ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ឥណ្ឌា ប្តេជ្ញាចិត្ត បន្តធ្វើការជាមួយនឹងកម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្ស នៅលើផ្នែកកងរក្សាសន្តិភាព

១១ សីហា ២០២០ | ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១០ ខែសីហានេះ បានអនុញ្ញាតឱ្យ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្ដីការគណៈរដ្ឋមន្ត្រី។ ក្នុងជំនួបនោះ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា បានបញ្ជាក់ថា ឥណ្ឌាមានការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការជាមួយនឹងកម្ពុជា បណ្តុះបណ្តាលធនធានមនុស្សនៅលើផ្នែកកងរក្សាសន្តិភាព និងកម្មវិធីជាច្រើនទៀត ក្នុងការពង្រឹងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ 

 


បើតាមលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានបញ្ជាក់ថា ប្រទេសឥណ្ឌា មានការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការជាមួយនឹងកម្ពុជា បណ្តុះបណ្តាលធនធានមនុស្ស នៅលើផ្នែកកងរក្សាសន្តិភាព និងកម្មវិធីជាច្រើនទៀតក្នុងការពង្រឹងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ ការបញ្ជាក់របស់លោកជំទាវដូចនេះ នៅជំនួបសម្តែងការគួរសមជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១០ ខែសីហានេះ នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

 


លោកជំទាវ បានបន្តថា ឥណ្ឌាបានតាំងចិត្តយ៉ាងខ្ពស់ដើម្បីសហការជាមួយនឹងកម្ពុជា ក្នុងកិច្ចការការពារជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការកងរក្សាសន្តិភាព ហើយខណៈពេលនេះ ប្រទេសឥណ្ឌាក៏កំពុងពិនិត្យពិភាក្សាចំពោះការស្នើសុំសុខនសម្រាប់ហិតគ្រឿងផ្ទុះ ដើម្បីផ្តល់ជូនដល់កម្ពុជាបន្ថែមទៀត ដែលមុននេះ ឥណ្ឌាបានផ្តល់ឲ្យចំនួន ១៥ក្បាល រួចមកហើយ ។

 


ជាការឆ្លើយតប សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក្រសួងការពារជាតិ និងស្ថានទូតឥណ្ឌា ដែលតែងតែមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការកសាងអភិវឌ្ឍន៍ជាតិកម្ពុជា ជាពិសេសការផ្តល់ជំនួយសុខនហិតមីន សម្ភារៈ និងការជួយបណ្តុះបណ្តាលធនធានមនុស្សដល់កងយោធពលខេមរភូមិន្ទ ជាពិសេសកងរក្សាសន្តិភាពកម្ពុជា។ 

 


គួរបញ្ជាក់ថា ក្រៅពីជួបសម្តែងការគួរសមជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងឱកាសនោះ លោកជំទាវ Manika Jain និងនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដើម្បីធ្វើលទ្ធកម្មសម្ភារៈដោះមីន ស្ថិតក្រោមអធិបតីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមនិងឯកឧត្តម នាយទាហានជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ និងមន្ត្រីស្ថានទូតឥណ្ឌាប្រចាំកម្ពុជាជាច្រើននាក់ទៀតផងដែរ៕

អត្ថបទ និងរូបភាព៖ សន រដ្ឋា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024