ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ក្រសួងអប់រំកំណត់ថា សាលារៀនរដ្ឋ និងឯកជន ដែលមានហានិភ័យទាប អាចបើកបង្រៀនសិស្សឡើងវិញ មិនឲ្យលើស ១៥នាក់ក្នុង ១ថ្នាក់

០១ កញ្ញា ២០២១ | ព័ត៌មានជាតិ

នៅរសៀលថ្ងៃទី៣១ ខែសីហានេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំមួយ ស្តីពី ការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិសាស្ត្រ ដែលមានហានិភ័យទាប។ ក្នុងនោះ សាលារៀនរដ្ឋ និងសាលាឯកជន ដែលត្រូវបើកបង្រៀនឡើងវិញ ត្រូវមានសិស្សចូលរៀន មិនឲ្យលើសពី ១៥នាក់ ក្នុង ១ថ្នាក់។

 


ក្នុងសេចក្តីណែនាំថ្មីនេះ ក្រសួងអបរំ លើកឡើងថា ដើម្បីធានាបាននូវការបន្តការសិក្សារបស់សិស្សានុសិស្ស និស្សិត ចាប់ពីខែកញ្ញា រហូតដល់ការបិទបញ្ចប់ឆ្នាំសិក្សា ឆ្នាំ២០២០-ឆ្នាំ២០២១ នៅខែវិច្ឆិកា ឆ្នាំ២០២១ និងដើម្បីរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ក្នុងខែវិច្ឆិកា និងមធ្យមសិក្សាទុតិយភូមិ ក្នុងខែធ្នូ ឆ្នាំ២០២១។


សម្រាប់រយៈពេល ៣ខែមុនបិទបញ្ចប់ឆ្នាំសិក្សា ២០២០-២០២១ ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន អាចពិនិត្យលទ្ធភាពអនុវត្តការបង្រៀន និងរៀនតាមបណ្តុំ អាស្រ័យលើស្ថានភាព ធនធាន និងការច្នៃប្រឌិតរបស់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ នៅភូមិសាស្ត្រ ដែលធានថា មិនមានការឆ្លងជំងឺកូវីដ១៩ ជាពិសេសនៅតាមក្រុង-ស្រុក-ខណ្ឌ ដែលចាត់ទុកថា មានសុវត្ថិភាព នៅតាមខេត្តមួយចំនួន ឬយ៉ាងហោចណាស់ ការរៀនជាបណ្តុំចំនួនតិចជាង ១៥នាក់ នៅតាមថ្នាក់រៀន នៅតាមក្រុងស្រុកខណ្ឌ ដែលគ្មានការឆ្លងជំងឺកូវីដ១៩។

 


ក្នុងសេចក្តីណែនាំដដែល ក្រសួងអប់រំ លើកឡើងថា យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលឲ្យពិនិត្យលទ្ធភាពបើកសាលារៀនឡើងវិញនោះ ក្រសួងសូមធ្វើការណែនាំនូវគោលការណ៍សំខាន់ៗមួយចំនួន ដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស ស្តីពីការបង្រៀន និងរៀនតាមបណ្តុំ នៅតាមគ្រឹះស្ថានសិក្សា នៅភូមិសាស្ត្រ ដែលមានហានិភ័យទាប រួមមាន៖ ការបើកដំណើរការឡើងវិញ គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត នៅតាមក្រុងស្រុក ខណ្ឌ ដែលមានហានិភ័យទាប ដោយអាជ្ញាធររាជធានីខេត្ត ត្រូវធ្វើការវាយតម្លៃស្ថានភាពជាក់ស្តែង និងការអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានសុខាភិបាលចាំបាច់នានា។ ក្នុងនោះ គណៈអភិបាលរាជធានី ខេត្ត ត្រូវកំណត់ភូមិសាស្ត្រ ដែលមានហានិភ័យខ្ពស់ ភូមិសាស្ត្រ ដែលមានហានិភ័យទាប និងភូមិសាស្ត្រ ដែលពុំមានការឆ្លងជំងឺកូវីដ១៩។ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ក៏ត្រូវពិភាក្សាជាមួយគណៈអភិបាលរាជធានីខេត្ត ដើម្បីជ្រើសរើសសាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលមានលទ្ធភាពបើកដំណើរការឡើងវិញ។

 


ក្រសួងអប់រំ ក៏បានកំណត់ឲ្យបន្តរៀនតាមបណ្តុំ ដែលមានចំនួនតិចជាង ១៥នាក់ និងឆ្លាស់វេន ឬការរៀនតាមបែបចម្រុះ ចំពោះតំបន់ប្រជុំជន និងទីក្រុង ដែលមានការឆ្លងតិច និងមានការចាក់វ៉ាក់សាំងរួចហើយ។ ក្នុងនោះ ផ្តល់អាទិភាពទៅលើសិស្សថ្នាក់ទី៩ និងទី១២ ឲ្យរៀននៅតាមសាលារៀន ប៉ុន្តែក្នុងរូបភាព ជាការរៀនតាមបណ្តុំ ដែលមានចំនួនតិចជាង ១៥នាក់ និងឆ្លាស់វេន ដើម្បីងាយស្រួលក្នុងការបង្រៀន និងការគ្រប់គ្រង។ ចំពោះកម្រិតថ្នាក់ផ្សេងទៀត អាចរៀបចំការរៀនជាបណ្តុំ មិនឲ្យលើសពី ១៥នាក់ ទៅតាមស្ថានភាពជាក់ស្តែង ដោយអាចរៀបចំការរៀនតាមបណ្តុំនៅសាលារៀន និងបែងចែកវេន ឬបណ្តុំតាមចម្រុះថ្នាក់ ឬអាចរៀបចំនៅតាមផ្ទះ វត្តអារាម ឬកន្លែងសមស្រប។

 


ក្រសួងអប់រំ ក៏បានណែនាំឲ្យមានការបង្រៀន និងរៀនពីចម្ងាយ តាមអនឡាញ ចំពោះភូមិសាស្ត្រ ដែលមានហានិភ័យខ្ពស់ រួមទាំងការអនុវត្តកម្មវិធីសិក្សាបង្រួញ។
ក្រសួងអប់រំ ក៏បានណែនាំឲ្យពង្រឹងវិធានការការពារសុខភាពបុគ្គលិកអប់រំ អ្នកសិក្សា ជាពិសេសគ្រូបង្រៀន ដែលមានអាយុលើសពី ៥០ឆ្នាំឡើងទៅ និងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ តាមសាលារៀន ក៏មិនអនុញ្ញាតឲ្យមានការលក់ដូរចំណី ឬអាហារ និងសកម្មភាពហាត់កីឡា នៅក្នុងគ្រឹះស្ថានសិក្សានោះទេ។ ចំពោះគ្រូបង្រៀន ដែលមានអាយុលើសពី ៥០ឆ្នាំឡើងទៅ គួរតែបង្រៀនតាមអនឡាញ៕


អត្ថបទ៖ លី ម៉េងហួរ        រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024