ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ម៉ានីកា នៅមានយីអ៊ុនក្ដោបបានទីផ្សារភាពយន្តខ្មែរ ខណៈសិល្បៈរង្គោះរង្គើដោយសារ កូវីដ១៩

២៨ មេសា ២០២០ | កម្សាន្ដ

ស្របពេលតារាសម្តែងជាច្រើនស្ងាត់ការងារសិល្បៈដោយសារអំណាចនៃការរាតត្បាតជំងឺ កូវីដ ១៩  បើនិយាយពីតារាសម្តែង ម៉ានីកា វិញ នៅតែមានហាងឆេងល្អក្នុងអាជីព គឺទទួលបានកាងារជាបន្តបន្ទាប់។ ជាក់ស្តែងថ្មីៗនេះនាងកំពុងថតរឿងថ្មីមួយមានចំណងជើងថា « ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសារ » ដោយទទួល បានតម្លៃខ្លួនខ្ពស់គួរសម។

 

យីអ៊ុនរបស់ ម៉ានីកា ឡើងស្រឺតៗ កាល ពីមុនផ្ទុះជំងឺ កូវីដ ១៩ គឺនាងស្រូបបានទីផ្សារថតរឿងថ្មីៗជាហូរហែ។ បើទោះបីជានាងមិនស្ថិតក្នុង តំណែងតួឯកស្រី តែក៏ក្ដោបក្ដាប់បានជាតួអង្គដែល លេចធ្លោខ្លាំងមិនចាញ់តួឯកប៉ុន្មាននោះឡើយ។ 

 

 

បើយើងនិយាយពីស្ថានភាពភាពយន្ត បច្ចុប្បន្នគឺកំពុងស្ងប់ស្ងាត់និងមានសិល្បករជាច្រើនត្អូញត្អែរពីការ ថយចុះកាងារ ដោយសារ កូវីដ១៩។ ប៉ុន្តែសម្រាប់តារាសម្តែង ម៉ានីកា ឯនេះវិញ នៅតែកាក់កប ក្នុងការទទួលបានការថតរឿងជាបន្តបន្ទាប់ មិនរងផលប៉ះពាល់ខ្ពស់ពេកនោះទេ។  


ម៉ានីកា បានឱ្យដឹងថា ក្នុងឆ្នាំ ២០២០ នេះនាងទទួលថតរឿងថ្មីៗ ក្នុងផលិតកម្មនានា យ៉ាងរដឹកតែម្ដង។ ជាក់ស្តែងថ្មីៗនេះនាងបានទទួលថតរឿងថ្មី  « ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសា » ដែលត្រៀមបញ្ចាំងនៅលើកញ្ចក់ទូរទ្សន៍ PNN ក្នុងពេលឆាប់ៗខាងមុខ ។

 

 

ក្នុងរឿងនេះផងដែរ ម៉ានីកា សម្តែងជាតួអង្គបងស្រីទី ២ ត្រូវមើលថែគ្រួសារដ៏ធំមួយ ដែលឆ្លង ២ សម័យកាលផ្សេងគ្នា ពីសម័យបុរាណចូលដល់សម័យ បារាំង។  នេះជាលើកដំបូងហើយដែលនាងមានឱកាសបានសម្តែងរឿងបែបនេះ នាងសង្ឃឹមថា ស្នាដៃថ្មីនេះនឹងកាន់តែធ្វើឱ្យកេរ្តិ៍ឈ្មោះនាងផ្ទុះឡើងខ្លាំងថែមមួយកម្រិតទៀត ។

 

ថ្វីត្បិតតែពេលនេះ ម៉ានីកា ចេញថតហូរហែ ទៅតាមគម្រោងដែលបានគ្រោងទុកថ្មី តែនាងបានទទួលស្គាល់ថា តាំងពីមានជំងឺ កូវីដ ១៩ មក បានធ្វើឱ្យការងារសិល្បៈនាងមួយចំនួនមានការធ្លាក់ចុះនិងបាត់បង់ប្រាក់ចំណូលខ្លះៗ ផងដែរ។ នាងសង្ឃឹមថាអ្វីៗនឹងល្អប្រសើរក្នុងពេលឆាប់ៗនេះ ។ 

 

 

គួរបញ្ជាក់ផងដែរថា តារាសម្តែង ម៉ានីកា កាន់តែលេចធ្លោខ្លាំងក្នុងវិស័យភាពយន្តក្រោយពីមានវត្តមាននៅក្នុងរឿង « សព្វសិទ្ធិ » ដែលកំពុងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN។   ទស្សនិកជនជាច្រើនដែលបានទស្សនាភាពយន្តក្នុងស្រុកដ៏រស់រវើកនេះ បានលាន់មាត់ថា ម៉ានីកា មានសម្តែងល្អណាស់នៅក្នុងរឿងនេះ ៕   

 

អត្ថបទ៖ ម៉ា រីសា 
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024