ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

នៅសល់សាលារៀន ៥ទៀតប៉ុណ្ណោះ នៅរាជធានីភ្នំពេញ ដែលកំពុងបន្តធ្វើជាមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩

០៨ កញ្ញា ២០២១ | ព័ត៌មានជាតិ

ដោយសារស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាល នៅសល់សាលារៀន៥ ប៉ុណ្ណោះនៅរាជធានីភ្នំពេញ ដែលកំពុងបន្តជាមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងធ្វើជាកន្លែង យកសំណាក ជាដើម។  មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លើកឡើងថា ប្រសិនបើសាលារៀនទាំង ៥ទីតាំង នៅមានអ្នកកំពុងធ្វើចត្តាឡីស័ក ឬមានអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាល ដែលមិនអាចរៀបចំអោយទាន់នៅពេលការបើកដំណើរការសាលាឡើងវិញ មកដល់នោះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នឹងចល័តសិស្សទៅរៀននៅក្នុងសាលាផ្សេងទៀត ដែលនៅក្នុងតំបន់នោះ។

 


រហូតមកដល់ពេលនេះ នៅសល់សាលារៀន៥ ប៉ុណ្ណោះនៅរាជធានីភ្នំពេញ ដែលកំពុងបន្តជាមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងធ្វើជាកន្លែងយកសំណាក ខណៈដែលកាលពីពេលផ្ទុះឡើងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈដំបូងមាន រហូតដល់ជាង១០០សាលា។ នេះតាមការបញ្ជាក់របស់លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ប្រាប់ភីអិនអិន នៅថ្ងៃទី០៧ ខែកញ្ញា នេះ។ 


លោក ហែម ស៊ីណារ៉េត បានបន្តថា សម្រាប់ការបើកដំណើរការសាលាឡើងវិញនេះក្នុងពេលខាងមុខនេះ ប្រសិនបើសាលារៀនទាំង៥ទីតាំង នៅមានអ្នកកំពុងធ្វើចត្តាឡីស័ក ឬមានអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាល ដែលមិនអាចរៀបចំអោយទាន់ពេលនោះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នឹងធ្វើការចល័តសិស្សទៅរៀននៅក្នុងសាលាផ្សេងទៀត ដែលនៅក្នុងតំបន់នោះ។

 


ចំពោះការបើកដំណើរការសាលារៀនឡើងវិញនេះ លោកប្រធានមន្ទីរ បានបញ្ជាក់ថា ទាំងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នាយកសាលា លោកគ្រូអ្នកគ្រូបានត្រៀមរួចហើយ ឱ្យតែក្រសួងអនុញ្ញាតបើកដំណើរការពេលណា គឺអាចបើកសាលាបានភ្លាមៗតែម្តង ហើយតាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា បានតម្រូវឱ្យដាក់សិស្សក្នុង១ថ្នាក់មិនលើសពី១៥នាក់នោះឡើយ ដោយចែកសិស្ស៣០នាក់ជាពីរ អោយរៀនឆ្លាស់គ្នា មួយក្រុមរៀននៅផ្ទះ និងមួយក្រុមទៀតរៀននៅសាលា តែត្រូវកាត់បន្ថយការសិក្សាទៅតាមចំនួនសិស្សតិចឬច្រើន។

 


គួររម្លឹកថា បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានសាលារៀនសាធារណៈចាប់ពីកម្រិតមតេយ្យសិក្សារហូតដល់វិទ្យាល័យមានចំនួន២៥៣សាលា និងសាលាឯកជនមាន ប្រមាណ៥២០សាលា ដោយមិនរាប់បញ្ចូលកម្រិតឧត្តមសិក្សានោះទេ។ កាលពីពេលផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សាលារៀនជាច្រើននៅរាជធានីភ្នំពេញ បានប្រែក្លាយមណ្ឌលចត្តាឡ័ស័ក មណ្ឌលព្យាបាល កន្លែងយកសំណាក និងជាទីបញ្ជាការស្រាលរបស់រដ្ឋបាលខណ្ឌ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាដើម។

 


គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរ រាជធានី ខេត្ត ពិនិត្យមើលលើការបើកសាលារៀនឡើងវិញ នៅតាមភូមិ ឃុំដែលមិនមានការឆ្លងជំងឺកូវីដ-១៩  និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរងចាំការបើកសាលារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន នៅពេលដំណើរការសាលារៀនឡើងវិញផងដែរ ៕

អត្ថបទ៖ សន រដ្ឋា  រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024