ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

អ៊ុក ប្រាថ្នា ថាបញ្ហាកំពស់មិនមែនជាឧបសគ្គធំក្នុងការលេងជាកីឡាករបាល់ទះអាជីពរបស់ខ្លួនទេ

២២ កក្កដា ២០២០ | កីឡា

សមាជិកក្លិបបាល់ទះវិសាខា អ៊ុក ប្រាថ្នា បានលើកឡើងថា បញ្ហាកំពស់មិនមែនជាឧបសគ្គធំក្នុងការរារាំងខ្លួន ដើម្បីក្លាយជាកីឡាករបាល់ទះអាជីពនោះទេ ដ្បិតខ្លួនលេងតួនាទីជា លីបេរ៉ូ ដែលផ្តោតសំខាន់លើការចាប់សឺវីស និង ការពារ ហើយតួនាទីនេះអ្នកដែលមានកំពស់ទាប មានអំណោយផលល្អ ដ្បិតមានភាពរហ័សរហួនផ្នែកផ្ទៃខាងក្រោម ។ បែបណាក្តីរូបគេបន្តថា ចំពោះផលលំបាកតែងតែមាននៅពេលហ្វឹកហាត់ ដ្បិតកម្លាំង និង កាយសម្បទាខ្សោយជាងមិត្តរួមក្រុមដែលមានមាឌធំៗជាងខ្លួន ។

 


ប្រាប់ដល់ភីអិនអិន កីឡាករដែលលេងតួនាទី លីបេរ៉ូ របស់វិសាខា អ៊ុក ប្រាថ្នា បានលើកឡើងពីបញ្ហាកំពស់របស់គេ ចំពោះការលេងបាល់ទះអាជីពជាមួយវិសាខា ថាពុំមានបញ្ហាខ្លាំងឥទ្ធិពលដល់ការលេងនោះទេ។


«បើសិនជាក្នុងការហ្វឹកហាត់ គឺមានផលលំបាកតិចតួច ដូចជាការលើកដុំដែក ការរត់ប្រណាំងអីជាដើមហ្នឹង កាយសម្បទាយើងតូចជាងគេ អញ្ចឹងលើកដុំដែកគឺលើកស្មើៗគ្នា ដូច្នេះយើងរាងធ្ងន់ជាងគេបន្តិច តែសម្រាប់ការចូលប្រកួតវិញ គឺមិនមានផលលំបាកអីទេ ព្រោះដោយសាររ៉ូលខ្ញុំ លេងលីបេរ៉ូ រ៉ូលហ្នឹងលេងតែចាប់សឺវីស និង ការពារ គឺអត់បានឆ្លងវៃគប់ដូចគេទេ ។ និយាយទៅរ៉ូលលីបេរ៉ូទាមទាអោយមានការចាប់សឺវីសរឹងមាំ ការពារនិងសឺវីសនិងដៃគូយើង ដើម្បីឡើងទៅម៉ាត់ ហើយការពារបាល់នៅពេលឡងពីបារាស់ និង ពេលគេវៃមកយើងការពារអោយបាន ។ ព្រោះដោយសាររ៉ូលហ្នឹង ជុំវិញពិភពលោកហើយ កំរនឹងមានកំពស់ខ្ពស់ណាស់ សុទ្ធតែកំពស់ទាបជាងដៃគូក្នុងក្រុមទាំងអស់ ដោយសារកំពស់ទាបមានភាពរហ័សរហួនផ្ទៃខាងក្រោម»។

 


យុវជនមានប្រភពនៅរាជធានីភ្នំពេញរូបនេះបន្ថែមថា បច្ចុប្បន្នកីឡាករដែលលេងតួនាទី លីបេរ៉ូ ក្នុងក្រុមមានច្រើន ហើយសុទ្ធតែមានសមត្ថភាពល្អៗ និង តែងតែជាប់ក្នុងជម្រើសលេងសម្រាប់ក្រុមជានិច្ច ។ បែបណាក្តីរូបគេមិនបោះបង់ក្តីស្រមៃនោះទេ ដោយមានតែការខិតខំប្រឹងប្រែងបន្តអភិវឌ្ឍខ្លួន ដើម្បីមានឱកាសលេងបានច្រើនក្នុងក្រុម។

 


គួរបញ្ជាក់ អ៊ុក ប្រាថ្នា មានកំពស់ ១.៧០ ម៉ែត្រ មានវ័យ២១ឆ្នាំ ។ ដោយចិត្តស្រលាញ់ រូបគេផ្តើមធ្វើតេស្ត និង ហ្វឹកហាត់បាល់ទះអាជីពជាមួយក្លិបបាល់ទះវិសាខា នៅឆ្នាំ២០១៨ ក្នុងគោលបំណងចង់ក្លាយជាកីឡាករបាល់ទះអាជីព៕

អត្ថបទ និងរូបភាព៖ រ៉េត ស្តាលីន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024