ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ប្រុសស្អាត ទីង តុង បង្ហើបទំហំចំណូលរហូត៩០% បាត់បង់ដោយសារកូវីដ១៩ 

២៨ មេសា ២០២០ | កម្សាន្ដ

កម្មវិធី និងព្រឹត្តិការណ៍កម្សាន្តជាច្រើនត្រូវបានលុបចោល និង លើកពេល ដោយសារក្ដីបារម្ភ និងការចូលរួមបង្ការការរីករាលដាលជំងឺ កូវីដ១៩ ដែលបានធ្វើឲ្យសិល្បករសិល្បការនីមួយចំនួនធំ ធ្លាប់បានត្អូញត្អែលពីការបាត់បង់ប្រាក់ចំណូល។ ងាកទៅ ពិធីករសាច់ទ្រលុកទ្រលន់គួរឲ្យស្រលាញ់ ទីង តុង ឯនោះវិញ បានឲ្យដឹងដែរថា វិបត្តិកូវីដ១៩ បានជះឥទ្ធិពល ដល់ខ្លួនបាត់បង់ចំណូលពីវិស័យសិល្បៈរហូតដល់ ៩០% ឯណោះ។ 

 

 

ទីង តុង រៀបរាប់ថា ព្រោះតែកម្មវិធី និងព្រឹត្តិការណ៍កម្សាន្តសប្បាយៗជាច្រើនត្រូវបានផ្អាកជាបន្តបន្ទាប់ ដូច្នេះការងារពីធីករ និងតារាចម្រៀងក៏ត្រូវបាត់បង់ដូចគ្នា សូម្បីការងារច្រៀងភ្លេងការ តាមពិធីអាពាហ៍ពិពាហ៍ក៏ស្ងប់ស្ងាត់ណាស់ដែរ។

 

ពិធីរចិញ្ចើមខ្វង់រូបនេះ ឲ្យដឹងថា មួយរយៈមកនេះ លោកពឹងផ្អែកចំណូល ស្ទើរទាំងស្រុង លើការលក់ផលិតផលផ្សេងៗ តាមអនឡាញតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាមានការបាត់បង់កម្រៃខ្លះពី ការរំសាយរឺផ្អាកការប្រគុំតន្ត្រីក្ដី តែពិធីកររូបនេះក៏រីករាយ ព្រោះការផ្អាកសកម្មភាពកម្សាន្តទាំងនេះជាការ រក្សាសុវត្ថិភាព ពលរដ្ឋ ហើយជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមទប់ស្កាត់ ការរាតត្បាត កូវី១៩ សម្រាប់កម្ពុជា ក៏ដូចជា សកលលោក។

 


អំឡុងពេលនេះពិធីករ ទីង តុង បានយកពេលមកផលិតស្នាដៃចម្រៀងថ្មី ដែលដើម្បីត្រៀមបំពេរអារម្មណ៍ប្រិយមិត្ត។ ស្នាដៃទាំងនេះ រំពឹងនឹងចេញ នៅពេល កូវីដ១៩ មានស្ថានភាពធូរស្រាលទាំងស្រុង។ កាលបរិច្ឆេទជាក់ស្តែងពេលណានោះ គឺអ្នកសិល្បៈរូបនេះ នៅមិនទាន់អាចកំណត់បានឡើយ ប៉ុន្តែថែមទាំងបង្ហើបថា ត្រៀមបញ្ចេញស្នាដៃសម្តែងថ្មីៗ មកជាមួយផងដែរ។ 

 

បុរសសង្ហារ ទីង តុង ជាពិធីករកំពុងមានទីផ្សារខ្ពស់តាមកម្មវិធី ព្រឹត្តិការណ៍នានា។ មិនតែប៉ុណ្ណោះលោកក៏មានសមត្ថភាពពិសេស លើផ្នែកចម្រៀងប្រពៃណីផងដែរ ដោយលោកជាអ្នកច្រៀងភ្លេងការម្នាក់ដ៏មានប្រជាប្រិយភាព។ រីឯសមត្ថភាពសម្តែងវិញក៏មិនធម្មតាដែរ ប្រុសស្អាតរូបនេះ ទទួលការគាំទ្រខ្លាំងតាមរយៈវីដេអូដែលចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកកាលពីពេលកន្លងទៅ៕ 

 


 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា  

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024