទិន្នន័យដែលគ្មានក្រដាសស្នាមប្រកបដោយសុក្រឹតភាពខ្ពស់ ភាពប្រាកដប្រជា និងការចំណាយតិច សម្រាប់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

 

 

បន្ថែមពីនេះទៀត គម្រោងនេះក៏នឹងផ្តល់ផលប្រយោជន៍ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឈានទៅសម្រេចបានគោលដៅប្រែក្លាយសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថលនៅឆ្នាំ២០២៣។


ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអះអាងដែរថា ក្រសួងពាណិជ្ជកម្មស្វាគមន៍ចំពោះ គម្រោងឌីជីថលទាក់ទងនឹងវិស័យពាណិជ្ជកម្មនៅកម្ពុជា ប៉ុន្ដែ តម្រូវឲ្យមានការពិគ្រោះយោបល់ជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធជាមុនសិន។ 


គួរបញ្ជាក់ថា តាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន កាលពីពេលកន្លងទៅ ធ្លាប់បានឲ្យដឹងថា សេដ្ឋកិច្ច ឌីជីថលកម្ពុជា កំពុងស្ថិតនៅក្នុងដំណាក់កាលចាប់ផ្ដើមលូតលាស់នៅឡើយ ហើយកម្ពុជាអាចនឹងត្រូវការពេល៥ ឆ្នាំទៀត ដើម្បីបង្កើតនូវមូលដ្ឋានត្រឹមត្រូវ គ្រប់ជ្រុយជ្រោយមួយ ឬដើម្បីត្រៀមខ្លួនរួចរាល់នូវផ្នែកឌីជីថល និងត្រូវការពេល៥ ទៅ ១០ឆ្នាំបន្ទាប់ទៀត ឬអាចច្រើនជាងនេះ ដើម្បីបង្កើតសេដ្ឋកិច្ច ឌីជីថលមួយពេញលេញបាន៕

 

 

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024