ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ម្ចាស់សាលាឯកជនផ្តើមមានសង្ឃឹមថា នឹងបើកសាលារៀនឡើងវិញ ក្រោយការចាក់វ៉ាក់សាំងដល់កុមារ

២៩ កក្កដា ២០២១ | ព័ត៌មានជាតិ

បន្ទាប់ពីមានការប្រកាសជាក់លាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាក់សាំង ដល់កុមារ និងយុវវ័យ បានធ្វើឲ្យមានការសាទរជាច្រើន។ ក្នុងនោះ គ្រឹះស្ថានសិក្សាឯកជន ដែលបានបិទទ្វារអូសបន្លាយជាយូរមកហើយនោះ បានបង្ហាញក្តីរីករាយ ក្នុងការឆ្ពោះទៅការបើកសាលារៀនឡើងវិញ ជាជំហានៗ និងពិតជាចង់ឃើញសិស្សានុសិស្ស ត្រឡប់មកសាលារៀនវិញ។

 


មានការសាទរជាច្រើនបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល បានប្រកាសពីការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុពី ១២ឆ្នាំ ដល់១៧ឆ្នាំ។ ក្នុងនោះ គ្រឹះស្ថានសិក្សាឯកជនភាគច្រើន ដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការបិទសាសាអស់រយៈពេលជាយូរមកហើយនោះ បានចាប់ផ្តើមមានសង្ឃឹមឡើងវិញ។


លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Westline Education Group បានប្រាប់ភីអិនអិននៅថ្ងៃទី២៧ ខែកក្កដានេះថា គឺជាដំណឹងដ៏រីករាយបំផុត សម្រាប់វិស័យអប់រំ ក៏ ដូច ជាសិស្សានុសិស្ស និងឪពុកម្ដាយ អាណាព្យាបាលសិស្សផង ព្រោះថា វិបត្តិដែលបង្កឡើងដោយជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះ ពាល់ដល់គុណភាព នៃការសិក្សារបស់សិស្ស និងប៉ះពាល់ដល់សាលារៀនឯកជន ក្នុងរយៈពេលប្រមាណជិត ២ឆ្នាំមកនេះ។

 


ម្ចាស់សាលារៀនឯកជនរូបនេះ បានបង្ហាយក្តីរំពឹងថា នៅពេលសិស្សានុសិស្សាទទួលបានវ៉ាក់សាំងរួចរាល់ហើយនោះ គួរតែនៅអំឡុងខែ១០ ឬ ១១ខាងខាងមុខនេះ ប្រហែលជាសិស្សមធ្យម អាចនឹងចូលរៀនបានខ្លះ ជាជំហានៗ ទៅតាមស្តង់ដារសុវត្ថិភាព។


ជាមួយគ្នានេះ ក្នុងនាមសហព័ន្ធសេវាអប់រំនៅកម្ពុជា លោក ប៉ិច បូឡែន បានអះអាងថា សហព័ន្ធនឹងមានចលនាលើកទឹកចិត្តដល់មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ឲ្យមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការនាំកូនចៅរបស់ខ្លួនដែលគ្រប់អាយុទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដឲ្យបានគ្រប់គ្នា នៅពេលយុទ្ធនាការចាប់ផ្ដើម។

 


 គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងតាមគោលការណ៍ស្ម័គ្រចិត្តដល់កុមារ និងយុវវ័យ អាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ  នឹងចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យ ទី១ ខែសីហាខាងមុខនេះ ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ មុនគេ។ ការចាក់វ៉ាក់សាំង ដើម្បីធ្វើឲ្យមានភាពសុំា នៅក្នុងសង្គមកាន់តែច្រើននេះ  គេរំពឹងថា អ្វីៗអាចនឹងបើកដំណើរការឡើងវិញ រាប់ទាំងសាលារៀន ផងដែរ៕


អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024