ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ក្រសួងអប់រំអនុញ្ញាតឲ្យសាលារដ្ឋក្នុង ខេត្តចំនួន៤ បើកដំណើការឡើងវិញ ក្នុងដំណាក់កាលទី២ចាប់ពី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០

២៧ សីហា ២០២០ | ព័ត៌មានជាតិ

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់PNN ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈដែលមានសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ទូទាំងប្រទេស និងគ្រឹះស្ថានសិក្សាសាធារណៈគ្រប់កម្រិតនៅតាមទីរួមខេត្តចំនួន៤ដែលមានកម្រិតហានិភ័យទាប (ទីរួមខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី) បើកដំណើរការឡើងវិញ បន្ទាប់ពីមានការចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់ដល់ទីតាំងគ្រឹះស្ថានសិក្សា។ 

ក្រៅពីនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យលទ្ធភាពជាក់ស្តែងបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈតាមរាជធានី ខេត្តផ្សេងទៀតតាមទ្រង់ទ្រាយតូច។

ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនពីកម្រិតមត្តេយ្យសិក្សាដល់ឧត្តមសិក្សាបើកដំណើរការឡើងវិញ បន្ទាប់ពីមានការចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់ដល់ទីតាំងគ្រឹះស្ថានសិក្សា។
 គ្រឹះស្ថានសិក្សាឯកជនត្រូវដាក់ពាក្យស្នើសុំបើក មកក្រសួងអប់រំ យុវជន និងកីឡាតាមរយៈមន្ទីរអប់រំ យុវជន និងកីឡា។ 
គ្រឹះស្ថានសិក្សាឯកជនត្រូវចុះកិច្ចព្រមព្រៀងជាមួយក្រសួងអប់រំ យុវជន និងកីឡាមុនការបើកដំណើរការ។

គ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជនត្រូវអនុវត្តគោលការណ៍ដូចខាងក្រោម÷


-វិធានការសុវត្ថិភាពសុខភាពសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ដំណើការសាលារៀនឡើងវិញក្នងបរិបទកូវីដ-១៩ ចុះថ្ងៃទី០៤ សីហា ឆ្នាំ២០២០។

 

-និយាមរៀននិងបង្រៀនថ្មី÷ កំណត់ចំនួនសិស្សប្រមាណ២០នាក់ក្នុង១ថ្នាក់ និងឆ្លាស់វេនគ្នា


-ថ្នាក់ទី៩ និងថ្នាក់ទី១២ ត្រូវអនុវត្តបញ្ចប់កម្មវិធីសិក្សាត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយមិនមានឈប់សម្រាកវិស្សមកាលធំ។


-ចំពោះកម្រិតសិក្សា និងគ្រឹះស្ថានសិក្សាដទៃទៀត ដែលមិនទាន់បានបើកដំណើរការឡើងវិញ ត្រូវបន្តការសិក្សាពីចម្ងាយ។

-សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ÷ ២១ ធ្នូ ២០២០


-សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ÷ ៣០ វិច្ឆិកា ២០២០

 

ស្របពេលជាមួយនឹងការអនុវត្តដំណាក់កាលទី២ ក្រសួងអប់រំ យុវជន និងកីឡានឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធសិក្សាស្ថានភាព និងវាយតម្លៃការរៀបចំរបស់គ្រឹះស្ថានសិក្សាសម្រាប់ត្រៀមខ្លួនបើកដំណើរការដំណាក់កាលទី៣។

 

 

ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី២ នឹងចាប់ផ្តើម ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ សម្រាប់គ្រឹះស្ថានសិក្សាសាធារណ:ខ្លះ និងគ្រឹះស្ថានសិក្សាឯកជនខ្លះ ដោយត្រូវអនុវត្តតាមលក្ខខណ្ឌតម្រូវបច្ចេកទេសនៃការសិក្សា និងការបង្រៀនដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិធីសាស្រ្តនៃការសិក្សាតាមបែបចម្រុះ (រៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញខ្លះ អមដោយសន្លឹកកិច្ចការជំនួយខ្លះ និងសៀវភៅសិក្សាគោលខ្លះតាមតម្រូវការជាក់ស្តែង)៕
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024