ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

នៅពេលបើកដំណើរការមហាវិទ្យាល័យឡើងវិញ គ្រូ និងនិស្សិត ត្រូវចាក់វ៉ាក់សាំងរួច ហើយត្រូវធ្វើតេស្តរកកូវីដ

២៨ កញ្ញា ២០២១ | ព័ត៌មានជាតិ

នៅថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់គោលការណ៍ ១១ចំណុច សម្រាប់បើកដំណើរការឡើងវិញ ក្នុងដំណាក់កាលទី១ សម្រាប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន។ ក្នុងគោលការណ៍ទាំងនោះ ក្រសួងអប់រំ បានកំណត់ថា ក្នុង ១ថ្នាក់ មិនឲ្យលើសពី ២០នាក់ ហើយគ្រូ និងនិស្សិត ដែលត្រូវចូលរៀនក្នុងថ្នាក់ដោយផ្ទាល់ ត្រូវតែចាក់វ៉ាក់សាំងរួច និងត្រូវធ្វើតេស្ត យកសំណាក រកកូវីដ១៩ ជាដើម។

 


ក្នុងសេចក្តីណែនាំ ស្តីពី ការបើកដំណើរការឡើងវិញ ក្នុងដំណាក់កាលទី១ សម្រាប់គ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងឯកជន ដែលចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញានេះ ក្រសួងអប់រំ បានកំណត់ថា ការបើកដំណើរការបង្រៀន និងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ នៅគ្រឹះស្ថានឧត្តមសិក្សា ត្រូវចាប់ផ្តើមពីកម្រិតសាកល្បង ហើយត្រូវគោរពតាមបទដ្ឋានសុខាភិបាលជាចាំបាច់។ ក្នុងនោះ និស្សិត អាចចូលរៀនដោយផ្ទាល់ក្នុងថ្នាក់រៀន ត្រឹមតែ ២០នាក់ ក្នុង ១ថ្នាក់ ហើយក៏អាចរៀនតាមប្រព័ន្ធអនឡាញ ដូចរាល់ថ្ងៃ ដោយគោលការណ៍ស្ម័គ្រចិត្ត និងសមធម៌។

 


ក្រសួងអប់រំ ផ្តល់សិទ្ធិឲ្យគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងទាំងឯកជននិមួយៗ ក្នុងការសម្រេចចិត្ត និងការទទួលខុសត្រូវ ក្នុងការកំណត់កាលបរិច្ឆេទ នៃការបើកដំណើរការបង្រៀន និងរៀន នៅតាមមហាវិទ្យាល័យឡើងវិញ។ 

ក្រសួងអប់រំ ក៏បានកំណត់ពីការធ្វើតេស្តកូវីដ១៩ លើសាស្ត្រាចារ្យ និងនិស្សិតគ្រប់រូប ប្រសិនបើមានលទ្ធភាព។ នោះគឺមុនពេលចាប់ដំណើរការ និងក្នុងពេលសាកល្បងបង្រៀន និងរៀន គឺគ្រឹះស្ថានឧត្តមសិក្សា ត្រូវរៀបចំផែនការធ្វើតេស្តរហ័ស រកអង់ទីហ្សែន កូវីដ១៩ ដោយចៃដន្យ និងជាប្រចាំសម្រាប់បុគ្គលិកអប់រំ និងនិស្សិត តាមលទ្ធភាពធនធានជាក់ស្តែងរបស់គ្រឹះស្ថានសិក្សា។

 


ក្រសួងអប់រំ ក៏បានកំណត់ថា ការរៀន និងបង្រៀន ក្នុងថ្នាក់ គឺសាស្ត្រាចារ្យ និងនិស្សិត ត្រូវបានចាក់វ៉ាក់សាំង និងដែលគ្មានរោគប្រចាំខ្លួន។ រីឯបុគ្គលិកអប់រំ ឬនិស្សិត ដែលមានអាយុលើសពី ៥០ឆ្នាំឡើងទៅ ឬដែលមានជំងឺប្រចាំកាយ គួរតែបន្តបង្រៀន និងរៀន តាមប្រព័ន្ធអនឡាញ។


សូមរម្លឹកថា ការរៀបចំបើកដំណើរការថ្នាក់មហាវិទ្យាល័យ នាពេលនេះ បានធ្វើឡើង បន្ទាប់ពីបើកដំណើរការសាលារៀនឡើងវិញ នៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ កាលពីពាក់កណ្តាលខែកញ្ញានេះ។ នៅភ្នំពេញ មុនពេលបើកសាលារៀនឡើងវិញ រកឃើញគ្រូ ២៤នាក់ ហើយ ១ថ្ងៃក្រោយមក ក៏រកឃើញសិស្ស ២៣នាក់  ឆ្លងកូវីដ១៩។ ប៉ុន្តែករណីនេះ មិនមានការឆ្លងរាលដាល ក្នុងសាលារៀនឡើយ៕

អត្ថបទ៖ លី ម៉េងហួរ        រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024