ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

អ្នកជំនាញថា ការបើកសាលារៀនឡើងវិញបណ្តើរៗ និងការអាននៅតាមផ្ទះ កាន់តែសំខាន់

២៧ កញ្ញា ២០២១ | ព័ត៌មានជាតិ

មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ធ្វើការលើវិស័យអំណាន បានអះអាងថា នៅពេលដែលសាលារៀនបើកដំណើរការឡើងវិញបណ្តើរៗនេះ ការអាននៅតាមផ្ទះ កាន់តែមានសារសំខាន់ជាងមុនទៅទៀត សម្រាប់ការសិក្សារបស់សិស្ស ព្រោះមានតែអំណាននៅតាមផ្ទះប៉ុណ្ណោះ ដែលអាចជួយបំពេញបន្ថែមនូវភាពចន្លោះប្រហោងដ៏ច្រើន នៃការសិក្សារបស់សិស្ស តាំងពីសាលារៀនបិទ រហូតដល់ពេលដំណើរការឡើងវិញបណ្តើរៗនេះ។
 


ការបើកដំណើរការសាលារៀនឡើងវិញបណ្តើរៗមកនេះ ការអាននៅតាមផ្ទះ មិនត្រឹមតែមិនបានថមថយនូវភាពសំខាន់ និង ចាំបាច់ របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែការអាននៅតាមផ្ទះ កាន់តែសំខាន់ និង ចាំបាច់ថែមទៀត សម្រាប់ការសិក្សារបស់សិស្ស ព្រោះមានតែការអាននៅតាមផ្ទះប៉ុណ្ណោះ ទើបអាចជួយបំពេញបន្ថែមនូវភាពខ្វះចន្លោះ នៃ ការសិក្សារបស់សិស្ស ក្នុងពេលសាលារៀនបិទកន្លងមក ព្រោះអំឡុងពេលបិទសាលារៀនក្តី ពេលសាលារៀនបើកដំណើរឡើងិវញបណ្តើរៗហើយក្តី ក៏ការសិក្សារបស់សិស្សពិតជាមានភាពខ្វះចន្លោះមួយចំនួន ។ នេះគឺជាការពន្យល់របស់លោក ហោ សុខៈ នាយកកម្មវិធីអំណាន នៃ អង្គការ រូម ធូ រីដ កម្ពុជា អំពីភាពចំបាច់ និង សារសំខាន់ នៃ ការអាននៅតាមផ្ទះ ប្រាប់ PNN តារយៈ តេឡេហ្ក្រាម នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នេះ។

 


លោក ជា វ៉ាន់ថា នាយកប្រចាំប្រទេស នៃ អង្គការ រូម ធូ រីដ កម្ពុជា ដដែល បានបន្ថែមថា មាតាបិតាអាណាព្យាបាល និង លោកគ្រូ អ្នកគ្រូ ត្រូវបង្កើនទំនាក់ទំនងគ្នាបន្ថែមទៀត ដើម្បី ខ្ចីសៀវភៅពីសាលារៀនសម្រាប់កុមារអាននៅផ្ទះ ឱ្យបានកាន់តែច្រើន ចំណែកក្រសួងអប់រំ ក៏ដូចជាមន្ទីរអប់រំទូទាំងប្រទេស និង សាលារៀនទាំងអស់ ធ្វើយ៉ាងណា ជំរុញឱ្យគ្រប់សាលារៀននៅទូទាំងប្រទេស បើទោះបីជាបានដំណើរការបណ្តើរៗឡើងវិញហើយក្តី មិនទាន់បានដំណើរការឡើងវិញក្តី ក៏ត្រូវតែដំណើរការបណ្ណាល័យជាប់ជាប្រចាំ ដើម្បី ឱ្យមាតាបិតាអាណាព្យាបាលសិស្ស អាចខ្ចីសៀវភៅពីបណ្ណាល័យសាលា សម្រាប់កុមារអាននៅឯផ្ទះបានគ្រប់ពេលវេលា ។

 


គួរជម្រាបជូនផងដែរថា ដោយសារតែមើលឃើញអំពីសារសំខាន់ និង ភាពចាំបាច់ នៃ ការអាននៅតាមផ្ទះ ទើបកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នេះ អង្គការរូមធូរីដ កម្ពុជា បានផ្តល់សៀវភៅអំណានបន្ថែមសម្រាប់កុមារអានតាមផ្ទះ ចំនួនជាង ១ លាន ៤ សែន ក្បាល ដល់ ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់យកទៅជូនសិស្សានុសិស្សជាង ៩ ម៉ឺន ៣ពាន់ នាក់ នៅក្នុងសាលាបឋមសិក្សាគោលដៅ ២៦៣ សាលា នៃ ខេត្តបន្ទាយមានជ័យ កំពង់ស្ពឺ ព្រៃវែង និង ខេត្តត្បូងឃ្មុំ ។

 


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានមានប្រសាសន៍ថា ការជួយឱ្យកុមារចេះអាន និង សរសេរនៅថ្នាក់ទី១ និង ថ្នាក់ទី២ គឺជាមូលដ្ឋានគ្រឹះ ក្នុងការបន្តការសិក្សានៅថ្នាក់បន្តបន្ទាប់ និង កាត់បន្ថយនូវការបោះបង់ការសិក្សា។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានផ្តាំផ្ញើដល់សិស្សានុសិស្សនៅទូទាំងប្រទេស ឱ្យយកចិត្តទុកដាក់ខិតខំរៀនសូត្រ និង ស្វ័យសិក្សានៅផ្ទះ ក្រោមការជួយជំរុញ និង គាំទ្រពីមាតាបិតា អាណាព្យាបាល ទាំងក្នុងអំឡុងពេលសាលារៀនផ្អាកដំណើរការ សាលារៀនបើកដំណើរការឡើងវិញ និង ជារៀងរហូតតទៅ៕

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024