ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ប៉ះគ្នាលើកដំបូង ប្រុសខួច ទាក់ចិត្តឲ្យ ចែ ឡេង សរសើរមិនដាច់ពីមាត់

២៨ មេសា ២០២០ | កម្សាន្ដ

ប៉ះគ្នាលើកដំបូងក្នុងតំណែងតួឯករួមគ្នាក្នុងរឿង «សង្រ្គាមមរតក» របស់ស្ថានីយ៍ទូរទស្សន៍ PNN ស្រីស្អាតតូចច្រឡឹងមុខ Cute ចែ ឡេង បានពោលសរសើរកម្លោះសង្ហារ ប្រុស ខួច មិនដាច់ពីមាត់តែម្តង នូវចំនុចពិសេសៗជាច្រើនរបស់តារាសម្តែងប្រុសនេះ។ 

 

 

ចែ ឡេង រៀបរាប់ថាតារាប្រុសមុខញញឹមស្រស់មិនចេះរីងស្ងួត ប្រុស ខួច មិនត្រឹមចិត្តល្អ តែជាសុភាពបុរសគួរឲ្យស្រលាញ់ ចិត្តទូលាយ យកចិត្តទុកដាក់ជាមួយក្រុមការងារគ្រប់គ្នា។ ចំណែកពេលសម្តែង កម្លោះសង្ហាររូបនេះតែងបើកបេះដូង ជារៀមច្បងម្នាក់ផ្តល់ដំបូន្មានច្រើនឲ្យកញ្ញា ក៏ព្រោះតែ ប្រុសខួច មានបទពិសោធន៍ច្រើន។

 

តួស្រីដែលកំពុងទទួលបានប្រជប្រិយភាពរូបនេះ លាន់មាត់សរសើរទៀត ថា ប្រុសខួច  មិនវាយឬកប្រកាន់ច្រើនឡើយ មានតែឲ្យជាយោបល់កែលម្អរចំណុចខ្វះខាតកំឡុងពេលសម្តែងជាមួយ ដែលបានជួយឲ្យកញ្ញាបង្ហាញសមត្ថភាពរបស់ខ្លួនកាន់តែបានល្អឡើងទៀត ក្នុងរឿងថ្មីមួយនេះ។

 


ដោយឡែកងាកទៅកម្លោះសង្ហារញញឹមឆក់បេះដូង ប្រុស ខួច ឯណោះវិញ ក៏ជាប់ចិត្ត សរសើរដៃគូរថ្មីនេះដូចគ្នាដែរ ក្នុងការសម្ដែងរួមគ្នាជាលើកដំបូងយ៉ាងណាក្តី។ តាមរយៈការចាប់ដៃគូរគ្នាលើកដំបូងនេះ តារាយុវវ័យដ៏លេចធ្លោរទាំងពីរដួង រំពឹងយ៉ាងមុតមាំថា ភាពយន្តភាគថ្មីដែលកំពុងចាក់បញ្ចាំង នឹងអាចជួយរុញច្រានប្រជាប្រិយភាពរបស់ខ្លួនក្នុងវិស័យភាពយន្ត ក្រសោបបានទីផ្សារកាន់តែ ខ្លាំងទៀតជាក់ជាមិនខាន។

 

“សង្រ្គាមមរតក” ជាភាពយន្តភាគថ្មី ស្តែងពីទំនាស់រ៉ាំរ៉ៃនៃគ្រួសារត្រកូលអភិជន ដែលមានទ្រព្យសម្បត្តិស្ដុកស្តម្ភ ពោរពេញដោយភាពច្រណែន ឈ្នានីស នៃមហិច្ឆិតាដណ្ដើមមរតក។ ភាពយន្តដែលកំពុងឆក់ការគាំទ្រមួយនេះ ក៏រំលេចជីវិតស្នេហា មនោសញ្ចេតនា ប្រទាក់ក្រឡាគ្នាពីមួយវគ្គទៅមួយវគ្គ យ៉ាងជក់ចិត្ត ជាទីបំផុត ដែលកំពុងចាក់ផ្សាយក្នុងបច្ចេកវិទ្យាផ្សាយរូបភាព កម្រិតខ្ពស់លើប៉ុស្តិ៍ PNN រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ចាប់ពីម៉ោង៨ ដល់៩ យប់៕ 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024