ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ផលិតករ ទម្លាយ​មូលហេតុ​ផ្ដួចផ្ដើម​ផលិត​រឿង​ភាគ «ភក្តី​ស្នេហ៍​ទ្វេ​ភព»

៣០ ធ្នូ ២០១៦ | កម្សាន្ដ

កាល​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន ចាងហ្វាង​ផលិតកម្ម និង​ជា​ផលិតករ​នៃ​ផលិតកម្ម AD MUSIC លោក អ៊ុង ឌុចសិត្ថាវីរៈ បាន​លើក​ឡើង​ក្នុង​កិច្ចសម្ភាស​ពិសេស​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន ពី​មូល​ហេតុ​ចម្បង​ដែល​ភីអិនអិន សម្រេច​ចិត្ត​ប្រគល់​រឿង​ទុំ​ទាវ​ឲ្យ​មក​ផលិតកម្ម​លោក យក​មក​ផលិត​ថ្មី និង​ថត​ជា​ខ្សែ​ភាពយន្ត​ភាគ​ដោយ​ដាក់​ចំណង​ជើង «ភក្តី​ស្នេហ៍​ទ្វេ​ភព» និង​កំពុង​តែ​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន។

 

លោក​ថា ដោយសារ​តែ​រឿង​ទុំ​ទាវ ជា​រឿង​អក្សរសិល្ប៍​ខ្មែរ​ដ៏​ល្បី និង​មាន​បង្កប់​ទស្សនៈ​មួយ គឺ​នំ​មិន​ធំ​ជាង​នាឡិ ដែល​ផ្តល់​ជា​ចម្ងល់​ដល់​យុវជន​សម័យ​ថ្មី ហើយ​មក​ដល់​សព្វ​ថ្ងៃ​នេះ​អ្វី​ដែល​យុវជន​ទទួល​បាន គឺ​ហាក់​ដូចជា​ផ្ទុយ​ស្រឡះ និង​ម្យ៉ាង​ទៀត​ដោយ​ភីអិនអិន មាន​គោល​ការណ៍​គាំទ្រ​សាច់​រឿង​ក្នុង​ស្រុក​ច្រើន ជា​ជាង​ការ​ទិញ​សាច់​រឿង​បរទេស ក្នុង​នោះ​ភីអិនអិន បាន​កំណត់​ឲ្យ​លោក​រក្សា​សាច់​រឿង​បុរាណ​តាម​លំនាំ​រឿង​ដើម ឯ​សាច់​រឿង​សម័យ​គឺ​ត្រូវ​និពន្ធ​ទៅ​តាម​បរិបទ​សម័យ​បច្ចុប្បន្ន ដើម្បី​ឲ្យ​មាន​ការ​ទាក់​ទាញ​ជូន​ទស្សនិកជន​ទស្សនា។

 

 

លោក​បញ្ជាក់​បន្ថែម​ថា រឿង «ភក្តី​ស្នេហ៍​ទ្វេ​ភព» លោក​ផលិត​យ៉ាង​សម្រិតសម្រាំង ដោយ​ចំណាយ​ពេល​វេលា​ក្នុង​ការ​ផលិត​រហូត​ដល់​ទៅ​មួយ​ឆ្នាំ មុន​នឹង​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ ហើយ​ក៏​មាន​ការ​ថ្លឹងថ្លែង​សាច់​រឿង​រវាង​សម័យ​កាល​ចាស់ និង​សម័យ​កាល​ថ្មី ក្នុង​សាច់​រឿង​តែ​មួយ​ដោយ​សារ​តែ​រឿង​នេះ​មាន​លាយ​គ្នា​ទាំង​ឈុត​ឆាក​បុរាណ និង​សម័យ។ ជា​ពិសេស បទ​ចម្រៀង​ក្នុង​រឿង​នេះ​ ត្រូវ​ច្រៀង​ថ្មី​ទាំង​អស់ ដោយ​រក្សា​ប៉ារ៉ូល​ចាស់​សរុប​ទាំង​អស់ ២០ បទ បូក​រួម​ទាំង​ការ​ស្មូត​ដោយ​អ្នក​ជំនាញ​ផង​ដែរ។

 

រឿង «ភក្តី​ស្នេហ៍​ទ្វេ​ភព» គ្រង​តំណែង​តួ​ឯក​ដោយ​លោក អ៊ុន សុទ្ធា ចាប់​ដៃគូ​ជាមួយ​តារា​សម្បុរ​ស្រអែម កញ្ញា មឿង សុផាណែត រួម​ជាមួយ​តារា​ល្បីៗ​ជា​ច្រើន​រូប​ទៀត ហើយ​ក៏​កំពុង​តែ​អង្រួន​ចិត្ត​ប្រិយមិត្ត​ទស្សនិក​ជន​ឲ្យ​ទន្ទឹង​រង់ចាំ​ទស្សនា​ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍ និង​មាន​ចាក់​ផ្សាយ​ជូន​ទស្សនា​រៀង​រាល់​ថ្ងៃ​ចន្ទ ដល់ ពុធ វេលា​ម៉ោង ៨:០០-៩:០០ យប់ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន៕

 

សូម​ទស្សនា​កិច្ច​សម្ភាស​ពិសេស៖

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024